YouVersion Logo
Search Icon

កិច្ចការ 20

20
1លុះ​ក្រោយ​ដែល​ការ​ចលាចល​នោះ បាន​ស្ងប់​ស្ងាត់​ហើយ នោះ​ប៉ុល​ហៅ​ពួក​សិស្ស​មក រួច​លា​គេ ចេញ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ 2កាល​គាត់​បាន​ដើរ​កាត់​ដែន​ស្រុក​ទាំង​នោះ ហើយ​អធិប្បាយ​ទូន្មាន​ជា​ច្រើន ដល់​ពួក​សិស្ស នោះ​គាត់​បាន​ដល់​ទៅ​ស្រុក​ក្រេក 3ក៏​នៅ​ស្រុក​នោះ​អស់​៣​ខែ តែ​កាល​គាត់​រៀប​នឹង​ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី នោះ​ពួក​សាសន៍​យូដា គេ​គិត​ល្បិច​ទាស់​នឹង​គាត់ បាន​ជា​គាត់​សំរេច​នឹង​ទៅ​តាម​ស្រុក​ម៉ាសេដូន​វិញ 4មាន​សូប៉ា‌ត្រុស ដែល​នៅ​ក្រុង​បេរា អើរី‌ស្តាក នឹង​សេគុន‌ដុស ពី​ពួក​ថែស្សា‌ឡូនីច កៃយុស នឹង​ធីម៉ូថេ ពី​ក្រុង​ឌើបេ ហើយ​ទីឃី‌កុស នឹង​ទ្រភីម ពី​ស្រុក​អាស៊ី គេ​ជូន​ដំណើរ​ទៅ​ត្រឹម​ស្រុក​អាស៊ី 5អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន ក៏​ចាំ​យើង​រាល់​គ្នា​នៅ​ត្រង់​ក្រុង​ទ្រអាស 6ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​យើង​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​ភីលីព​ទៅ​៥​ថ្ងៃ ទើប​បាន​ដល់​ទៅ​គេ​នៅ​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​អស់​៧​ថ្ងៃ 7លុះ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ កាល​ពួក​សិស្ស​បាន​ប្រជុំ​គ្នា ដើម្បី​កាច់​នំបុ័ង នោះ​ប៉ុល​ក៏​អធិប្បាយ​ឲ្យ​គេ​ស្តាប់ ដោយ​ព្រោះ​គាត់​រៀប​នឹង​ចេញ​ដំណើរ​ទៅ នៅ​ថ្ងៃ​ស្អែក ក៏​សំដែង​ដរាប​ដល់​ពេល​កណ្តាល​អធ្រាត្រ 8រីឯ​នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ប្រជុំ នោះ​មាន​ចង្កៀង​ជា​ច្រើន 9គ្រា​នោះ មាន​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អើទី‌កុស វា​អង្គុយ​នៅ​បង្អួច ក៏​យន់​ជា​ខ្លាំង​ពេក ក្នុង​ពេល​ដែល​ប៉ុល​អធិប្បាយ​ជា​យូរ​ទៅ​ទៀត រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​៣​ទៅ​ខាង​ក្រោម នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ 10តែ​ប៉ុល​ចុះ​ទៅ​ទ្រោប​ពី​លើ​វា​ឱប​ត្រកង រួច​និយាយ​ថា កុំ​យំ​ស្រែក​អ្វី​ឡើយ ដ្បិត​វា​មាន​ជីវិត​ទេ 11កាល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​កាច់​នំបុ័ង​បរិភោគ​ទៅ នោះ​ក៏​និយាយ​គ្នា​ជា​យូរ​ទៅ​ទៀត ដរាប​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ 12គេ​ក៏​នាំ​ក្មេង​ជំទង់​នោះ​មក​វិញ​ទាំង​រស់ ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។
13ឯ​យើង​រាល់​គ្នា ក៏​ចុះ​សំពៅ​ជា​មុន បើក​ទៅ​ដល់​អាសុស ចាំ​ទទួល​ប៉ុល​នៅ​ទី​នោះ ដ្បិត​គាត់​បាន​ផ្តាំ​ដូច្នោះ ព្រោះ​គាត់​ចង់​ដើរ​វិញ 14កាល​គាត់​មក​ដល់​យើង​នៅ​ត្រង់​អាសុស នោះ​យើង​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ឯ​មីទូលេន 15ក៏​ចេញ​ពី​ទី​នោះ រួច​ស្អែក​ឡើង​បាន​ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៀត យើង​បាន​ដល់​ទៅ​សាម៉ុស រួច​ចូល​ចត​នៅ​ក្រុង​ទ្រគីលាម លុះ​ថ្ងៃ​ក្រោយ​ទៀត ទើប​បាន​ដល់​ទៅ​ក្រុង​មីលេត 16ដ្បិត​ប៉ុល​បាន​សំរេច​នឹង​ទៅ​បង្ហួស​ក្រុង​អេភេសូរ ដើម្បី​មិន​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ដោយ​គាត់​ប្រញាប់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​៥០ បើ​សិន​ជា​បាន។
17ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក 18លុះ​មក​ដល់​ហើយ គាត់​និយាយ​ទៅ​គេ​ថា ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង 19គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្ដី​ល្បង ដោយ​កិច្ច‌កល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ 20ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង 21ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា នឹង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា 22ឥឡូវ​នេះ មើល ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ក្នុង​ចិត្ត ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឥត​ដឹង​ការ​អ្វី ដែល​នឹង​កើត​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ 23ដឹង​តែ​ប៉ុណ្ណេះ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ដល់​ខ្ញុំ នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង នឹង​សេចក្ដី​វេទនា នៅ​រង់‌ចាំ​ខ្ញុំ 24ប៉ុន្តែ​នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​ព្រះ​វិញ 25ឥឡូវ​នេះ មើល ខ្ញុំ​ដឹង​ហើយ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក​ជា​មួយ ដោយ​ភប់‌ប្រសព្វ​គ្នា ទាំង​ប្រកាស​ប្រាប់​ពី​នគរ​នៃ​ព្រះ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ 26ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​អ្នក​រាល់​គ្នា​ទាំង​អស់ 27ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ 28ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ 29ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា 30ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ 31ដូច្នេះ ឲ្យ​ចាំ​យាម​ចុះ ចូរ​នឹក​ចាំ​ថា ក្នុង​រវាង​៣​ឆ្នាំ ខ្ញុំ​ចេះ​តែ​ប្រដៅ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​និមួយៗ ដោយ​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ 32ឥឡូវ​នេះ ខ្ញុំ​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ ហើយ​នឹង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​កេរ្ដិ៍‌អាករ​នៅ​ក្នុង​ពួក​នៃ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ 33ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សំលៀក‌បំពាក់​របស់​អ្នក​ណា​ឡើយ 34អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ដៃ​ខ្ញុំ​នេះ​បាន​ផ្គត់‌ផ្គង់​គ្រប់​របស់ ដែល​ខ្ញុំ​ត្រូវ​ការ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង 35ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​នឹង​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដែល​ទ្រង់​មាន​បន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល 36លុះ​បាន​និយាយ​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា​មួយ​នឹង​គេ​ទាំង​អស់​គ្នា 37ហើយ​គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និត‌ថ្នម 38ទាំង​មាន​សេចក្ដី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ រួច​ក៏​ជូន​គាត់​ទៅ​ដល់​សំពៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in