អេភេសូរ 3
3
1ហេតុនោះបានជាប៉ុលខ្ញុំ ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលខ្ញុំជាប់គុកនេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ជាពួកសាសន៍ដទៃ 2គឺបើតិចណាស់ អ្នករាល់គ្នាបានឮនិយាយពីការត្រួតត្រារបស់ព្រះគុណនៃព្រះ ដែលបានប្រទានមកខ្ញុំសំរាប់អ្នករាល់គ្នាថា 3ទ្រង់បានធ្វើឲ្យខ្ញុំស្គាល់ការអាថ៌កំបាំង ដោយការបើកសំដែង ដូចជាខ្ញុំសរសេរយ៉ាងខ្លីពីកាលមុនដែរ 4កាលណាអ្នករាល់គ្នាមើលសំបុត្រនោះ នោះនឹងអាចនឹងយល់ពីចំណេះខ្ញុំ ខាងឯការអាថ៌កំបាំងរបស់ព្រះគ្រីស្ទបាន 5ជាការអាថ៌កំបាំងដែលកាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់ដូចជាបានសំដែងមកឲ្យពួកសាវក នឹងពួកហោរាបរិសុទ្ធស្គាល់ ដោយសារព្រះវិញ្ញាណសព្វថ្ងៃនេះទេ 6គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា នឹងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្ដីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ 7ខ្ញុំបានធ្វើជាអ្នកបំរើដំណឹងល្អនោះ តាមព្រះគុណនៃព្រះ ជាអំណោយទានដែលទ្រង់ប្រទានមកខ្ញុំ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងធ្វើ 8ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ 9ហើយឲ្យខ្ញុំបានបំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពីសេចក្ដីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បង្កើតរបស់សព្វសារពើ ដោយសារព្រះយេស៊ូវគ្រីស្ទ 10ដើម្បីឲ្យពួកគ្រប់គ្រង នឹងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ 11តាមគំនិតសំរេចតាំងពីអស់កល្បរៀងមក ដែលទ្រង់បានគិតស្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង 12ហើយក្នុងទ្រង់ យើងរាល់គ្នាក៏មានសេចក្ដីក្លាហាន នឹងច្បាប់ចូលដោយទុកចិត្ត ដោយសារសេចក្ដីជំនឿជឿដល់ទ្រង់ដែរ 13ហេតុនោះបានជាខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យរសាយចិត្តដោយការដែលខ្ញុំរងទុក្ខលំបាក ជាការដែលមានប្រយោជន៍ដល់អ្នករាល់គ្នានោះឡើយ ដ្បិតការនោះជាសិរីល្អដល់អ្នករាល់គ្នាទេ។
14ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា 15ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក 16ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង 17ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់ 18ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ នឹងកំពស់នៃសេចក្ដីស្រឡាញ់នោះ 19ហើយឲ្យបានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញ ដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ផងព្រះ។
20ឯព្រះ ដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា 21នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
Currently Selected:
អេភេសូរ 3: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.