ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ
ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ
ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ
ព្រះអង្គបានចាត់ខ្ញុំឲ្យមក
ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង
និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ
ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ
ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ
និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក
ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក
នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ
ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ
ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ
ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់
ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត
គឺជាដើមដែលព្រះយេហូវ៉ាបានដាំ
មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។