លូកា 22
22
ការឃុបឃិតចាប់ណាពីអ៊ីសា
1ពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាបុណ្យរំលងនោះ កាន់តែជិតដល់ហើយ 2ពួកអ៊ីម៉ាំ និងពួកតួន រិះរកមធ្យោបាយសម្លាប់អ៊ីសា ដ្បិតគេខ្លាចប្រជាជន។ 3ពេលនោះអ៊ីព្លេសហ្សៃតនបានចូលយូដាសហៅអ៊ីស្ការីយ៉ុតជាសិស្សម្នាក់ ក្នុងក្រុមទាំងដប់ពីរនាក់។ 4យូដាសបានទៅពិគ្រោះជាមួយពួកអ៊ីម៉ាំ និងមេក្រុមរក្សាម៉ាស្ជិទ អំពីឧបាយកលដែលត្រូវបញ្ជូនអ៊ីសាទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ 5លោកទាំងនោះសប្បាយចិត្ដណាស់ ហើយព្រមព្រៀងគ្នាសន្យាថា នឹងឲ្យប្រាក់គាត់។ 6យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់អ៊ីសា មិនឲ្យបណ្ដាជនដឹងឡើយ។
ណាពីអ៊ីសាឲ្យគេរៀបចំធ្វើបុណ្យរំល
7លុះដល់ថ្ងៃបុណ្យនំបុ័ងឥតម ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើគូរបាន សម្រាប់បុណ្យរំលង 8អ៊ីសាបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅមុន ដោយមានប្រសាសន៍ថា៖ «ចូរទៅរៀបចំពិធីជប់លៀង សម្រាប់យើងនៅក្នុងពេលបុណ្យរំលង»។ 9អ្នកទាំងពីរសួរអ៊ីសាថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំជប់លៀង នៅកន្លែងណា?»។ 10អ៊ីសាឆ្លើយថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល 11ហើយនិយាយនឹងម្ចាស់ផ្ទះថា “តួនចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលតួននឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យរំលង នៅឯណា?”។ 12ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យរំលងនៅក្នុងបន្ទប់នោះចុះ»។ 13អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញ ដូចអ៊ីសាមានប្រសាសន៍ប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យរំលង។
ពិធីជប់លៀងរបស់អ៊ីសាជាអម្ចាស់
14លុះដល់ពេលកំណត់ហើយ អ៊ីសាក៏រួមតុជាមួយក្រុមសាវ័ក 15អ៊ីសាមានប្រសាសន៍ថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាណាស់!។ 16ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យរំលងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងនគរអុលឡោះ»។ 17អ៊ីសាយកពែងមួយមកកាន់ ហើយអរគុណអុលឡោះ រួចគាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ 18ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែនគរអុលឡោះមកដល់»។ 19បន្ទាប់មក អ៊ីសាយកនំបុ័ងមកកាន់ អរគុណអុលឡោះ រួចគាត់កាច់ឲ្យគេទាំងមានប្រសាសន៍ថា៖ «នេះជារូបកាយខ្ញុំដែលត្រូវធ្វើជាគូរបាន សម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករំឭកដល់ខ្ញុំ»។ 20លុះជប់លៀងរួចហើយ អ៊ីសាធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងមានប្រសាសន៍ថា៖ «នេះជាពែងនៃសម្ពន្ធមេត្រថ្មីចងឡើង ដោយសារឈាមខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ 21ប៉ុន្តែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ 22បុត្រាមនុស្សត្រូវតែស្លាប់ តាមអុលឡោះបានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រាមនុស្ស មុខជាត្រូវវេទនាពុំខាន»។ 23ពេលនោះ ពួកសិស្សសួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្ដដូច្នេះ។
អ្នកធំត្រូវបម្រើអ្នកតូច
24ខណៈនោះពួកសាវ័កជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ 25អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ដ្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ 26រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។ 27អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតា អ្នកអង្គុយតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅកណ្ដាលចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។ 28គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ 29ហេតុនេះហើយបានជាខ្ញុំប្រគល់នគរឲ្យអ្នករាល់គ្នា ដូចអុលឡោះជាបិតាបានប្រគល់មកឲ្យខ្ញុំដែរ។ 30ក្នុងនគររបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែល»។
ណាពីអ៊ីសាមានប្រសាសន៍អំពីពេត្រុសបដិសេធមិនស្គាល់គាត់
31«ស៊ីម៉ូន! ស៊ីម៉ូនអើយ! អ៊ីព្លេសហ្សៃតនបានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ 32ប៉ុន្តែ ខ្ញុំបានអង្វរអុលឡោះ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្ដមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។ 33ពេត្រុសជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ខ្ញុំសុខចិត្ដទៅជាមួយលោកម្ចាស់រហូត»។ 34អ៊ីសាឆ្លើយទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35បន្ទាប់មក អ៊ីសាសួរសិស្សថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេឆ្លើយថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។ 36អ៊ីសាប្រាប់ទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាម ក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួន ទិញដាវមួយទៅ។ 37ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគីតាបមានចែងទុកអំពីខ្ញុំថា“គេបានរាប់គាត់ទុកដូចជាអ្នកមានទោសឧក្រិដ្ឋ”។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគីតាប»។ 38ពួកសិស្សសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! យើងមានដាវពីរ»។ អ៊ីសាឆ្លើយវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។
ណាពីអ៊ីសាទូរអានៅលើភ្នំដើមអូលីវ
39អ៊ីសាចេញពីផ្ទះនោះ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់គាត់ សិស្សក៏នាំគ្នាតាមអ៊ីសាទៅដែរ។ 40កាលទៅដល់ហើយ អ៊ីសាប្រាប់ទៅគេថា៖ «ចូរទូរអ កុំឲ្យចាញ់ការល្បួងឡើយ»។ 41បន្ទាប់មក អ៊ីសាទៅឆ្ងាយពីពួកសិស្ស ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ អ៊ីសាលុតជង្គង់ចុះទូរអាថា៖ 42«ឱអុលឡោះជាបិតាអើយ! ប្រសិនបើទ្រង់គាប់ចិត្ត សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីខ្ញុំទៅ។ ប៉ុន្តែ សូមកុំឲ្យសម្រេចតាមចិត្ដខ្ញុំឡើយ គឺឲ្យសម្រេចតាមបំណងរបស់ទ្រង់វិញ»។ 43ពេលនោះ មានម៉ាឡាអ៊ីកាត់មួយរូបចុះពីសូរ៉កមក ឲ្យអ៊ីសាឃើញ ដើម្បីលើកទឹកចិត្ដគាត់។ 44អ៊ីសាព្រួយអន្ទះអន្ទែងពន់ប្រមាណ អ៊ីសាសូមអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់គាត់ ដូចជាតំណក់ឈាមស្រក់ចុះដល់ដី។ 45កាលអ៊ីសាទូរអារួចហើយ គាត់ក្រោកឡើងត្រឡប់ទៅរកពួកសិស្ស ឃើញគេកំពុងដេកលក់ ដោយព្រួយចិត្ដ។ 46អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងទូរអ កុំឲ្យចាញ់ការល្បួង»។
គេចាប់ណាពីអ៊ីសា
47នៅពេលអ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែបណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសិស្សម្នាក់ ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូលមកជិតអ៊ីសា ហើយថើបអ៊ីសា។ 48អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រាមនុស្សឬអី?»។ 49ពួកអ្នកនៅជាមួយអ៊ីសា ឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។ 50សិស្សម្នាក់បានកាប់អ្នកបម្រើរបស់មូស្ទមួយដាវដាច់ស្លឹកត្រចៀកស្ដាំ។ 51អ៊ីសាមានប្រសាសន៍ថា៖ «ប៉ុណ្ណឹងបានហើយ!»។ អ៊ីសាក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឲ្យបានជាដូចដើមវិញ។ 52បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅពួកអ៊ីម៉ាំ មេក្រុមរក្សាម៉ាស្ជិទ និងពួកអះលីជំអដែលមកចាប់គាត់នោះថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។ 53ខ្ញុំនៅក្នុងម៉ាស្ជិទជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។
ពេត្រុសបដិសេធមិនស្គាល់ណាពីអ៊ីសា
54ពួកគេចាប់អ៊ីសា បណ្ដើរនាំចូលទៅក្នុងដំណាក់របស់មូស្ទ។ ពេត្រុសដើរតាមអ៊ីសាពីចម្ងាយ។ 55គេបានដុតភ្លើងនៅកណ្ដាលទីលាន ហើយអង្គុយជុំវិញ ពេត្រុសក៏អង្គុយនៅកណ្ដាលចំណោមពួកគេដែរ។ 56ស្ដ្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ហើយនិយាយថា៖ «ម្នាក់នេះជាបក្សពួករបស់អ៊ីសា!»។ 57ពេត្រុសប្រកែកថា៖ «ទេនាងអើយ! ខ្ញុំមិនដែលស្គាល់គាត់ទេ»។ 58មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏ពោលថា៖ «អ្នកឯងជាបក្សពួកគាត់ដែរ»។ ពេត្រុសឆ្លើយទៅអ្នកនោះថា៖ «ទេ! មិនមែនខ្ញុំទេ!»។ 59ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់អ៊ីសាមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។ 60ពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ 61អ៊ីសាជាអម្ចាស់បែរមុខមើលមកពេត្រុស។ ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ 62ពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
គេវាយដំជេរប្រមាថណាពីអ៊ីសា
63ពួកអ្នកយាមអ៊ីសាចំអកដាក់អ៊ីសា ហើយវាយតប់គាត់ផង។ 64គេយកក្រណាត់គ្របមុខអ៊ីសាហើយសួរថា៖ «ទាយមើល៍ អ្នកណាវាយឯង?»។ 65រួចគេជេរប្រមាថអ៊ីសាជាច្រើនថែមទៀតផង។
ណាពីអ៊ីសានៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
66លុះព្រឹកឡើង ពួកអះលីជំអរបស់ប្រជាជនពួកអ៊ីម៉ាំ និងពួកតួនជួបជុំគ្នា បង្គាប់ឲ្យគេនាំអ៊ីសាចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពសរបស់គេ។ 67ពួកគេសួរអ៊ីសាថា៖ «ប្រាប់យើងមកមើល៍ តើអ្នកជាអាល់ម៉ាហ្សៀសឬ?»។ អ៊ីសាឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោកក៏អស់លោកពុំជឿខ្ញុំ 68ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ 69ប៉ុន្តែ អំណើះតទៅ បុត្រាមនុស្សនឹងអង្គុយ នៅខាងស្ដាំអុលឡោះដ៏មានអំណាច»។ 70ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាបុត្រារបស់អុលឡោះឬ?»។ អ៊ីសាឆ្លើយថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ 71គេក៏និយាយឡើងថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្ដង!»។
المحددات الحالية:
លូកា 22: អគត
تمييز النص
شارك
نسخ
هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
© 2014 United Bible Societies, UK.