កិច្ចការ 25
25
1លុះកាលលោកភេស្ទុសបានចូលមកក្នុងខេត្ត នោះក្រោយ៣ថ្ងៃ លោកក៏ឡើងពីសេសារា ទៅឯក្រុងយេរូសាឡិម 2ឯពួកសង្គ្រាជ នឹងពួកមេសាសន៍យូដា គេចូលទៅជំរាបលោកពីដំណើរប៉ុល 3ហើយសូមអង្វរឲ្យលោកអនុញ្ញាត ចាត់គេឲ្យទៅនាំគាត់មកក្រុងយេរូសាឡិមវិញ ពីព្រោះគេមត់គ្នានឹងសំឡាប់គាត់តាមផ្លូវ 4តែលោកភេស្ទុសឆ្លើយថា ត្រូវតែឃុំប៉ុលទុកនៅក្រុងសេសារានោះ ចាំបន្តិចទៀត ខ្លួនខ្ញុំនឹងទៅឯណោះដែរ 5ដូច្នេះ លោកប្រាប់ថា ចូរអស់អ្នកដែលមានអំណាចក្នុងពួកអ្នករាល់គ្នា ចុះទៅជាមួយគ្នា បើមនុស្សនោះមានទោសអ្វី នោះត្រូវឲ្យចោទប្រកាន់វាចុះ 6កាលបានស្នាក់នៅក្នុងទីក្រុងគេជាង១០ថ្ងៃ នោះក៏ចុះទៅឯសេសារាវិញ ដល់ថ្ងៃស្អែកឡើង លោកអង្គុយនៅទីជំនុំជំរះក្តី ហើយបង្គាប់ឲ្យគេនាំប៉ុលមក 7លុះគាត់ចូលមកដល់ នោះពួកសាសន៍យូដា ដែលចុះពីក្រុងយេរូសាឡិមមក គេឈរនៅជុំវិញ ក៏ចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចនឹងរកភស្តុតាងបាន 8តែគាត់ដោះសាខ្លួនថា ខ្ញុំប្របាទមិនបានធ្វើបាបអ្វីសោះ ទោះនឹងក្រិត្យវិន័យរបស់សាសន៍យូដា ឬនឹងព្រះវិហារ ឬនឹងសេសារក្តី 9តែលោកភេស្ទុសចង់បានបំណាច់ចំពោះពួកសាសន៍យូដា ក៏សួរទៅប៉ុលថា ឯងសុខចិត្តឡើងទៅឯក្រុងយេរូសាឡិម ឲ្យអញជំនុំជំរះឯងពីដំណើរនេះឬទេ 10នោះប៉ុលឆ្លើយថា ខ្ញុំប្របាទឈរនៅមុខទីជំនុំជំរះក្តីនៃសេសារ ជាកន្លែងដែលគួរជំនុំជំរះខ្ញុំប្របាទ ខ្ញុំប្របាទគ្មានធ្វើខុសអ្វីនឹងពួកសាសន៍យូដាទេ ដូចជាព្រះតេជព្រះគុណក៏ជ្រាបច្បាស់ហើយ 11បើសិនជាខ្ញុំប្របាទបានធ្វើអ្វីខុស ឬដែលគួរនឹងស្លាប់ នោះខ្ញុំប្របាទក៏យល់ព្រមនឹងស្លាប់ឥតប្រកែក តែបើរឿងដែលគេចោទខ្ញុំប្របាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងបញ្ជូនទៅឲ្យគេបានឡើយ ខ្ញុំប្របាទសូមរើក្តីនេះដល់សេសារវិញ 12ក្រោយដែលភេស្ទុសបានពិគ្រោះនឹងក្រុមជំនុំ នោះក៏ឆ្លើយថា ឯងបានសូមរើក្តីនេះដល់សេសារវិញ បើដូច្នេះ ឯងត្រូវទៅដល់សេសារចុះ។
13ក្រោយបួនដប់ថ្ងៃមកទៀត ព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ស្តេចយាងចុះមកឯសេសារា ក៏ចូលទៅសួរលោកភេស្ទុស 14កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ 15ហើយកាលដែលទូលបង្គំនៅក្រុងយេរូសាឡិម នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃសាសន៍យូដា បានប្តឹងទូលបង្គំ ទាំងសូមឲ្យទូលបង្គំកាត់ទោសឲ្យ 