YouVersion Logo
Search Icon

១ យ៉ូហាន 2

2
1កូន​តូចៗ​រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរ‌បិតា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត 2ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ។
3យើង​រាល់​គ្នា​ដឹង​ថា យើង​ស្គាល់​ទ្រង់ ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់ 4អ្នក​ណា​ដែល​ថា បាន​ស្គាល់​ទ្រង់ តែ​មិន​កាន់​តាម​បញ្ញត្ត​ទ្រង់​ទេ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ 5តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្ដី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ 6អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។
7ពួក​ស្ងួន‌ភ្ងា​អើយ សេចក្ដី​ដែល​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ជា​បញ្ញត្ត​ថ្មី​ទេ គឺ​ជា​បញ្ញត្ត​ចាស់​ដដែល ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បញ្ញត្ត​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ 8ខ្ញុំ​ក៏​សរសេរ​បញ្ញត្ត​១​ថ្មី​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ជា​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ទ្រង់ ហើយ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង 9អ្នក​ណា​ដែល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ 10ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​បង​ប្អូន​ខ្លួន នោះ​តែង​នៅ​ក្នុង​ពន្លឺ​វិញ ហើយ​នៅ​ក្នុង​អ្នក​នោះ​គ្មាន​ហេតុ​ណា នឹង​បង្អាក់‌បង្អន់​ចិត្ត​គេ​ឡើយ 11តែ​អ្នក​ណា​ដែល​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត​វិញ ក៏​ដើរ​ក្នុង​សេចក្ដី​ងងឹត ហើយ​មិន​ដឹង​ជា​ខ្លួន​ទៅ​ឯ​ណា​ផង ពី​ព្រោះ​សេចក្ដី​ងងឹត​នោះ​បាន​បំបាំង​ភ្នែក​ហើយ។
12កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ 13ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះវរ‌បិតា 14ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ 15កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរ‌បិតា​នៅ​ក្នុង​ខ្លួន​ឡើយ 16ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរ‌បិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ 17ឯ​លោកីយ​នេះ នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ។
18ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់ 19គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សំដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ 20រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់​លាប​ឲ្យ​ហើយ ក៏​ចេះ​គ្រប់​ទាំង​អស់​ផង 21ខ្ញុំ​សរសេរ​ផ្ញើ​មក មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ គឺ​ដោយ​ព្រោះ​បាន​ស្គាល់​ហើយ ក៏​ដឹង​ថា គ្មាន​សេចក្ដី​ភូត‌ភរ​ណា​កើត​ពី​សេចក្ដី​ពិត​នោះ​ឡើយ 22តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​ជា​អ្នក​ដែល​ប្រកែក​ថា ព្រះ‌យេស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​នោះ​ទេ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ទាំង​ព្រះវរ‌បិតា នឹង​ព្រះ‌រាជ‌បុត្រា​ផង អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះ‌គ្រីស្ទ 23ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​គ្មាន​ព្រះវរ‌បិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ទាំង​ព្រះវរ‌បិតា​ផង 24ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្ដី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា ហើយ​ក្នុង​ព្រះវរ‌បិតា​ដែរ 25នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច។
26ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ដំណើរ​នៃ​ពួក​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង 27រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្ដី​កំភូត​ទេ គឺ​ជា​សេចក្ដី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ តាម​ដែល​ដំណើរ​នោះ​បាន​បង្រៀន​មក 28ហើយ​ឥឡូវ​នេះ ពួក​កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ ដើម្បី​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ 29បើ​អ្នក​រាល់​គ្នា​ដឹង​ថា ទ្រង់​សុចរិត នោះ​ត្រូវ​តែ​យល់​ឃើញ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​នោះ គេ​បាន​កើត​ពី​ទ្រង់​មក​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in