នាងអេសធើរ 9
9
1លុះដល់ថ្ងៃ១៣ នៅខែ១២ ជាខែផល្គុន កាលព្រះរាជឱង្ការ នឹងបង្គាប់របស់ស្តេចបានជិតដល់កំរិតហើយ គឺជាថ្ងៃដែលពួកខ្មាំងសត្រូវរបស់សាសន៍យូដា បានសង្ឃឹមថា នឹងឡើងមានអំណាចលើគេបាន (តែពួកយូដាបានត្រឡប់ជាមានអំណាចលើពួកអ្នក ដែលស្អប់ដល់គេវិញ) 2នោះពួកសាសន៍យូដា ក៏មូលគ្នានៅទីក្រុងខ្លួនទាំងប៉ុន្មាន នៅអស់ទាំងអាណាខេត្តរបស់ស្តេចអ័ហាស៊ូរុស ដើម្បីនឹងតស៊ូចំពោះពួកអ្នក ដែលរកធ្វើបាបដល់គេ ហើយគ្មានអ្នកណាអាចនឹងទ្រាំនៅចំពោះគេបានឡើយ ដ្បិតសាសន៍ទាំងអស់បានកើតមានសេចក្ដីកោតខ្លាចដល់គេហើយ 3ឯពួកអ្នកជាប្រធាន នៅគ្រប់ទាំងខេត្ត ពួកចៅហ្វាយខេត្ត ពួកចៅហ្វាយស្រុក នឹងពួករាជការទាំងប៉ុន្មាន ក៏ជួយដល់ពួកយូដា ដោយមានសេចក្ដីកោតខ្លាចដល់ម៉ាដេកាយ 4ពីព្រោះម៉ាដេកាយបានឡើងជាអ្នកធំ ក្នុងព្រះរាជដំណាក់ ហើយកិត្តិនាមលោកក៏ផ្សាយសុសសាយទួទៅ គ្រប់ទាំងខេត្ត ដ្បិតម៉ាដេកាយនេះបានកាន់តែមានអំណាចឡើងជាដរាប 5ដូច្នេះ ពួកសាសន៍យូដាបានប្រហារពួកខ្មាំងសត្រូវដោយដាវ ព្រមទាំងសំឡាប់បំផ្លាញគេ ហើយបានប្រព្រឹត្តនឹងពួកអ្នក ដែលស្អប់ខ្លួនតាមតែអំពើចិត្ត 6នៅស៊ូសាន ជាទីក្រុងហ្លួង ពួកសាសន៍យូដាក៏បានសំឡាប់ ហើយបំផ្លាញមនុស្សអស់៥០០នាក់ដែរ 7ឯផើសានដាថា ដាលផូន អ័សផាថា 8ផូរ៉ាថា អ័ដាលា អើរីដាថា 9ផើម៉ាសថា អើរីសាយ អើរីដាយ នឹងវ៉ាយេសាថា 10ជាកូនទាំង១០របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា នោះគេក៏សំឡាប់ទៅដែរ តែគេមិនបានប៉ះពាល់ដល់របឹបទេ។
11នៅថ្ងៃនោះឯង គេមកទូលដល់ស្តេច ពីចំនួនមនុស្សដែលគេបានសំឡាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង 12រួចស្តេចទ្រង់មានបន្ទូលនឹងអេសធើរ ជាអគ្គមហេសីថា ពួកសាសន៍យូដាបានសំឡាប់ ហើយបំផ្លាញមនុស្ស អស់៥០០នាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនរបស់ហាម៉ានទាំង១០ផង ដូច្នេះ នៅព្រះរាជខេត្តឯទៀត គេបានធ្វើយ៉ាងណាទៅ ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត យើងនឹងបើកឲ្យ តើប្រាថ្នាចង់បានអ្វី នោះនឹងបានសំរេច 13អេសធើរទូលថា បើព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមបើកឲ្យពួកយូដា ដែលនៅក្រុងស៊ូសានបានធ្វើតាមច្បាប់ដដែល នៅថ្ងៃស្អែកទៀត ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំង១០នាក់នឹងឈើទៅ 14ស្តេចទ្រង់ក៏បង្គាប់ឲ្យធ្វើដូច្នោះ ហើយគេប្រកាសប្រាប់ព្រះរាជឱង្ការនៅក្រុងស៊ូសាន រួចបានព្យួរខ្មោចកូនហាម៉ានទាំង១០នាក់នោះទៅ 15ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏មូលគ្នា នៅថ្ងៃ១៤ ខែផល្គុននោះឯង ហើយគេសំឡាប់មនុស្ស៣០០នាក់ទៀត នៅស៊ូសាន តែគេមិនប៉ះពាល់ដល់របឹបទេ 16ឯពួកយូដាឯទៀតទាំងប៉ុន្មាន ដែលនៅអស់ទាំងព្រះរាជខេត្ត គេបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយគេមានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេតទៅ គេបានសំឡាប់ពួកអ្នកដែលស្អប់គេអស់៧ម៉ឺន៥ពាន់នាក់ តែឥតបានប៉ះពាល់ដល់របឹបទេ។
17គេបានធ្វើការនោះនៅថ្ងៃ១៣ ខែផល្គុន លុះដល់ថ្ងៃ១៤ ទើបគេឈប់សំរាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ 18តែពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន គេបានមូលគ្នានៅថ្ងៃ១៣ ក្នុងខែនោះ នឹងនៅថ្ងៃ១៤ដែរ លុះដល់ថ្ងៃ១៥ ទើបគេឈប់សំរាក ហើយតាំងថ្ងៃនោះឡើងសំរាប់ជាថ្ងៃជប់លៀង ហើយមានសេចក្ដីរីករាយសាទរ 19គឺដោយហេតុនោះបានជាពួកសាសន៍យូដា ដែលនៅអស់ទាំងទីក្រុងឥតកំផែងនៅស្រុកក្រៅ គេកាន់ថ្ងៃ១៤ ខែផល្គុន ជាថ្ងៃសំរាប់រីករាយសាទរ ហើយជប់លៀង ជាថ្ងៃសប្បាយ ហើយជាពេលជូនជំនូនទៅវិញទៅមក។
