YouVersion Logo
Search Icon

និក្ខមនំ 5

5
1ក្រោយ​នោះ​មក ម៉ូសេ​នឹង​អើរ៉ុន​នាំ​គ្នា​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​អញ​នៅ​ទី​រហោ‌ស្ថាន 2តែ​ផារ៉ោន​មាន​បន្ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្តាប់​តាម​ទ្រង់ នឹង​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចេញ​ទៅ​នោះ អញ​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក៏​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ 3នោះ​គេ​ទូល​ថា ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​លេច​មក​ឯ​យើង​ខ្ញុំ​ហើយ ដូច្នេះ សូម​ទ្រង់​អនុញ្ញាត ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា ទៅ​ឯ​ទី​រហោ‌ស្ថាន ចំងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ខ្លាច​ក្រែង​ទ្រង់​ស្ទុះ​មក​ប្រហារ​យើង​រាល់​គ្នា ដោយ​អាសន្ន‌រោគ​ឬ​ដាវ​ផង 4តែ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​មាន​បន្ទូល​តប​ថា នែ​ម៉ូសេ​នឹង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​របស់​ឯង​វិញ​ទៅ។
5ផារ៉ោន​ទ្រង់​ក៏​មាន​បន្ទូល​ថា មើល ឥឡូវ​នេះ បណ្តាជន​នៅ​ស្រុក​នេះ​គេ​មាន​គ្នា​ច្រើន ហើយ​ឯង​មក​ធ្វើ​ឲ្យ​គេ​ឈប់​ពី​ការ​គេ​ចេញ​ដូច្នេះ។ 6នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​ទ្រង់​បង្គាប់​ដល់​ពួក​មេ​ដំរួត​លើ​ជន​ទាំង‌ឡាយ ហើយ​នឹង​ពួក​នាយ​ថា 7ចូរ​កុំ​ឲ្យ​ចំបើង​ដល់​ជន​សំរាប់​នឹង​ធ្វើ​ឥដ្ឋ​ដូច​អំពី​ដើម​ទៀត​ឡើយ ត្រូវ​ឲ្យ​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​វិញ 8តែ​ឯ​ចំនួន​ឥដ្ឋ​ដែល​គេ​ធ្លាប់​ធ្វើ​ពី​ដើម​មក នោះ​ត្រូវ​បង្ខំ​ឲ្យ​គេ​ចេះ​តែ​ធ្វើ​ទៅ​ទៀត​ចុះ កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល​ទេ បាន​ជា​ស្រែក​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ 9ត្រូវ​ដាក់​បន្ទុក​ឲ្យ​គេ​ធ្វើ​រឹត‌តែ​ធ្ងន់​ឡើង ដើម្បី​ឲ្យ​គេ​ខំ​ធ្វើ​ទៅ កុំ​ឲ្យ​គេ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ។
10ពួក​មេ​ដំរួត​លើ​ពួក​ជន នឹង​ពួក​នាយ ក៏​ទៅ​ប្រាប់​ដល់​គេ​ថា ផារ៉ោន​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​លែង​បើក​ចំបើង​ឲ្យ​ឯង​រាល់​គ្នា​ហើយ 11ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ​ការ​របស់​ឯង​រាល់​គ្នា នោះ​មិន​ត្រូវ​បន្ថយ​សូម្បី​ដល់​បន្តិច‌បន្តួច​ឡើយ 12ដូច្នេះ បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​រក​រើស​ជញ្ជ្រាំង​មក​ជំនួស​ចំបើង 13ពួក​មេ​ដំរួត​ក៏​ពោល​បង្ខំ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​បង្ហើយ​ការ​របស់​ឯង​ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​កាល​មាន​ចំបើង​ពី​ដើម​មក​ដែរ 14គេ​ក៏​វាយ​ពួក​មេ​នៃ​កូន​ចៅ​អ៊ីស្រាអែល ដែល​ពួក​មេ​ដំរួត​របស់​ផារ៉ោន​បាន​តាំង​លើ​បណ្តាជន ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ​ហើយ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​អំពី​ដើម​មក។
15នោះ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រាអែល ក៏​នាំ​គ្នា​ទៅ​ស្រែក​ដល់​ផារ៉ោន​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​យ៉ាង​ដូច្នេះ 16ដ្បិត​គេ​មិន​ឲ្យ​ចំបើង​ដល់​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​ខំ​ធ្វើ​ឥដ្ឋ​ទៅ គេ​ក៏​វាយ​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ដែរ តែ​គឺ​ពួក​ទ្រង់​ទេ ដែល​ធ្វើ​ខុស​នោះ 17ទ្រង់​ឆ្លើយ​តប​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​កំជិល គឺ​ឯង​ខ្ជិល​ទេ បាន​ជា​និយាយ​ថា សូម​បើក​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា 18ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ឥឡូវ​ចុះ ដ្បិត​គេ​មិន​ត្រូវ​ឲ្យ​ចំបើង​ដល់​ឯង​រាល់​គ្នា​ទេ តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ឥដ្ឋ​នោះ​ឲ្យ​គ្រប់​ចំនួន​កុំ​ខាន 19ឯ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រាអែល កាល​គេ​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ខ្លួន​ជា​មនុស្ស​ជាប់​សេចក្ដី​វេទនា​ហើយ 20គេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​មក​ជួប​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ដែល​កំពុង​តែ​ឈរ​ចាំ 21ក៏​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ពិចារណា ហើយ​ជំនុំ‌ជំរះ​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ស្អុយ​កេរ​នៅ​ចំពោះ​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ ព្រម​ទាំង​ដាក់​ដាវ​នៅ​ដៃ​គេ​ឲ្យ​សំឡាប់​យើង​រាល់​គ្នា​ផង។
22នោះ​ម៉ូសេ គាត់​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បាប​ដល់​ពួក​បណ្តាជន​នេះ​ដូច្នេះ តើ​ទ្រង់​បាន​ចាត់​ទូលបង្គំ​មក​ធ្វើ​អី 23ដ្បិត​តាំង​តែ​ពី​ទូលបង្គំ​ចូល​ទៅ​ទូល​ផារ៉ោន ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នោះ​ផារ៉ោន​ចេះ​តែ​ធ្វើ​បាប​ដល់​បណ្តាជន​នេះ ហើយ​ទ្រង់​សោត ក៏​មិន​បាន​ប្រោស​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ផង​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in