លូកា 24

24
ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
(ម៉ាថាយ ២៨.១-១០ ម៉ាកុស ១៦.១-៨ យ៉ូហាន ២០.១-២០)
1នៅ​ថ្ងៃ​អាទិត្យ ពេល​ព្រលឹម​ស្រាងៗ ស្ត្រីៗ​នាំ​គ្នា​ទៅ​ផ្នូរ ដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀបចំ​ទុក​ទៅ​ជា​មួយ​ផង។ 2ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ។ 3នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរ តែ​ពុំ​ឃើញ​ព្រះ‌សព​របស់​ព្រះ‌អម្ចាស់​យេស៊ូ​ទេ។ 4ស្ត្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច មក​ឈរ​ជិត​នាង។ 5នាង​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ឱន​មុខ​ចុះ។ បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ? 6 [ព្រះអង្គ​មិន​គង់​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ]។ ចូរ​នឹក​ចាំ​អំពី​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលី‌ឡេ​ថា 7“បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​ព្រះអង្គ តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ” »។ 8ពួក​នាង​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ។ 9ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។ 10ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប។ ស្ត្រី​ឯ​ទៀតៗ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុ‌ការណ៍​ប្រាប់​ក្រុម​សាវ័ក​ដែរ 11ពួក​គេ​ពុំ​ជឿ​ពាក្យ​សម្ដី​នាង​ទេ ព្រោះ​គេ​ថា នាង​ទាំង​នោះ​និយាយ​រឿង​ផ្ដេស‌ផ្ដាស។ 12ប៉ុន្តែ លោក​ពេត្រុស​ស្ទុះ​រត់​ទៅ​ផ្នូរ គាត់​ឱន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះ‌សព​ប៉ុណ្ណោះ គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។
សិស្ស​ពីរ​នាក់​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេ‌ម៉ោស
(ម៉ាកុស ១៦.១២-១៣)
13នៅ​ថ្ងៃ​ដដែល​នោះ មាន​សិស្ស*​ពីរ​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ោស ចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ 14គេ​និយាយ​គ្នា​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។ 15នៅ​ពេល​ដែល​គេ​កំពុង​តែ​ពិភាក្សា​គ្នា ព្រះ‌យេស៊ូ​យាង​មក​ជិត​គេ ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។ 16គេ​ឃើញ​ព្រះ‌យេស៊ូ​ផ្ទាល់​នឹង​ភ្នែក តែ​គេ​មិន​អាច​ស្គាល់​ព្រះអង្គ​ឡើយ។ 17ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ តើ​និយាយ​គ្នា​អំពី​រឿង​អ្វី​ហ្នឹង?»។ គេ​ក៏​ឈប់​ដើរ ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។ 18ម្នាក់​ឈ្មោះ​ក្លេវ‌ប៉ាស ទូល​ព្រះអង្គ​ថា៖ «ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ដឹង​ហេតុ‌ការណ៍ ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់ៗ​គ្នា ម្ដេច​ក៏​លោក​មិន​ដឹង?»។ 19ព្រះអង្គ​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ទូល​ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ ព្រះ‌ជាម្ចាស់ និង​ប្រជា‌ជន​ទាំង​មូល ទទួល​ស្គាល់​ថា លោក​ជា​ព្យាការី*​មាន​ឫទ្ធា‌នុភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​បាន​ធ្វើ និង​គ្រប់​ពាក្យ​សម្ដី​ដែល​លោក​បាន​ថ្លែង។ 20ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ទៅ​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​គេ​ឆ្កាង​លោក​ផង។ 21យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។ 22មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង គឺ​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម 23តែ​មិន​បាន​ឃើញ​សព​លោក​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ទេវតា*​មក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។ 24មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ»។ 25ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ! អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ពួក​ព្យាការី​បាន​ថ្លែង​សោះ!។ 26ព្រះ‌គ្រិស្ត*​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុងរឿង​របស់​ព្រះអង្គ»។ 27បន្ទាប់​មក ព្រះ‌យេស៊ូ​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ*​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់។