20ឯម៉ាដេកាយ លោកក៏តែងសេចក្ដីទាំងនេះទុក ហើយផ្ញើសំបុត្រទៅដល់ពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងខេត្តនៃស្តេចអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ 21ដើម្បីនឹងបញ្ជាក់ដល់គេ ឲ្យបានកាន់ថ្ងៃ១៤ ខែផល្គុន នឹងថ្ងៃ១៥ផង រាល់តែឆ្នាំ 22ទុកជាថ្ងៃដែលពួកសាសន៍យូដាបានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេ នឹងជាខែ ដែលសេចក្ដីទុក្ខព្រួយរបស់គេបានត្រឡប់ទៅជាសេចក្ដីរីករាយសាទរ ហើយសេចក្ដីសោកសៅបានទៅជាថ្ងៃសប្បាយវិញ ប្រយោជន៍ឲ្យគេបានតាំងថ្ងៃទាំង២នោះទុកជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ ព្រមទាំងជូនជំនូនទៅវិញទៅមក ហើយដាក់ទានដល់មនុស្សទាល់ក្រផង 23ដូច្នេះ ពួកសាសន៍យូដាក៏សំរេចនឹងធ្វើតាម ដូចជាគេបានចាប់តាំងធ្វើមកហើយ គឺដូចជាម៉ាដេកាយបានសរសេរផ្ញើមកដែរ 24ពីព្រោះហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដាបានបង្កើតឧបាយនឹងបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺបានបោះឆ្នោត ដើម្បីនឹងបំផ្លាញគេ ហើយធ្វើឲ្យគេវិនាសបង់ 25តែកាលព្រះនាងអេសធើរបានចូលទៅគាល់ស្តេច នោះទ្រង់ក៏ចេញបង្គាប់ដោយសំបុត្រ ឲ្យឧបាយដ៏អាក្រក់ ដែលហាម៉ានបានបង្កើតទាស់នឹងពួកយូដានោះ បានវិលជះទៅលើក្បាលវាវិញ ហើយឲ្យព្យួរវា នឹងពួកកូនវាទាំងអស់ភ្ជាប់លើឈើផង 26ហេតុនោះបានជាគេហៅថ្ងៃទាំង២នោះថា «បុណ្យពោរ» តាមពាក្យ «ពោរ»នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានក្នុងសំបុត្រនោះ នឹងការទាំងប៉ុន្មានដែលគេបានឃើញពីដំណើរនោះ ព្រមទាំងការដែលបានកើតដល់គេផង 27បានជាពួកសាសន៍យូដា គេតាំងទំនៀមនោះទុក ហើយក៏ទទួលថា ខ្លួនគេ ពួកកូនចៅ នឹងអស់អ្នកណាដែលចូលសាសន៍គេ នឹងរក្សាថ្ងៃទាំង២នោះ តាមសេចក្ដីដែលបានសរសេរទុក ហើយតាមវេលាកំណត់នោះរាល់តែឆ្នាំឥតខានឡើយ 28ហើយថា គេនឹងនឹកចាំ ហើយរក្សាថ្ងៃទាំង២នោះ នៅគ្រប់ទាំងដំណ គ្រប់ទាំងគ្រួ នៅអស់ទាំងខេត្ត នឹងទីក្រុងទាំងប៉ុន្មានជាដរាបទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ឬឲ្យកូនចៅគេលែងនឹកចាំពីថ្ងៃនោះដែរ។
29គ្រានោះ អេសធើរ ដ៏ជាអគ្គមហេសី ជាបុត្រីអ័ប៊ីហែល ព្រមទាំងម៉ាដេកាយ ជាសាសន៍យូដា ក៏សរសេរម្តងទៀត ផ្ញើទៅដោយអាងគ្រប់អំណាចរបស់ខ្លួន ដើម្បីនឹងតាំងសំបុត្រពីបុណ្យពោរនោះ ទុកជាច្បាប់តទៅ 30លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំង១២៧នៃនគររបស់អ័ហាស៊ូរុស មានទាំងពាក្យស្រគត់ស្រគំ នឹងពាក្យដ៏ទៀងត្រង់ពិតផង 31ដើម្បីនឹងបញ្ជាក់ថ្ងៃបុណ្យពោរ នៅវេលាកំណត់ ដូចជាម៉ាដេកាយ ជាសាសន៍យូដា នឹងអេសធើរ អគ្គមហេសីបានតាំងឡើងដល់គេហើយ ដូចជាគេក៏បានតាំងឡើងសំរាប់ខ្លួនគេ នឹងកូនចៅគេតទៅ ខាងឯដំណើរការតមអត់ នឹងអំពាវនាវរបស់គេដែរ 32ដូច្នេះ ក្រិត្យរបស់ព្រះនាងអេសធើរបានបញ្ជាក់ពីរបៀបបុណ្យពោរនោះ ហើយក្រិត្យនោះក៏បានកត់ចុះទុកក្នុងសៀវភៅ។
Currently Selected:
នាងអេសធើរ 9: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.