១ កូរិនថូស 3
3
1ឯខ្ញុំ បងប្អូនអើយ ខ្ញុំពុំអាចនិយាយនឹងអ្នករាល់គ្នា ដូចនឹងមនុស្សខាងឯវិញ្ញាណបានទេ ត្រូវតែនិយាយដូចនឹងមនុស្សខាងឯសាច់ឈាមវិញ គឺដូចជានិយាយនឹងកូនខ្ចីក្នុងព្រះគ្រីស្ទ 2ខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹក មិនបានឲ្យសាច់បរិភោគទេ ដ្បិតកាលណោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបាន ហើយឥឡូវនេះ ក៏មិនទាន់បានដែរ 3ដោយព្រោះអ្នករាល់គ្នា នៅតែខាងសាច់ឈាមនៅឡើយ ដ្បិតដែលមានសេចក្ដីឈ្នានីស ឈ្លោះប្រកែក នឹងបាក់បែកគ្នា ក្នុងពួកអ្នករាល់គ្នា នោះតើមិននៅខាងសាច់ឈាម ហើយដើរតាមបែបមនុស្សលោកទេឬអី 4គឺកាលដែលម្នាក់ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ហើយម្នាក់ទៀតថា ខ្លួនជារបស់អ័ប៉ុឡូស នោះតើមិនមែននៅខាងសាច់ឈាមទេឬអី 5ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ 6ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ 7ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ 8ឯអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ 9ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។
10ខ្ញុំបានដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ 11ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ 12បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនេះ 13នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា 14បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់ 15បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង។
16តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា 17បើអ្នកណាបង្ខូចព្រះវិហារនៃព្រះ នោះព្រះនឹងធ្វើឲ្យអ្នកនោះត្រូវខូចដែរ ដ្បិតព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង។
18កុំឲ្យអ្នកណាបញ្ឆោតខ្លួនឡើយ បើអ្នកណាក្នុងពួកអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយនេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងង់ល្ងើវិញ ដើម្បីឲ្យមានប្រាជ្ញាឡើង 19ពីព្រោះប្រាជ្ញារបស់លោកីយនេះ ជាសេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់ចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់ខ្លួនគេ» 20ហើយមានបទ១ទៀតថា «ព្រះអម្ចាស់ទ្រង់ជ្រាបគំនិតនៃពួកអ្នកប្រាជ្ញ ថាជាឥតប្រយោជន៍ទាំងអស់» 21ដូច្នេះ កុំឲ្យអ្នកណាអួតពីមនុស្សឡើយ ដ្បិតគ្រប់ទាំងអស់ជារបស់ផងអ្នករាល់គ្នា 22ទោះទាំងប៉ុល ឬអ័ប៉ុឡូស កេផាស លោកីយ ជីវិត សេចក្ដីស្លាប់ របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ 23តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ។
Currently Selected:
១ កូរិនថូស 3: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.