28លុះ​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះ‌យេស៊ូ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បន្ត​ទៅ​មុខ​ទៀត។ 29គេ​ឃាត់​ព្រះអង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» ព្រះ‌យេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។ 30ព្រះអង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​កាច់​ប្រទាន​ឲ្យ​គេ។ 31ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះអង្គ​ស្គាល់ ប៉ុន្តែ ព្រះអង្គ​បាត់​ពី​មុខ​គេ​ទៅ។ 32គេ​និយាយ​គ្នា​ថា៖ «កាល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​ឲ្យ​យើង​ស្ដាប់ នៅ​តាម​ផ្លូវ យើង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង!»។ 33គេ​ក៏​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ភ្លាម ឃើញ​ក្រុម​សិស្ស*​ទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា​ជា​មួយ​ពួក​គេ​ឯ​ទៀតៗ 34គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពិត​ប្រាកដ​មែន ហើយ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ស៊ីម៉ូន​ឃើញ!»។ 35សិស្ស​ទាំង​ពីរ​នាក់​រៀប​រាប់​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ ហើយ​គេ​បាន​ស្គាល់​ព្រះអង្គ​នៅ​ពេល​ព្រះអង្គ​កាច់​នំប៉័ង។
ពួក​សិស្ស​បាន​ឃើញ​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៨.១៦-២០ ម៉ាកុស ១៦.១៤-១៨ យ៉ូហាន ២០.១៩-២៣ កិច្ចការ ១.៦-៨)
36នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់​កំពុង​តែ​និយាយ​រៀប​រាប់ ព្រះ‌អម្ចាស់​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត»។ 37គេ​ភ័យ​តក់‌ស្លុត ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​ថា​ខ្មោច​លង។ 38ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រន្ធត់​ចិត្ត​ដូច្នេះ? ម្ដេច​ក៏​អ្នក​រាល់​គ្នា​នៅ​សង្ស័យ? 39ចូរ​មើល​ដៃ​ជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន! ចូរ​ស្ទាប​មើល៍ ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ»។ 40ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ក៏​បង្ហាញ​ព្រះ‌ហស្ដ និង​ព្រះ‌បាទា​ឲ្យ​គេ​ឃើញ។ 41សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។ 42គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ថ្វាយ​ព្រះអង្គ 43ព្រះអង្គ​ទទួល​យក ហើយ​សោយ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ 44បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ ក្នុង​គម្ពីរ‌វិន័យ*​របស់​លោក​ម៉ូសេ ក្នុង​គម្ពីរ​ព្យាការី* និង​ក្នុង​គម្ពីរ​ទំនុកតម្កើង * ត្រូវ​តែ​កើត​មាន»។ 45ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​ឲ្យ​យល់​អត្ថ‌ន័យ​គម្ពីរ 46ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន គឺ​ព្រះ‌គ្រិស្ត*​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ 47អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ក្នុង​ព្រះ‌នាម​ព្រះអង្គ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។ 48អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។ 49 ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ រហូត​ដល់​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឫទ្ធា‌នុភាព»។
ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ
(ម៉ាកុស ១៦.១៩-២០ កិច្ចការ ១.៩-១១)
50 បន្ទាប់​មក ព្រះ‌យេស៊ូ​នាំ​ពួក​សិស្ស*​ចេញ​ពី​ទីក្រុង​ទៅ​ភូមិ​បេតថា‌នី។ ពេល​ទៅ​ដល់ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។ 51នៅ​ពេល​ដែល​ព្រះអង្គ​កំពុង​តែ​ប្រទាន​ពរ ព្រះ‌ជាម្ចាស់​លើក​យក​ព្រះអង្គ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរម‌សុខ*។ 52ក្រោយ​ពី​បាន​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​រួច​ហើយ គេ​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ប្រកប​ដោយ​អំណរ​ដ៏​លើស‌លុប។ 53គេ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ជានិច្ច​និរន្តរ៍។

Цяпер абрана:

លូកា 24: គខប

Пазнака

Падзяліцца

Капіяваць

None

Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце