YouVersion Logo
Search Icon

១ កូរិន‌ថូស 15

15
1បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង 2អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ ដោយ‌សារ​ដំណឹង​ល្អ​នោះ​ផង គឺ​បើ​សិន​ជា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់​មក លើក​តែ​អ្នក​រាល់​គ្នា​បាន​ជឿ ដោយ​ឥត​បើ​គិត 3ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ 4ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ 5ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ 6ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់​ទៅ​ហើយ 7ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​យ៉ាកុប​ឃើញ ក៏​ឲ្យ​ពួក​សាវក​ទាំង​អស់​គ្នា​ឃើញ​ដែរ 8រួច​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ជា​ខាង​ក្រោយ​គេ​បង្អស់ ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ 9ដ្បិត​ក្នុង​បណ្តា​ពួក​សាវក នោះ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​គួរ​នឹង​ហៅ​ខ្ញុំ​ជា​សាវក​ផង​ទេ ពី​ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ដល់​ពួក​ជំនុំ​នៃ​ព្រះ 10ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​ទេ ហើយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះ‌គុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ 11ដូច្នេះ ទោះ​បើ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី គង់​តែ​យើង​ផ្សាយ​ដំណឹង​បែប​យ៉ាង​នោះ ក៏​យ៉ាង​នោះ​ឯង ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។
12បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ 13បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ 14ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ 15ឈ្មោះ​ថា​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​ពី​ព្រះ​វិញ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​ថា ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ឡើង​វិញ​ហើយ តែ​បើ​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ប្រាកដ​ជា​ទ្រង់​មិន​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ឡើង​វិញ​ពិត 16ដ្បិត​បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​ដែរ 17ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ 18ហើយ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះ‌គ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ 19បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះ‌គ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។
20តែ​ឥឡូវ​នេះ ព្រះ‌គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ 21ដ្បិត​ដែល​សេចក្ដី​ស្លាប់​បាន​មក​ដោយ‌សារ​មនុស្ស នោះ​សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ‌សារ​មនុស្ស​ដែរ 22ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ 23តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក 24គ្រា​នោះ​បាន​ដល់​ចុង​បំផុត​ហើយ ជា​វេលា​ដែល​ទ្រង់​នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​ទៅ​វិញ ក្រោយ​ដែល​ទ្រង់​បាន​ទំលាក់​អស់​ទាំង​រាជ្យ នឹង​អំណាច ហើយ​នឹង​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ 25ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ ទាស់​តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ 26ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់ 27ពី​ព្រោះ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់​ហើយ តែ​ដែល​ថា បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នោះ​ច្បាស់​ជា​មិន​និយាយ​ពី​ព្រះ ដែល​បង្ក្រាប​គ្រប់​របស់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​នោះ​ទេ 28ហើយ​កាល​ណា​ទ្រង់​បាន​បង្ក្រាប​គ្រប់​របស់​ទាំង​អស់​នៅ​ក្រោម​ទ្រង់ នោះ​ព្រះ‌រាជ‌បុត្រា​នោះ​ឯង ក៏​នឹង​ត្រូវ​ក្រាប​ក្រោម​ព្រះ ដែល​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​ដែរ ដើម្បី​ឲ្យ​ព្រះ​បាន​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់។
29ពុំ​នោះ ពួក​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់ នឹង​ធ្វើ​ដូច​ម្តេច បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់​ធ្វើ​អី 30ហេតុ​អ្វី​បាន​ជា​យើង​មាន​សេចក្ដី​អន្តរាយ​រាល់​ពេល​រាល់​វេលា​ដែរ 31ខ្ញុំ​ស្បថ​ដោយ​នូវ​សេចក្ដី​អំនួត ដែល​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ថា ខ្ញុំ​ស្លាប់​រាល់​តែ​ថ្ងៃ 32បើ​សិន​ជា​ខ្ញុំ​បាន​ត‌យុទ្ធ​នឹង​សត្វ​ព្រៃ នៅ​ក្រុង​អេភេសូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ បើ​សិន​ណា​ជា​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ 33កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួក‌ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ 34ចូរ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ខាង​ឯ​សេចក្ដី​សុចរិត​ចុះ កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​ថា​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស។
