លោកុប្បត្តិ 42
42
1រីឯយ៉ាកុប គាត់ឃើញថា ស្រុកអេស៊ីព្ទមានស្រូវ នោះគាត់និយាយទៅពួកកូនថា ហេតុអ្វីបានជាឯងរាល់គ្នាមើលមុខគ្នាទៅវិញទៅមកដូច្នេះ 2គាត់ប្រាប់ថា នែ អញបានឮថាស្រុកអេស៊ីព្ទមានស្រូវ ដូច្នេះចូរឯងរាល់គ្នាចុះទៅឯណោះ ដើម្បីទិញពីនោះមកសំរាប់យើងចុះ ឲ្យយើងបានរស់នៅកុំឲ្យស្លាប់ 3នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ 4តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា 5ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ 6ឯយ៉ូសែប គាត់ជាចៅហ្វាយលើស្រុកនោះ គឺគាត់ហើយ ដែលជាអ្នកលក់ស្រូវឲ្យដល់បណ្តាមនុស្សនៅផែនដី ពួកបងគាត់ក៏ចូលទៅក្រាបផ្កាប់មុខដល់ដីចំពោះគាត់ 7កាលយ៉ូសែបឃើញពួកបង នោះក៏ស្គាល់គេ តែគាត់ធ្វើដូចជាអ្នកដទៃនឹងគេវិញ ហើយនិយាយដោយតឹងរ៉ឹងថា មកពីណា គេឆ្លើយថា យើងខ្ញុំមកពីស្រុកកាណានដើម្បីនឹងទិញស្បៀងអាហារ 8យ៉ូសែបស្គាល់ពួកបងជាក់ តែគេមិនស្គាល់គាត់ទេ 9គាត់ក៏នឹកឃើញពីសប្តិដែលបានយល់សប្តិពីដំណើរគេ រួចនិយាយទៅគេថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ ឯងបានមកដើម្បីនឹងមើលស្រុកនេះ ដែលនៅទទេជាយ៉ាងណាហើយ 10តែគេឆ្លើយថា ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទបានគ្រាន់តែមកទិញស្បៀងអាហារប៉ុណ្ណោះទេ 11យើងខ្ញុំរាល់គ្នាមានឪពុកតែ១ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ពិត មិនមែនជាពួកលបសង្កេតទេ 12តែគាត់តបទៅគេថា ទេ ពិតជាឯងរាល់គ្នាបានមក ដើម្បីមើលស្រុកដែលនៅទទេជាយ៉ាងណាហើយ 13នោះគេឆ្លើយថា យើងខ្ញុំប្របាទមានបងប្អូន១២នាក់ ជាកូនមានឪពុកតែ១នៅស្រុកកាណាន មើល សព្វថ្ងៃនេះ កូនពៅបាននៅជាមួយនឹងឪពុករបស់យើងខ្ញុំ ហើយកូន១ទៀតមិននៅទេ 14យ៉ូសែបឆ្លើយតបថា គឺដូចជាអញបានប្រាប់ឯងរាល់គ្នាហើយ ថាឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ 15អញនឹងល្បងសាកឯងរាល់គ្នាមើលដូច្នេះ គឺអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកតែប្អូនពៅឯងបានមកឯណេះសិន 16ចូរឯងចាត់គ្នាឯងម្នាក់ឲ្យទៅនាំប្អូនពៅមក តែត្រូវចងឯងរាល់គ្នាទុកនៅទីនេះ ដើម្បីនឹងល្បងសាកមើលចំពោះពាក្យសំដីឯងឲ្យដឹងជានិយាយពិតឬទេ បើមិនពិតទេ នោះអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកមែន 17រួចគាត់ឃុំគេទុកនៅអស់៣ថ្ងៃ។
18លុះដល់៣ថ្ងៃក្រោយមក នោះយ៉ូសែបគាត់និយាយទៅគេថា ចូរធ្វើដូច្នេះចុះ ដើម្បីឲ្យបានរស់នៅ ដ្បិតអញជាអ្នកគោរពកោតខ្លាចដល់ព្រះ 19បើឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន នោះចូរឲ្យបងប្អូនឯងម្នាក់នៅជាប់ចំណងក្នុងគុកនេះសិន តែឯងរាល់គ្នាឯទៀតត្រូវនាំយកស្រូវទៅឲ្យពួកផ្ទះឯងដែលអត់ចុះ 20រួចឲ្យនាំប្អូនពៅឯងមកឯអញកុំខាន យ៉ាងនោះនឹងបានដឹងថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ផង