YouVersion Logo
Search Icon

កិច្ចការ 28

28
1កាល​គេ​បាន​រួច​ជីវិត​ហើយ នោះ​ទើប​ស្គាល់​កោះ​នោះ ថា​ជា​កោះ​មេលីត 2មនុស្ស​ស្រុក​នោះ​ក៏​ប្រព្រឹត្ត​នឹង​យើង ដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ពី​ព្រោះ​ធ្លាក់​ភ្លៀង ហើយ​រងា​ផង 3ឯ​ប៉ុល ក៏​ប្រមូល​រំកាច់​មែក​ឈើ​១​កង យក​មក​ដាក់​លើ​ភ្លើង នោះ​មាន​ពស់‌វែក​១​ត្រូវ​កំដៅ​ភ្លើង បាន​ចេញ​មក​ចឹក​ជាប់​នៅ​ដៃ​គាត់ 4លុះ​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពី​ដៃ​គាត់​មក​ដូច្នោះ នោះ​ក៏​និយាយ​គ្នា​ថា ប្រាកដ​ជា​មនុស្ស​នេះ​បាន​សំឡាប់​គេ​ហើយ បាន​ជា​ទោះ​បើ​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​សេចក្ដី​យុត្តិ‌ធម៌​មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ 5តែ​គាត់​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ‌ចាប់​អ្វី​ឡើយ 6គេ​រង់​ចាំ​មើល​គាត់​ជា​ហើម ឬ​ដួល​ស្លាប់​ភ្លាម​ទៅ តែ​កាល​គេ​បាន​ចាំ​ជា​យូរ ហើយ​ឥត​ឃើញ​មាន​ឈឺ​អ្វី​សោះ នោះ​គេ​ប្រែ​គំនិត​ទៅ​ជា​ថា គាត់​ជា​ព្រះ​វិញ។
7នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​នោះ មាន​ដី​របស់​អ្នក​មេ​កោះ ឈ្មោះ​ពូញ្លស ដែល​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់​៣​ថ្ងៃ​ដោយ​សប្បុរស 8គាប់​ចួន​ជា​ឪពុក​ពូញ្លស​ដេក​គ្រុន ហើយ​មួល​ផង ប៉ុល​ក៏​ចូល​ទៅ​អធិស្ឋាន ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ជា 9ដូច្នេះ អស់​អ្នក​ឯ​ទៀត ដែល​ឈឺ​នៅ​កោះ​នោះ ក៏​មក ហើយ​បាន​ជា​ដែរ 10គេ​ក៏​រាប់​អាន​យើង​ជា​ខ្លាំង ហើយ​ដល់​វេលា​ដែល​យើង​ចេញ​ទៅ នោះ​គេ​បាន​ឲ្យ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ​ដែរ។
11លុះ​៣​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​១​ទៅ ជា​សំពៅ​ដែល​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ឈ្មោះ​ឌីអូស្គួរ ដែល​នៅ​នឹង​កោះ​នោះ​ក្នុង​រដូវ​រងា 12កាល​បាន​ចូល​ចត​នៅ​ស៊ីរ៉ា‌គូស ក៏​នៅ​ក្រុង​នោះ​៣​ថ្ងៃ 13ពី​ទី​នោះ​យើង​បើក​វាង​ទៅ​ដល់​រេគាម ហើយ​១​ថ្ងៃ​ក្រោយ​មក កើត​មាន​ខ្យល់​ពី​ខាង​ត្បូង ដល់​ថ្ងៃ​ទី​២​យើង​ទៅ​ដល់​ពូទី‌យ៉ូលី 14នៅ​ទី​នោះ យើង​រក​ឃើញ​ពួក​ជំនុំ​ខ្លះ គេ​ក៏​សូម​ឲ្យ​យើង​នៅ​ជា​មួយ​អស់​៧​ថ្ងៃ គឺ​ដូច្នោះ​ឯង ដែល​យើង​បាន​ទៅ​ឯ​ក្រុង​រ៉ូម 15រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ជួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់‌ភាស នឹង​ផ្ទះ​សំណាក់​បី លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង។
