YouVersion Logo
Search Icon

២ កូរិន‌ថូស 10

10
1ឯ​ប៉ុល​ខ្ញុំ ដែល​កាល​ណា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​មាន​ឫកពា​ជា​ថោក​ទាប តែ​កាល​ណា​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ នោះ​មាន​សេចក្ដី​ក្លាហាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​សុភាព នឹង​សេចក្ដី​សំឡូត​របស់​ព្រះ‌គ្រីស្ទ 2ក៏​អង្វរ​អ្នក​រាល់​គ្នា​ថា កាល​ណា​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​សេចក្ដី​ក្លាហាន​តាម​ដែល​ខ្ញុំ​សំរេច​ថា នឹង​មាន​ចំពោះ​អ្នក​ខ្លះ ដែល​ស្មាន​ថា​យើង​ខ្ញុំ​ដើរ​តាម​សាច់​ឈាម​នោះ​ឡើយ 3ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​ដើរ​ក្នុង​សាច់​ឈាម​មែន គង់​តែ​មិន​ត‌យុទ្ធ​តាម​សាច់​ឈាម​ទេ 4ព្រោះ​គ្រឿង​សស្ត្រា‌វុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ‌ឫទ្ធិ​ដែល​មក​ពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំ‌មួន​វិញ 5ដែល​អាច​នឹង​រំលាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះ‌គិត នឹង​គ្រប់​ទាំង​សេចក្ដី​យ៉ាង​ខ្ពង់‌ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ 6ក៏​ប្រុង​ប្រៀប​ទុក​ជា​ស្រេច នឹង​ធ្វើ​ទោស​ដល់​គ្រប់​ទាំង​សេចក្ដី​រឹង‌ចចេស ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ហើយ។
7អ្នក​រាល់​គ្នា​មើល​តែ​ឫកពា​ខាង​ក្រៅ​ឬ​អី បើ​អ្នក​ណា​ជឿ​ប្រាកដ​ថា ខ្លួន​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​ពិចារណា​សេចក្ដី​នេះ ដោយ​ខ្លួន​ឯង​ទៀត គឺ​ថា យើង​ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ​ដូច​ជា​អ្នក​នោះ​ដែរ 8ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ខ្លួន​ហួស​បន្តិច ពី​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ខ្ញុំ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​សំរាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ នោះ​គង់​តែ​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ 9ក្រែង​មើល​ទៅ​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយ‌សារ​សំបុត្រ 10ដ្បិត​គេ​ថា «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើល‌ងាយ​ដែរ» 11ត្រូវ​ឲ្យ​មនុស្ស​យ៉ាង​នោះ​បាន​យល់​ថា កាល​ណា​យើង​ខ្ញុំ​នៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ប្រព្រឹត្ត ដូច​ជា​យើង​ខ្ញុំ​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ពី​កាល​ដែល​មិន​បាន​នៅ​ជា​មួយ​ដែរ 12ដ្បិត​យើង​ខ្ញុំ​មិន​ហ៊ាន​រាប់​ខ្លួន​ជា​មួយ​នឹង​ពួក​អ្នក​នោះ​ខ្លះ ឬ​ផ្ទឹម​ខ្លួន​នឹង​គេ ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​គេ​នោះ​ឡើយ ពួក​អ្នក​នោះ​ដែល​គេ​វាស់ ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ 13រីឯ​យើង​ខ្ញុំៗ​មិន​ព្រម​អួត​ពី​ការ​ក្រៅ​ខ្នាត​របស់​យើង​ខ្ញុំ​ឡើយ គឺ​អួត​តាម​តែ​មាត្រា​ខ្នាត ដែល​ព្រះ​ដ៏​ជា​ម្ចាស់​នៃ​ខ្នាត ទ្រង់​បាន​ចែក​មក​យើង​ខ្ញុំ ជា​ខ្នាត​ដែល​បាន​លូក​មក​រហូត​ដល់​អ្នក​រាល់​គ្នា​ផង 14ដ្បិត​យើង​ខ្ញុំ​មិន​មែន​លូក​រំលង​ហួស​ខ្នាត​យើង​ខ្ញុំ ទុក​ដូច​ជា​ខ្នាត​នោះ​មិន​ដល់​អ្នក​រាល់​គ្នា​នោះ​ទេ ពី​ព្រោះ​យើង​ខ្ញុំ​បាន​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ដែរ 15ហើយ​យើង​ខ្ញុំ​មិន​អួត​ពី​ការ​អ្វី​ក្រៅ​ខ្នាត ដែល​មនុស្ស​ឯ​ទៀត​បាន​ធ្វើ​នោះ​ឡើយ ដ្បិត​យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ថា កាល​ណា​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​ឡើង នោះ​យើង​ខ្ញុំ​នឹង​បាន​ដំកើង​ធំ​ឡើង​ជា​បរិបូរ ក្នុង​ពួក​អ្នក​រាល់​គ្នា តាម​មាត្រា​របស់​យើង​ខ្ញុំ​ដែរ 16ប្រយោជន៍​ឲ្យ​បាន​ផ្សាយ​ដំណឹង​ល្អ ទៅ​ខាង​នាយ​អ្នក​រាល់​គ្នា​ទៅ​ទៀត ឥត​អួត​ពី​ការ​អ្វី​ដែល​រៀបចំ​ជា​ស្រេច ក្នុង​មាត្រា​នៃ​មនុស្ស​ឯ​ទៀត​ឡើយ 17ឯ​អ្នក​ណា​ដែល​អួត នោះ​ត្រូវ​អួត​តែ​ក្នុង​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ 18ដ្បិត​មិន​មែន​ជា​អ្នក​ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​ឯង ដែល​បាន​លើក​តាំង​នោះ​ទេ គឺ​ជា​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ផ្ទុក‌ផ្តាក់​វិញ​ទេ​តើ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in