លោកុប្បត្តិ 2

2
1គឺយ៉ាងនេះឯង​ដែល​បណ្ដាមេឃ និង​ផែនដី ព្រមទាំង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ត្រូវបាន​បង្កើត​ចប់សព្វគ្រប់​។ 2នៅ​ថ្ងៃ​ទីប្រាំពីរ ព្រះ​បាន​បញ្ចប់​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ហើយ​នៅ​ថ្ងៃ​ទីប្រាំពីរ​នោះ ព្រះអង្គ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ធ្វើ​។ 3ដូច្នេះ ព្រះ​បាន​ប្រទានពរ​ថ្ងៃ​ទីប្រាំពីរ ហើយ​ញែក​ថ្ងៃនោះ​ជាវិសុទ្ធ ដ្បិត​នៅ​ថ្ងៃនោះ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត និង​ធ្វើ​។
សួនអេដែន
4នេះ​ជា​ដើមកំណើត​របស់​បណ្ដាមេឃ និង​ផែនដី នៅគ្រា​ដែល​ត្រូវបាន​និម្មិតបង្កើត គឺ​នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​ផែនដី និង​បណ្ដាមេឃ 5នោះ​មិនទាន់​មាន​គុម្ពោត​ណាមួយ​តាម​ទីវាល​នៅលើ​ផែនដី​នៅឡើយទេ ហើយក៏​មិនទាន់​មាន​តិណជាតិ​ណាមួយ​ដុះឡើង​តាម​ទីវាល​នៅឡើយ​ដែរ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មិន​បាន​បង្អុរភ្លៀង​មកលើ​ផែនដី ហើយក៏​គ្មាន​មនុស្ស​ភ្ជួររាស់​ដី​ដែរ 6គឺ​មាន​អ័ព្ទ​ឡើង​ពី​ដី​មក​ស្រោចស្រព​ផ្ទៃ​ផែនដី​ទាំងមូល​វិញ​។ 7ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​សូន​មនុស្ស​ពី​ធូលី​ដី ហើយ​ផ្លុំ​ខ្យល់ដង្ហើម​នៃ​ជីវិត​ចូលក្នុង​រន្ធច្រមុះ​របស់គេ នោះ​មនុស្ស​ក៏​បានជា​អ្នក​មានជីវិត#2:7 មនុស្ស​ក៏បានជាអ្នក​មាន​ជីវិត​―ន័យត្រង់គឺ “មនុស្ស​ក៏បានជាព្រលឹងមានជីវិត”។​។
8បន្ទាប់មក ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើ​សួន​មួយ​នៅ​អេដែន​ដែល​នៅ​ទិសខាងកើត ហើយ​ដាក់​មនុស្ស​ដែល​ព្រះអង្គ​បាន​សូន​ឲ្យនៅ​ទីនោះ​។ 9ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើឲ្យ​ដើមឈើ​គ្រប់ប្រភេទ​ដែល​មាន​រូបរាង​ទាក់ទាញ និង​ល្អ​សម្រាប់​ជា​អាហារ ដុះ​ចេញពី​ដី​មក​។ មាន​ដើមឈើ​នៃ​ជីវិត និង​ដើមឈើ​ដឹង​ល្អអាក្រក់ នៅកណ្ដាល​សួន​នោះ​ដែរ​។
10មាន​ទន្លេ​មួយ​ហូរចេញ​ពី​អេដែន​មក​ស្រោចស្រព​សួន​នោះ ហើយ​ពី​ទីនោះ​វា​បែក​ជា​បួន​មុខ​។ 11ទន្លេ​ទីមួយ​ឈ្មោះ​ពិសុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធជុំវិញ​ដែនដី​ហាវីឡា​ទាំងមូល ជា​កន្លែង​ដែល​មាន​មាស 12ហើយ​មាស​របស់​ស្រុក​នោះ​ល្អ ក៏​មាន​ជ័រប្ដេលាម និង​ត្បូងផ្កាយ​នៅ​ទីនោះ​ដែរ​។ 13ទន្លេ​ទីពីរ​ឈ្មោះ​គីហុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធជុំវិញ​ដែនដី​គូស​ទាំងមូល​។ 14ទន្លេ​ទីបី​ឈ្មោះ​ទីគ្រីស ជា​ទន្លេ​ដែល​ហូរ​នៅ​ទិសខាងកើត​អាស្ស៊ីរី ហើយ​ទន្លេ​ទីបួន​គឺ​ទន្លេអ៊ើប្រាត​។
15ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​យក​មនុស្ស ហើយ​ដាក់​គេ​ក្នុង​សួន​អេដែន​ឲ្យ​ភ្ជួររាស់ និង​ថែ​សួននោះ​។ 16ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​បង្គាប់​មនុស្ស​ថា​៖ “អ្នក​អាច​ហូប​ពី​ដើមឈើ​ទាំងអស់​ក្នុង​សួន​នេះ​ដោយសេរី​បាន 17លើកលែងតែ​ពី​ដើមឈើ​ដឹង​ល្អអាក្រក់ គឺ​កុំ​ហូប​ពី​វា​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​ហូប​ពី​វា អ្នក​មុខជាស្លាប់មិនខាន”។ 18ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មនុស្ស​នៅ​តែម្នាក់ឯង​មិន​ល្អ​ទេ យើង​នឹង​បង្កើត​អ្នកជំនួយ​ម្នាក់​សម្រាប់​គេ ដែល​សម​នឹង​គេ”។ 19ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​សូន​ពី​ដី​នូវ​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល និង​បក្សាបក្សី​គ្រប់ប្រភេទ​នៅលើអាកាស ហើយ​នាំមក​ឯ​មនុស្ស ដើម្បីឲ្យ​ឃើញថា​គាត់​នឹង​ហៅ​ពួកវា​យ៉ាងដូចម្ដេច​។ ដូច្នេះ អ្វីក៏ដោយ​ដែល​មនុស្ស​បាន​ហៅ​សត្វមានជីវិត នោះក៏ទៅជា​ឈ្មោះ​របស់វា​។ 20មនុស្ស​បាន​ដាក់ឈ្មោះ​ឲ្យ​សត្វស្រុក​គ្រប់ប្រភេទ បក្សាបក្សីនៅលើអាកាស និង​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល​។ ប៉ុន្តែ​សម្រាប់​អ័ដាម គាត់​រក​អ្នកជំនួយ​ដែល​សម​នឹង​គាត់​មិនបានឡើយ​។ 21ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើឲ្យ​ការលង់លក់​ធ្លាក់​មកលើ​មនុស្ស នោះ​គាត់​ក៏​ដេកលក់ រួច​ព្រះអង្គ​ទ្រង់​យក​ឆ្អឹងជំនីរ​មួយ​របស់គាត់​ចេញ ហើយ​ភ្ជិត​សាច់​ជំនួស​វា​វិញ​។ 22បន្ទាប់មក ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​មនុស្សស្រី​ម្នាក់​ពី​ឆ្អឹងជំនីរ​ដែល​ព្រះអង្គ​បាន​យកចេញ​ពី​មនុស្ស​នោះ ហើយ​នាំ​នាង​មក​ឯ​មនុស្ស​នោះ​។ 23មនុស្ស​នោះ​ក៏​និយាយថា​៖ “លើក​នេះ ទើបជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ​! ម្នាក់នេះ​ត្រូវ​ហៅថា ‘ស្ត្រី’ ពីព្រោះ​នាង​ត្រូវបាន​យកចេញ​ពី​បុរស”។ 24ហេតុនេះហើយបានជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ​របស់ខ្លួន ហើយ​ត្រូវបានភ្ជាប់​នឹង​ប្រពន្ធ​របស់ខ្លួន រួច​អ្នកទាំងពីរ​នឹង​បានជា​រូបកាយ​មួយ​។ 25កាលនោះ ពួកគេ​ទាំង​ពីរ​នៅ​ខ្លួនទទេ គឺ​មនុស្ស និង​ប្រពន្ធ​របស់គាត់ ប៉ុន្តែ​ពួកគេ​មិន​អៀនខ្មាស​ឡើយ​៕

Kleurmerk

Deel

Kopieer

None

Wil jy jou kleurmerke oor al jou toestelle gestoor hê? Teken in of teken aan