គេក៏ធ្វើដូច្នោះ 21រួចគេនិយាយគ្នាគេថា ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្ដីទុក្ខព្រួយក្នុងចិត្តវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្ដីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ 22នោះរូបេនឆ្លើយឡើងថា តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឲ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលន៏ ឥឡូវឈាមវាបានទារវិញហើយ 23គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ 24គាត់ក៏ងាកបែរចេញពីគេទៅយំ រួចត្រឡប់មកនិយាយនឹងគេវិញ ទើបយកស៊ីម្មានពីពួកគេមកចងនៅមុខគេ។
25យ៉ូសែបគាត់បង្គាប់ឲ្យច្រកស្រូវឲ្យពេញបាវគេ ហើយដាក់ប្រាក់គេចុះទៅក្នុងបាវរៀងខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសំរាប់បរិភោគតាមផ្លូវផង នោះក៏បានធ្វើឲ្យគេដូច្នោះ 26គេផ្ទុកស្រូវលើលាចេញពីនោះទៅ 27លុះកាលអ្នកម្នាក់បានស្រាយបាវ នឹងយកស្រូវឲ្យលាស៊ី នៅត្រង់ផ្ទះសំណាក់ នោះស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ 28គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
29លុះគេទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណានហើយ នោះក៏រ៉ាយរ៉ាប់ជំរាបគាត់ពីគ្រប់ទាំងការដែលបានកើតឡើងដល់គេថា 30អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក 31យើងខ្ញុំបានជំរាបលោកថា យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាពួកលបសង្កេតស្រុកទេ 32ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ 33តែអ្នកដែលជាចៅហ្វាយនៃស្រុកនោះ លោកនិយាយមកយើងខ្ញុំថា គឺយ៉ាងនេះដែលអញនឹងដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវឲ្យទុកបងប្អូនឯងម្នាក់នៅនឹងអញសិន រួចនាំយកស្រូវសំរាប់ពួកគ្រួឯងរាល់គ្នាដែលអត់នោះចេញទៅចុះ 34ហើយនាំប្អូនឯងមកឯអញ នោះអញនឹងដឹងថា ឯងរាល់គ្នាមិនមែនជាពួកលបសង្កេតស្រុកឡើយ គឺជាមនុស្សទៀងត្រង់ពិត រួចសឹមអញនឹងលែងឲ្យបងប្អូនឯងម្នាក់នេះដល់ឯងវិញ ព្រមទាំងបើកឲ្យឯងរាល់គ្នាចេញចូលបានក្នុងស្រុកនេះផង។
35កាលគេបានចាក់ស្រូវចេញពីបាវទៅ នោះក៏ឃើញកញ្ចប់ប្រាក់របស់គេរៀងខ្លួននៅក្នុងបាវ រួចគេនឹងឪពុកគេមានសេចក្ដីភ័យញ័រ ដោយឃើញកញ្ចប់ប្រាក់ទាំងនោះ 36យ៉ាកុបជាឪពុកនិយាយថា ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្ដីទាំងនេះជាទំនាស់នឹងអញហើយ 37រូបេនឆ្លើយទៅឪពុកថា បើខ្ញុំមិននាំវាមកវិញ នោះសូមសំឡាប់កូនប្រុសខ្ញុំទាំង២ចុះ សូមឲ្យវាមកខ្ញុំៗនឹងនាំវាមកជូនលោកឪពុកវិញជាមិនខាន 38តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។
Currently Selected:
លោកុប្បត្តិ 42: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.