កិច្ចការ 11
11
1ឯពួកសាវក នឹងពួកបងប្អូន ដែលនៅស្រុកយូដា គេក៏ឮថា សាសន៍ដទៃបានទទួលព្រះបន្ទូលដែរ 2រួចកាលពេត្រុសឡើងទៅឯក្រុងយេរូសាឡិម នោះអស់អ្នកខាងពួកកាត់ស្បែកគេមានសេចក្ដីប្រកាន់ចំពោះគាត់ថា 3លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ក៏បានពិសាជាមួយនឹងគេផង 4តែពេត្រុសចាប់ផ្តើមរ៉ាយរឿងប្រាប់គេ ដោយលំដាប់ថា 5កំពុងដែលខ្ញុំអធិស្ឋាននៅក្រុងយ៉ុបប៉េ នោះខ្ញុំលង់ស្មារតីទៅ ឃើញការជាក់ស្តែង ជាប្រដាប់ដូចជាសំពត់កំរាលយ៉ាងធំ ចងទាំង៤ជ្រុង សំរូតចុះពីលើមេឃមកត្រឹមខ្ញុំ 6កាលខ្ញុំសំឡឹងគិតពិចារណាមើល នោះក៏ឃើញមានសត្វជើង៤ សត្វព្រៃ នឹងសត្វលូនវារដែលនៅលើដី ព្រមទាំងសត្វស្លាបនៅលើអាកាសផង 7រួចខ្ញុំឮសំឡេងមានបន្ទូលមកខ្ញុំថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ 8តែខ្ញុំប្រកែកថា ទេ ព្រះអម្ចាស់ ព្រោះមិនដែលមានអ្វីដែលមិនស្អាត មិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ 9ក៏មានឮសំឡេងពីលើមេឃនោះម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នកថាជាមិនស្អាតឡើយ 10ការនោះមានមកគ្រប់៣ដង រួចបានលើកទាំងអស់ទៅលើមេឃវិញ 11ទីបំផុតនោះ ស្រាប់តែមានមនុស្ស៣នាក់ដែលលោកនោះចាត់ពីសេសារាមករកខ្ញុំ គេឈរនៅមុខផ្ទះតែម្តង 12ហើយព្រះវិញ្ញាណ ទ្រង់មានបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយនឹងគេ ឥតប្រកាន់ឡើយ ក៏មានបងប្អូនទាំង៦នាក់នេះ បានទៅជាមួយនឹងខ្ញុំដែរ យើងរាល់គ្នាបានចូលទៅក្នុងផ្ទះរបស់លោក 13ហើយលោករ៉ាយរឿងប្រាប់យើង ពីដំណើរដែលឃើញទេវតាឈរក្នុងផ្ទះ ប្រាប់លោកថា ចូរចាត់គេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលហៅថាពេត្រុស ឲ្យមក 14គាត់នឹងអធិប្បាយ ឲ្យលោកស្តាប់សេចក្ដី ដែលនឹងជួយសង្គ្រោះដល់លោក ព្រមទាំងពួកគ្រួលោកទាំងអស់ផង 15កាលខ្ញុំចាប់តាំងនិយាយទៅ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ 16នោះខ្ញុំបាននឹកឃើញពីសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូលថា «លោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ» 17ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទានទៅគេ ដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន 18កាលបានឮសេចក្ដីនោះហើយ នោះគេបាត់មាត់ ក៏ត្រឡប់ជាសរសើរដល់ព្រះវិញថា ដូច្នេះ ព្រះទ្រង់ក៏ប្រោសប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃ ឲ្យគេមានជីវិតដែរហ្ន៎។
19រីឯពួកអ្នកដែលត្រូវខ្ចាត់ខ្ចាយ ដោយព្រោះសេចក្ដីបៀតបៀន ដែលកើតមកពីដំណើរស្ទេផាន នោះក៏ដើររៀងរហូតទៅដល់ស្រុកភេនីស ស្រុកគីប្រុស នឹងក្រុងអាន់ទីយ៉ូក តែបានផ្សាយព្រះបន្ទូល ដល់ចំពោះតែពួកសាសន៍យូដាប៉ុណ្ណោះទេ 20ប៉ុន្តែ ក្នុងពួកអ្នកនោះ មានអ្នកខ្លះពីកោះគីប្រុស នឹងស្រុកគីរេន គេបានទៅដល់ក្រុងអាន់ទីយ៉ូក ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ 21ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្ដីជំនឿ 22រឿងនោះបានឮដល់ត្រចៀកពួកជំនុំនៅក្រុងយេរូសាឡិម រួចគេចាត់បាណាបាស ឲ្យទៅត្រឹមអាន់ទីយ៉ូក 23កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់ 24ដ្បិតគាត់ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងសេចក្ដីជំនឿ ហើយមានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់ 25នោះបាណាបាសក៏ទៅឯក្រុងតើសុស ដើម្បីនឹងរកសុល 26កាលបានឃើញហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ ក្នុងរវាង១ឆ្នាំ គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង។
27នៅគ្រានោះ មានហោរាខ្លះចុះពីក្រុងយេរូសាឡិម មកដល់អាន់ទីយ៉ូក 28ក្នុងពួកហោរានោះ មានម្នាក់ឈ្មោះអ័ក្កាបុស គាត់ក្រោកឡើងទាយ ដោយព្រះវិញ្ញាណថា នឹងមានអំណត់អត់ជាខ្លាំង នៅគ្រប់លើផែនដី នោះក៏កើតមកក្នុងប្រវត្តិនៃមហារាជក្លូឌាសមែន 29ដូច្នេះ ពួកសិស្សក៏គិតសំរេច នឹងផ្ញើទៅជួយដល់ពួកបងប្អូនដែលនៅស្រុកយូដា តាមកំឡាំងរៀងខ្លួន 30ហើយក៏បានធ្វើការនោះមែន ព្រមទាំងផ្ញើទៅដល់ពួកចាស់ទុំ ដោយសារបាណាបាស នឹងសុល។
Currently Selected:
កិច្ចការ 11: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.