១ ថែស្សាឡូនីច 2
2
1ដ្បិតបងប្អូនអើយ អ្នករាល់គ្នាដឹងហើយ ពីបែបដែលយើងខ្ញុំចូលមកឯអ្នករាល់គ្នាថា មិនមែនជាឥតកើតផលទេ 2ឯក្រោយដែលយើងខ្ញុំបានរងទុក្ខ នឹងត្រូវគេជេរប្រមាថ នៅក្រុងភីលីព ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ នោះយើងខ្ញុំមានចិត្តក្លាហាន ដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះ មកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្ដីតយុទ្ធជាច្រើនផង 3ដ្បិតសេចក្ដីដែលយើងខ្ញុំទូន្មាន នោះមិនមែនកើតពីសេចក្ដីខុសឆ្គង ឬពីសេចក្ដីស្មោកគ្រោក ឬពីសេចក្ដីឆបោកនោះទេ 4តែតាមដែលព្រះទ្រង់ល្បងលឃើញថា គួរនឹងផ្ញើព្រះបន្ទូលទុកនឹងយើងខ្ញុំជាយ៉ាងណា នោះយើងខ្ញុំបានអធិប្បាយតាមបែបយ៉ាងនោះឯង មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ 5ដ្បិតយើងខ្ញុំមិនដែលប្រើពាក្យបញ្ចើច ដូចជាអ្នករាល់គ្នាដឹងស្រាប់ ឬប្រព្រឹត្តដោយចិត្តលោភឡើយ សឹងមានព្រះទ្រង់ជាសាក្សីហើយ 6ហើយទោះបើយើងខ្ញុំមានអំណាច នឹងនៅជាបន្ទុកលើអ្នករាល់គ្នា ទុកដូចជាសាវកនៃព្រះគ្រីស្ទក៏ដោយ គង់តែយើងខ្ញុំមិនរកឲ្យមនុស្សគោរពប្រតិបត្តិដល់យើងខ្ញុំឡើយ ទោះអ្នករាល់គ្នា ឬអ្នកណាទៀតក្តី 7យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ 8គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម៉្លេះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះ មកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ 9ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ 10អ្នករាល់គ្នា ហើយព្រះផង ជាស្មរបន្ទាល់អំពីយើងខ្ញុំ ដែលយើងខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ជាពួកអ្នកជឿ បែបយ៉ាងណា ដោយបរិសុទ្ធ សុចរិត ហើយឥតកន្លែងបន្ទោសបាន 11ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន នឹងកំសាន្តចិត្តផង 12ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។
13ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះដែលបណ្តាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ 14ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានត្រាប់តាមអស់ទាំងពួកជំនុំនៃព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នៅស្រុកយូដា ពីព្រោះបានរងទុក្ខ នៅដៃនៃពួកអ្នកស្រុករបស់អ្នករាល់គ្នា ដូចជាពួកជំនុំទាំងនោះបានរងទុក្ខ នៅដៃនៃពួកសាសន៍យូដាដែរ 15ដែលគេបានសំឡាប់ទាំងព្រះអម្ចាស់យេស៊ូវ នឹងពួកហោរាផង ក៏បានបណ្តេញយើងខ្ញុំទៀត ពួកនោះមិនជាទីគាប់ដល់ព្រះហឫទ័យរបស់ព្រះទេ ហើយក៏ទាស់ទទឹងនឹងមនុស្សទាំងអស់ដែរ 16គេហាមមិនឲ្យយើងខ្ញុំថ្លែងប្រាប់ដល់ពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានសង្គ្រោះឡើយ គឺដើម្បីតែនឹងបំពេញអំពើបាបរបស់ខ្លួនគេជានិច្ចប៉ុណ្ណោះ តែសេចក្ដីក្រោធបានមកលើគេពេញទីហើយ។
17បងប្អូនអើយ ក្រោយដែលយើងខ្ញុំត្រូវឃ្លាតមុខពីអ្នករាល់គ្នាបន្តិច តែមិនមែនឃ្លាតចិត្តឡើយ នោះយើងខ្ញុំមានចិត្តសង្វាត រឭកចង់ឃើញមុខអ្នករាល់គ្នាវិញជាខ្លាំង 18បានជាយើងខ្ញុំចង់មកសួរអ្នករាល់គ្នា គឺប៉ុលខ្ញុំចង់មកមួយដងពីរទៅហើយ តែអារក្សសាតាំងបានឃាត់យើងខ្ញុំវិញ 19ដ្បិតតើសេចក្ដីសង្ឃឹម សេចក្ដីអំណរ នឹងមកុដដែលនាំឲ្យយើងខ្ញុំរីករាយឡើង នោះជាអ្វី បើមិនមែនជាអ្នករាល់គ្នានៅចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ក្នុងកាលដែលទ្រង់យាងមកប៉ុណ្ណោះ 20ដ្បិតអ្នករាល់គ្នាជាសិរីល្អ ហើយជាសេចក្ដីអំណររបស់យើងខ្ញុំពិតមែន។
Currently Selected:
១ ថែស្សាឡូនីច 2: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.