អេភេសូរ 1
1
1សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ 2សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
3សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ 4តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្ដីស្រឡាញ់ 5ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់ 6ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ 7ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ 8ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់ 9ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ 10សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង 11ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានដំរូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់ 12ប្រយោជន៍ឲ្យយើងខ្ញុំ ដែលបានទុកចិត្តជឿដល់ព្រះគ្រីស្ទជាមុន បានសំរាប់នឹងសរសើរដល់សេរីល្អទ្រង់ 13ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា 14ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍អាកររបស់យើងរាល់គ្នា ទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្ដីសរសើរដល់សិរីល្អនៃទ្រង់។
15ដោយហេតុនោះ កាលខ្ញុំឮនិយាយពីសេចក្ដីជំនឿ ដែលអ្នករាល់គ្នាមាន ដល់ព្រះអម្ចាស់យេស៊ូវ ហើយនឹងពីសេចក្ដីស្រឡាញ់ ដែលមានដល់ពួកបរិសុទ្ធទាំងអស់គ្នា 16នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំវិញ 17ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់ 18ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នា បានភ្លឺឡើង ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅអ្នករាល់គ្នា នោះមានសេចក្ដីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង 19ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកំឡាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ 20ជាព្រះចេស្តាដែលទ្រង់បានសំដែងចេញ ដោយប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្តាំទ្រង់ នៅស្ថានដ៏ខ្ពស់ 21ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី នឹងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង 22ហើយទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់ 23គឺជាសេចក្ដីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។
Currently Selected:
អេភេសូរ 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.