YouVersion Logo
Search Icon

១ យ៉ូហាន 4

4
1ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ​នេះ​ហើយ 2យើង​នឹង​សំគាល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា​ដែល​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ 3តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​របស់​អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ​ហើយ 4ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ​ផង 5ពួក​នោះ​មក​ពី​លោកីយ​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ ហើយ​លោកីយ​ក៏​ស្តាប់​គេ​ដែរ 6ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត នឹង​វិញ្ញាណ​នៃ​សេចក្ដី​ខុស‌ឆ្គង​ទៅ​បាន។
7ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ 8តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង 9សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់ 10នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង 11ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ 12គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ 13គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា 14ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​មក ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។
15អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ 16យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌ទ្រង់​មាន​ដល់​យើង ព្រះ‌ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ 17គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជំរះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោកីយ​នេះ​ដែរ 18គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្ដី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្ដី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្ដី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ 19ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។
20បើ​អ្នក​ណា​ថា ខ្លួន​ស្រឡាញ់​ព្រះ តែ​ស្អប់​ដល់​បង​ប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន 21មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in