16គ្រា​ដល់​ក្រុង​រ៉ូម​ហើយ នោះ​មេ​ទ័ព​ក៏​ប្រគល់​ពួក​អ្នក​ទោស​ទៅ​លោក​មេ​បន្ទាយ ប៉ុន្តែ​គេ​បើក​ឲ្យ​ប៉ុល​នៅ​ដោយ​ខ្លួន មាន​តែ​ទាហាន​១​ដែល​រក្សា​ប៉ុណ្ណោះ 17ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទំលាប់​ពួក​ឰយុកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម 18ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ 19ប៉ុន្តែ ពួក​សាសន៍​យូដា​ប្រកែក​មិន​ព្រម បាន​ជា​បង្ខំ​ឲ្យ​ខ្ញុំ​សូម​រើ​ក្តី​ដល់​សេ‌សារ​វិញ មិន​មែន​ជា​ខ្ញុំ​មាន​ការណ៍​អ្វី នឹង​ចោទ​ប្រកាន់​ពី​សាសន៍​ខ្ញុំ​ទេ 20ហេតុ​នោះ​បាន​ជា​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​គ្នា​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​នឹង​ពិគ្រោះ​គ្នា ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រាអែល​ហើយ បាន​ជា​ខ្ញុំ​ជាប់​ច្រវាក់​ដូច្នេះ 21គេ​ឆ្លើយ​ឡើង​ថា យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ពី​រឿង​អ្នក​សោះ ក៏​គ្មាន​បង​ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​សេចក្ដី​អ្វី​អាក្រក់​ពី​អ្នក​ដែរ 22តែ​យើង​ចូល​ចិត្ត​ចង់​ដឹង​គំនិត​របស់​អ្នក ដែល​អ្នក​គិត​ដូច​ម្តេច ព្រោះ​យើង​ដឹង​ថា នៅ​គ្រប់​ទី​កន្លែង គេ​តែង‌តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់។
23គេ​ក៏​ណាត់​ថ្ងៃ​កំណត់ រួច​មាន​គ្នា​ជា​ច្រើន​មក​ឯ​គាត់ ក្នុង​ទី​លំនៅ​របស់​គាត់ ហើយ​គាត់​អធិប្បាយ ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់ តាំង​ពី​ព្រឹក​ដល់​ល្ងាច ពី​នគរ​ព្រះ​ឲ្យ​គេ​ស្តាប់ ក៏​បញ្ចុះ‌បញ្ចូល​ឲ្យ​គេ​ជឿ​អស់​ទាំង​សេចក្ដី ដែល​ដំរូវ​ពី​ព្រះ‌យេស៊ូវ​ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ហើយ​ក្នុង​គម្ពីរ​ពួក​ហោរា 24អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ 25នោះ​គេ​ចេញ​ទៅ​ទាំង​ទាស់‌ទែង​គ្នា ក្រោយ​ដែល​ប៉ុល​បាន​និយាយ​១​ម៉ាត់​នេះ​ទៅ​គេ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​នឹង​ពួក​ព្ធយុ‌កោ​យើង ដោយ‌សារ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា 26«ចូរ​ទៅ​ឯ​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​ឯង​រាល់​គ្នា​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ 27ព្រោះ​ចិត្ត​សាសន៍​នេះ​បាន​ត្រឡប់​ជា​ស្ពឹក គេ​បាន​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​ចិត្ត​បាន​យល់ រួច​គេ​វិល​មក ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​គេ​ជា» 28ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ហើយ​គេ​នឹង​ស្តាប់​ជា​ពិត 29លុះ​កាល​គាត់​បាន​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ពួក​សាសន៍​យូដា​ក៏​ចេញ​ទៅ​ទាំង​ជជែក​គ្នា​ជា​ខ្លាំង។
30រីឯ​ប៉ុល គាត់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល ពេញ​២​ឆ្នាំ គាត់​បាន​ទទួល​អស់​អ្នក​ណា​ដែល​មក​ឯ​គាត់ ទាំង​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្ដី ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in