លោកុប្បត្តិ 31
31
1រួចមកគាត់បានឮពាក្យរបស់ពួកកូនឡាបាន់និយាយគ្នាថា យ៉ាកុបបានលួចរបស់ទ្រព្យឪពុកយើងទាំងអស់ហើយ គឺពីរបស់ឪពុកយើងទេតើដែលវាបានទៅជាមានដូច្នេះ 2ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថា មិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ 3ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ាកុបថា ចូរឯងវិលត្រឡប់ទៅក្នុងស្រុកឪពុកឯង ឯញាតិសន្តានឯងវិញទៅ នោះអញនឹងនៅជាមួយនឹងឯង 4យ៉ាកុបគាត់ចាត់គេឲ្យទៅហៅរ៉ាជែល នឹងលេអាមកឯហ្វូងសត្វត្រង់ទីវាល 5ប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់ដូចជាមិនសូវស្រួលនឹងអញដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ 6ឯងក៏ដឹងថា អញបានបំរើឪពុកឯងអស់ពីកំឡាំងដែរ តែឪពុកឯងបានបញ្ឆោតអញ ហើយបានបំផ្លាស់ឈ្នួលរបស់អញ១០ដងហើយ 7តែព្រះទ្រង់មិនព្រមបើកឱកាសឲ្យគាត់ប្រទូស្តចំពោះអញទេ 8កាលណាគាត់ថា សត្វពពាលនឹងបានជាឈ្នួលឯង នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា សត្វឆ្នូតនឹងបានជាឈ្នួលឯង នោះពួកមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ 9ដូច្នេះព្រះទ្រង់បានដកហ្វូងសត្វរបស់ឪពុកឯងប្រទានមកឲ្យអញវិញហើយ 10នៅរដូវដែលសត្វធ្លាប់ជាន់គ្នា នោះអញងើបភ្នែកឡើងឃើញក្នុងសប្តិថា សត្វឈ្មោលដែលជាន់ញីថាវាមានឆ្នូត មានពពាល ហើយនឹងប្រផេះ 11នោះទេវតានៃព្រះយេហូវ៉ាមានបន្ទូលមកអញក្នុងសប្តិនោះថា យ៉ាកុបអើយ អញទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ 12នោះទ្រង់មានបន្ទូលថា ចូរឯងងើបភ្នែកឡើង មើលទៅសត្វឈ្មោលទាំងប៉ុន្មានដែលជាន់ញី នោះមានឆ្នូត មានពពាល ហើយប្រផេះ ដ្បិតអញបានឃើញអស់ទាំងការ ដែលឡាបាន់បានធ្វើដល់ឯង 13អញជាព្រះនៃបេត-អែល ជាកន្លែងដែលឯងបានចាក់ប្រេងលើបង្គោលនោះ ហើយដែលឯងបានបន់ដល់អញ ឥឡូវនេះឲ្យរៀបចំ ហើយចេញពីស្រុកនេះ វិលនៅឯស្រុកកំណើតឯងវិញទៅ 14ឯរ៉ាជែល នឹងលេអាក៏ឆ្លើយទៅប្ដីថា ចុះយើងនៅមានចំណែក ឬមរដក នៅក្នុងផ្ទះឪពុកយើងឯណា 15តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង 16គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង នឹងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។
17យ៉ាកុបក៏ក្រោកឡើង បញ្ជិះប្រពន្ធកូនលើសត្វអូដ្ឋ 18នាំហ្វូងសត្វរបស់គាត់ទាំងអស់ នឹងទ្រព្យដែលបានប្រមូលទាំងប៉ុន្មាន គឺជាហ្វូងសត្វដែលបានពីកាលនៅប៉ាដាន់-អើរ៉ាម ដើម្បីទៅឯអ៊ីសាក ឪពុកខ្លួន នៅស្រុកកាណានវិញ 19រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក 20ឯយ៉ាកុបគាត់ចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យឡាបាន់ជាសាសន៍អើរ៉ាមដឹងផងទេ 21គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ ដំរង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។
