និក្ខមនំ 3
3
1កាលម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់យេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន នោះលោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថានរហូតដល់ភ្នំព្រះ គឺជាភ្នំហូរែប 2នៅទីនោះ មានទេវតានៃព្រះយេហូវ៉ាលេចមកឯលោកក្នុងអណ្តាតភ្លើងនៅកណ្តាលគុម្ពបន្លា លោកក៏មើលទៅឃើញភ្លើងឆេះគុម្ពបន្លា តែឥតបានសុសទេ 3ម៉ូសេនឹកក្នុងចិត្តថា អញនឹងងាកចេញទៅមើលការចំឡែកនេះ តើហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ 4កាលព្រះយេហូវ៉ាទ្រង់ឃើញលោកងាកបែរមកមើលដូច្នេះ នោះទ្រង់ក៏មានបន្ទូលហៅពីក្នុងគុម្ពបន្លាថា ម៉ូសេៗអើយ រួចលោកទូលឆ្លើយថា ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់ 5ទ្រង់ក៏បង្គាប់ថា កុំឲ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ 6ទ្រង់មានបន្ទូលទៀតថា អញជាព្រះនៃឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប នោះម៉ូសេក៏ខ្ទប់មុខ ដ្បិតមិនហ៊ានមើលចំទៅព្រះទេ។
7រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ 8ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស 9ដូច្នេះមើល ឥឡូវនេះ ពាក្យរបស់ពួកកូនចៅអ៊ីស្រាអែលដែលគេអំពាវនាវដល់អញ នោះបានឮហើយ ១ទៀតអញបានឃើញការលំបាក ដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនដល់គេដែរ 10ដូច្នេះ ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅផារ៉ោន ដើម្បីឲ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក។
11នោះម៉ូសេទូលទៅព្រះថា តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ 12ទ្រង់មានបន្ទូលតបថា អញនឹងនៅជាមួយនឹងឯងជាប្រាកដ កាលណាឯងបាននាំគេចេញពីស្រុកអេស៊ីព្ទមក នោះឯងរាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ នេះហើយនឹងបានជាទីសំគាល់ឲ្យឯងដឹងថា អញនេះបានចាត់ឯងទៅ 13ម៉ូសេក៏ទូលទៅព្រះថា មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច 14ព្រះទ្រង់មានបន្ទូលទៅម៉ូសេថា «អញជាព្រះដ៏ជាព្រះ» រួចទ្រង់មានបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា 15ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ 16ទៅចុះ ចូរទៅប្រមូលពួកចាស់ទុំជាតិអ៊ីស្រាអែល ប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ទ្រង់បានលេចមកមានបន្ទូលនឹងខ្ញុំថា អញបានមកប្រោសឯងរាល់គ្នាជាប្រាកដហើយ ក៏បានឃើញការដែលគេធ្វើដល់ឯងរាល់គ្នានៅស្រុកអេស៊ីព្ទដែរ 17ហើយអញបានសំរេចថា អញនឹងនាំឯងរាល់គ្នាឡើងចេញពីសេចក្ដីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ 18គេនឹងស្តាប់តាមឯង ហើយឯង នឹងពួកចាស់ទុំជាតិអ៊ីស្រាអែល ត្រូវចូលទៅគាល់ស្តេចស្រុកអេស៊ីព្ទទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរ ទ្រង់បានមកជួបនឹងយើងខ្ញុំរាល់គ្នាហើយ ដូច្នេះ សូមឲ្យយើងខ្ញុំរាល់គ្នាទៅក្នុងទីរហោស្ថានចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា 19តែអញដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនព្រមអនុញ្ញាតឲ្យឯងរាល់គ្នាទៅទេ លើកតែដោយដៃខ្លាំងពូកែប៉ុណ្ណោះ 20អញនឹងលើកដៃវាយស្រុកអេស៊ីព្ទ ដោយអស់ទាំងការអស្ចារ្យ ដែលអញនឹងធ្វើនៅកណ្តាលស្រុកនោះ ក្រោយនោះមក ស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញទៅ 21អញនឹងធ្វើឲ្យជនជាតិបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ហើយកាលណាចេញទៅ នោះឯងរាល់គ្នានឹងមិនទៅដោយដៃទទេឡើយ 22គឺគ្រប់ទាំងស្រីៗនឹងសូមគ្រឿងមាស គ្រឿងប្រាក់ នឹងសំលៀកបំពាក់ពីអ្នកជិតខាង ហើយពីអ្នកដែលអាស្រ័យនៅផ្ទះជាមួយគ្នា ហើយឯងរាល់គ្នានឹងបំពាក់ឲ្យកូនប្រុសកូនស្រីឯងវិញ ដូច្នេះ ឯងរាល់គ្នានឹងបង្ហិនពួកសាសន៍អេស៊ីព្ទទៅ។
Currently Selected:
និក្ខមនំ 3: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.