១ ពេត្រុស 4
4
1ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាម ជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ 2ដើម្បីកុំឲ្យបង់ពេលដែលសល់ នឹងរស់នៅខាងសាច់ឈាម តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ 3ដ្បិតដែលពីដើម យើងរាល់គ្នាបានធ្វើតាមបំណងចិត្តរបស់សាសន៍ដទៃ ទាំងដើរក្នុងសេចក្ដីអាសអាភាស ការស្រើបស្រាល ការចំណូលស្រា ស៊ីផឹកជ្រុល ការប្រមឹក នឹងការថ្វាយបង្គំរូបព្រះ ដែលសុទ្ធតែខុសច្បាប់ នោះល្មមដល់យើងហើយ 4គេក៏ឆ្ងល់ ដែលអ្នករាល់គ្នាមិនរត់ទៅ តាមសេចក្ដីខូចអាក្រក់ដ៏ហូរហៀរ ជាមួយនឹងគេដែរ បានជាគេប្រមាថដល់អ្នករាល់គ្នា 5តែគេនឹងត្រូវរាប់រៀបទូលដល់ព្រះវិញ ដែលទ្រង់រៀបនឹងជំនុំជំរះ ទាំងមនុស្សរស់នឹងមនុស្សស្លាប់ 6ហេតុនោះបានជា បានផ្សាយដំណឹងល្អទៅមនុស្ស ដែលស្លាប់ហើយដែរ ដើម្បីឲ្យគេត្រូវជាប់ជំនុំជំរះខាងឯសាច់ឈាម តាមបែបមនុស្ស តែឲ្យគេបានរស់ខាងឯវិញ្ញាណតាមព្រះវិញ។
7រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ 8តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត 9ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្ដីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ 10គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ 11បើអ្នកណាអធិប្បាយ នោះត្រូវតែអធិប្បាយ ដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះ ហើយបើអ្នកណាបំរើ នោះត្រូវបំរើដោយកំឡាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
12ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ 13ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក 14បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ 15កុំបីឲ្យអ្នករាល់គ្នាណាមួយរងទុក្ខទោស ដោយព្រោះសំឡាប់គេ ឬលួចគេ ឬធ្វើការអាក្រក់ ឬសៀតចូលក្នុងការរបស់អ្នកដទៃឡើយ 16តែបើរងទុក្ខ ដោយព្រោះជាពួកគ្រីស្ទានវិញ នោះកុំឲ្យខ្មាសឲ្យសោះ ចូរសរសើរដំកើងដល់ព្រះ ដោយព្រោះនាមនោះវិញ 17ដ្បិតពេលវេលាដែលសេចក្ដីជំនុំជំរះត្រូវចាប់ផ្តើមពីដំណាក់នៃព្រះទៅ នោះបានមកដល់ហើយ បើសិនជាចាប់តាំងពីយើងរាល់គ្នាជាមុនដូច្នេះ នោះតើចុងបំផុតរបស់ពួកអ្នក ដែលមិនជឿតាមដំណឹងល្អនៃព្រះ នឹងបានជាយ៉ាងដូចម្តេចទៅ 18បើមនុស្សសុចរិតបានរួចដោយពិបាកផង នោះពួកទមិលល្មើស នឹងពួកមានបាបនឹងលេចមកនៅឯណា 19ដូច្នេះ ពួកអ្នកដែលរងទុក្ខ តាមព្រះហឫទ័យនៃព្រះ នោះត្រូវផ្ញើព្រលឹងខ្លួនទុកនឹងព្រះដ៏បង្កបង្កើត ដែលទ្រង់ស្មោះត្រង់ ដោយខ្លួនប្រព្រឹត្តការល្អចុះ។
Currently Selected:
១ ពេត្រុស 4: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.