22លុះកន្លងបាន៣ថ្ងៃក្រោយមក នោះមានគេទៅជំរាបដល់ឡាបាន់ថា យ៉ាកុបបានរត់បាត់ទៅហើយ 23ឡាបាន់ក៏យកបងប្អូនគាត់ទៅជាមួយ ដេញតាមចំនួនដើរផ្លូវអស់៧ថ្ងៃ បានទាន់នៅនាភ្នំកាឡាត 24នៅវេលាយប់ ព្រះទ្រង់មកពន្យល់សប្តិ ប្រាប់ឡាបាន់ ជាសាសន៍អើរ៉ាមថា ចូរប្រយ័ត កុំឲ្យឯងនិយាយពាក្យណា ទោះល្អឬអាក្រក់នឹងយ៉ាកុបឡើយ 25នោះឡាបាន់ក៏ទៅដល់គាត់ ឯយ៉ាកុប បានដំឡើងត្រសាលនៅលើភ្នំកាឡាត ហើយឡាបាន់នឹងបងប្អូនគាត់ក៏តំឡើងត្រសាលគេនៅលើភ្នំនោះដែរ 26ឡាបាន់និយាយទៅយ៉ាកុបថា ដូចម្តេចបានជាឯងធ្វើដូច្នេះ គឺដែលឯងចេញមកដោយលួចលាក់មិនឲ្យអញដឹងសោះ ព្រមទាំងនាំពង្រត់កូនស្រីអញមក ដូចជាឈ្លើយដែលចាប់បានដោយដាវផង 27ហេតុអ្វីបានជាឯងលួចរត់ចេញមកពីអញដោយស្ងាត់កំបាំងដូច្នេះ ឥតប្រាប់ឲ្យអញដឹងផង ដើម្បីឲ្យអញបានជូនមកដោយសេចក្ដីអំណរ គឺដោយច្រៀងចំរៀងនឹងបន្ទរក្រាប់ ព្រមទាំងចាប់ស៊ុងដែរ 28ឯងមិនបានឲ្យអញថើបលាកូនចៅរបស់អញសោះ ដូច្នេះ ឯងបានប្រព្រឹត្តបែបចំកួតហើយ 29អញមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុកឯង ទ្រង់មានបន្ទូលនឹងអញពីយប់មិញថា ចូរប្រយ័ត កុំឲ្យនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ 30ឥឡូវនេះ ឯងបានចេញមក ពីព្រោះតែឯងរឭកដល់ផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយកព្រះរបស់អញមកផង 31នោះយ៉ាកុបឆ្លើយទៅឡាបាន់ថា ពីព្រោះខ្ញុំខ្លាច ទាំងគិតក្រែងលោលោកឪពុកដកយកកូនស្រីពីខ្ញុំទៅវិញដោយអំណាច 32បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ សូមឆែកឆេរនៅចំពោះមុខបងប្អូនយើងនេះចុះ មើលបើមានរបស់ណា ជារបស់ផងលោកឪពុក នៅនឹងខ្ញុំ នោះសូមយកវិញចុះ ឯយ៉ាកុបគាត់មិនដឹងជារ៉ាជែលបានលួចយករូបព្រះទាំងនោះទេ 33នោះឡាបាន់ក៏ចូលទៅក្នុងត្រសាលយ៉ាកុប ត្រសាលលេអា នឹងត្រសាលរបស់បាវស្រីទាំង២ រកមិនឃើញសោះ រួចគាត់ចេញពីត្រសាលលេអាចូលទៅក្នុងត្រសាលរ៉ាជែល 34ឯរ៉ាជែលនាងបានយករូបព្រះទាំងនោះ ទៅដាក់ក្នុងប្រដាប់អូដ្ឋទាំងប៉ុន្មាន ហើយអង្គុយពីលើ ឡាបាន់ឆែករកពេញក្នុងត្រសាលមិនឃើញសោះ 35រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។
36ឯយ៉ាកុបគាត់ខឹង ហើយក៏ឈ្លោះនឹងឡាបាន់ដោយពាក្យថា តើខ្ញុំមានទោសអ្វី ឬបានធ្វើបាបណាបានជាលោកឪពុកដេញតាមខ្ញុំ ដោយចិត្តក្តៅយ៉ាងដូច្នេះ 37លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនឹងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជំរះពីរឿងយើងទាំងនេះ 38នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម នឹងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ 39សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ ខ្ញុំបានទទួលសង គឺលោកឪពុកបានចាប់ឲ្យខ្ញុំសង ទោះបើលួចបាននៅពេលថ្ងៃឬពេលយប់ក្តី 40ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់ 41ខ្ញុំបាននៅផ្ទះលោកឪពុកអស់២០ឆ្នាំនេះហើយ គឺខ្ញុំបានបំរើលោកឪពុក១៤ឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំង២រូប ហើយ៦ឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំ១០ដងហើយ 42បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ នឹងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។
43នោះឡាបាន់ឆ្លើយទៅយ៉ាកុបថា ស្ត្រីទាំងនេះជាកូនអញ ហើយក្មេងទាំងនេះក៏ជាចៅអញ ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់អញ ហើយរបស់ទាំងប៉ុន្មានដែលឯងឃើញក៏ជារបស់ផងអញទាំងអស់ដែរ តែនៅថ្ងៃនេះ តើអញនឹងធ្វើអ្វីដល់កូនអញ ហើយនឹងកូនដែលវាបានបង្កើតទាំងប៉ុន្មាននេះបាន 44ដូច្នេះ ចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីនឹងទុកជាទីបន្ទាល់ដល់ឯង ហើយនឹងអញ 45នោះយ៉ាកុបគាត់យកថ្ម១មកបញ្ឈរធ្វើជាបង្គោល 46ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមក នោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ 47ឡាបាន់គាត់ហៅគំនរថ្មនោះថា យេការ-សាហាឌូថា តែយ៉ាកុបហៅថា កាលេឌ វិញ 48រួចឡាបាន់និយាយថា គំនរថ្មនេះជាទីបន្ទាល់ដល់ឯង ហើយនឹងអញនៅថ្ងៃនេះ ហេតុនោះបានជាគេដាក់ឈ្មោះថា កាលេឌ ហើយមីសប៉ា 49ពីព្រោះគាត់និយាយថា សូមឲ្យព្រះយេហូវ៉ាទតមើលឯង ហើយនឹងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា 50បើឯងធ្វើបាបកូនអញ ឬយកប្រពន្ធទៀតលើសពីកូនអញ ក្នុងកាលដែលគ្មានមនុស្សណានៅជាមួយ នោះមើល ព្រះទ្រង់ជាសាក្សីដល់ឯងហើយនឹងអញស្រាប់ហើយ 51រួចឡាបាន់និយាយទៅយ៉ាកុបទៀតថា មើល គំនរថ្មនេះ នឹងបង្គោលនេះហើយ ដែលអញបានដាក់នៅកណ្តាលឯង ហើយនឹងអញ 52គំនរនេះ នឹងបង្គោលនេះនឹងបានជាទីបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរ ឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីឡើយ 53សូមឲ្យព្រះនៃអ័ប្រាហាំជាព្រះនៃណាឃរ គឺជាព្រះនៃឰយុកោរបស់លោក ទ្រង់ជំនុំជំរះយើងចុះ នៅទីនោះ យ៉ាកុបក៏ស្បថនឹងព្រះ ដែលជាទីកោតខ្លាចនៃអ៊ីសាកឪពុកខ្លួនដែរ។
54យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ 55ដល់ព្រលឹមស្រាង នោះឡាបាន់ក្រោកឡើងថើបកូនចៅគាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរ រួចលាត្រឡប់វិលទៅឯទីកន្លែងខ្លួនវិញ។
Currently Selected:
លោកុប្បត្តិ 31: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.