16តែទូលបង្គំឆ្លើយប្រាប់គេថា សាសន៍រ៉ូមមិនដែលបញ្ជូនមនុស្សណាឲ្យត្រូវស្លាប់ មុនដែលចុងចំឡើយមានពួកដើមចោទនៅមុខខ្លួន ហើយមានឱកាសនឹងដោះសាពីរឿងគេចោទនោះឡើយ 17ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជំរះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក 18តែកាលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់វាអំពីរឿងអ្វី ឲ្យដូចដែលទូលបង្គំបានស្មាននោះទេ 19គេគ្រាន់តែប្រកាន់ពីរបៀបសាសនាគេ ហើយពីដំណើរម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែប៉ុលប្រកាន់ថា នៅរស់ទេប៉ុណ្ណោះ 20ហើយដែលទូលបង្គំទ័លគំនិតនឹងពិចារណាពីសេចក្ដីនោះ ក៏សួរវា បើវាសុខចិត្តនឹងទៅឯក្រុងយេរូសាឡិម ឲ្យបានជំនុំជំរះពីរឿងនោះឬទេ 21តែវាបានសូមរើក្តីដល់មហារាជអូគូស្ទ ឲ្យបានជ្រាបវិញ បានជាទូលបង្គំបង្គាប់ឲ្យឃុំទុកសិន ទំរាំតែទូលបង្គំមានឱកាសនឹងបញ្ជូននៅឯសេសារ 22ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា ខ្ញុំក៏ចង់ស្តាប់អ្នកនោះដែរ លោកទូលឆ្លើយថា ស្អែកនេះទ្រង់នឹងបានស្តាប់វាហើយ។
23ដូច្នេះ លុះថ្ងៃស្អែកឡើង នោះព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ក៏យាងមក ដោយដំណើរដ៏រុងរឿង ចូលក្នុងសាលាក្តី មានទាំងមេទ័ពធំ នឹងពួកអ្នកធំក្នុងទីក្រុងផង រួចកាលលោកភេស្ទុសបានបង្គាប់ហើយ នោះគេនាំប៉ុលចូលមក 24លោកភេស្ទុសក៏ទូលថា ឱព្រះករុណាអ័គ្រីប៉ា នឹងអស់លោកដែលទៅទីនេះ ជាមួយនឹងយើងខ្ញុំអើយ សូមទតមើលមនុស្សនេះ ដែលបណ្តាជនសាសន៍យូដាទាំងប៉ុន្មាន បានប្តឹងដល់ទូលបង្គំ កាលនៅឯក្រុងយេរូសាឡិម ហើយនឹងនៅទីនេះដែរ ដោយសំរែកថា មិនគួរឲ្យវានៅរស់ទៀតទេ 25តែទូលបង្គំមិនឃើញថា មានទោសអ្វីដែលគួរឲ្យស្លាប់សោះ ហើយដែលខ្លួនវាបានសូមរើក្តីដល់មហារាជអូគូស្ទវិញ នោះបានជាទូលបង្គំសំរេចថា នឹងបញ្ជូនវាឲ្យទៅចុះ 26តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើម ឱព្រះរាជាអ័គ្រីប៉ាអើយ ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលបង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ 27ដ្បិតបើតាមទូលបង្គំ មើលទៅដូចជាគ្មានទំនងនឹងបញ្ជូនអ្នកទោសទៅ ឥតមានបង្ហាញទោសទាំងប៉ុន្មាន ដែលគេចោទដល់វានោះទេ។
Currently Selected:
កិច្ចការ 25: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.