35មុខ​ជា​នឹង​មាន​អ្នក​ណា​មួយ​សួរ​ថា ឯ​ពួក​មនុស្ស​ស្លាប់ នឹង​រស់​ឡើង​វិញ​យ៉ាង​ណា តើ​មក​វិញ​មាន​រូប‌កាយ​ដូច​ម្តេច 36ឱ​មនុស្ស​កំឡៅ​អើយ គ្រាប់​ពូជ​ដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់ នោះ​មិន​ពន្លក​ដុះ​ឡើង​ទេ 37ហើយ​គ្រាប់​ដែល​អ្នក​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ពន្លក​ឡើង​នោះ​ដែរ គឺ​ជា​គ្រាប់​សុទ្ធ ដូច​ជា​គ្រាប់​ស្រូវ ឬ​ពូជ​ណា​ទៀត​ក្តី 38តែ​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ តាម​ព្រះ‌ហឫទ័យ​ទ្រង់ 39គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​១​របស់​មនុស្ស ១​របស់​សត្វ ១​របស់​ត្រី ហើយ​១​របស់​សត្វ​ហើរ 40ក៏​មាន​រូប‌កាយ​សំរាប់​ស្ថាន‌សួគ៌ ហើយ​មាន​រូប‌កាយ​សំរាប់​ផែនដី​ដែរ តែ​សិរី​របស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ នឹង​របស់​រូប‌កាយ​នៅ​ផែនដី​នោះ​ទីទៃ​ពី​គ្នា 41ឯ​ព្រះ‌អាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ ព្រះ‌ចន្ទ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ ហើយ​ផ្កាយ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ សូម្បី​តែ​ផ្កាយ​ទាំង​ប៉ុន្មាន​សោត ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ 42សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​កប់​ទៅ ជា​រូប‌កាយ ដែល​ពុក‌រលួយ តែ​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក‌រលួយ​ឡើយ 43បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​អាប់‌ឱន តែ​រស់​ឡើង​វិញ ទាំង​មាន​សិរី‌ល្អ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​កំសោយ តែ​រស់​ឡើង​វិញ ទាំង​មាន​ព្រះ‌ចេស្តា 44បាន​កប់​ទៅ ជា​រូប‌កាយ ខាង​សាច់​ឈាម តែ​រស់​ឡើង ជា​រូប‌កាយ​ខាង​វិញ្ញាណ​វិញ បើ​មាន​រូប‌កាយ ខាង​សាច់​ឈាម នោះ​ក៏​មាន​រូប‌កាយ ខាង​វិញ្ញាណ​ដែរ 45ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក ពី​លោក​អ័ដាម ដែល​ជា​មនុស្ស​មុន​ដំបូង​ថា «បាន​ត្រឡប់​ជា​មាន​ព្រលឹង​រស់» តែ​លោក​អ័ដាម​ក្រោយ​បង្អស់ ជា​វិញ្ញាណ​ដ៏​ប្រោស​ឲ្យ​រស់​វិញ 46ឯ​វិញ្ញាណ​មិន​មែន​កើត​មុន​ទេ គឺ​ជា​រូប​សាច់​ទេ​តើ រួច​ទើប​មាន​វិញ្ញាណ​ជា​ខាង​ក្រោយ 47មនុស្ស​មុន​ដំបូង​កើត​មក​ពី​ដី គឺ​ធ្វើ​មក​ពី​ធូលី​ដី តែ​មនុស្ស​ទី​២ ជា​ព្រះ‌អម្ចាស់​ដែល​ចេញ​មក​ពី​ស្ថាន‌សួគ៌​វិញ 48ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌អម្ចាស់ ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ ជា​យ៉ាង​ណា ពួក​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ 49យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះ‌អម្ចាស់​ពី​ស្ថាន‌សួគ៌ ដូច​ជា​យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ 50បង​ប្អូន​អើយ សេចក្ដី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ ហើយ​សេចក្ដី​ពុក‌រលួយ​ក៏​ពុំ​អាច​នឹង​គ្រង​សេចក្ដី ដែល​មិន​ចេះ​ពុក‌រលួយ​បាន​ដែរ។
51នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាថ៌‌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ 52តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច‌ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក‌រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ 53ដ្បិត​ត្រូវ​តែ​រូប‌កាយ​ដ៏​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ​វិញ ហើយ​រូប‌កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ​ដែរ 54កាល​ណា​រូប‌កាយ​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ ហើយ​រូប‌កាយ​ដែល​តែង‌តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ នោះ​ទើប​នឹង​បាន​សំរេច​តាម​ពាក្យ ដែល​ចែង​ទុក​មក​ថា «សេចក្ដី​ជ័យ‌ជំនះ​បាន​លេប​សេចក្ដី​ស្លាប់​បាត់​ហើយ» 55«ឱ​សេចក្ដី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា សេចក្ដី​ស្លាប់​អើយ ជ័យ‌ជំនះ​របស់​ឯង​នៅ​ឯ​ណា» 56រីឯ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ គឺ​ជា​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ជា​ក្រិត្យ‌វិន័យ 57តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យ‌ជំនះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង 58បាន​ជា​បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in