លោកុប្បត្តិ 45
45
1យ៉ូសែបខំអត់ទប់ នៅមុខពួកអ្នកទាំងប៉ុន្មានដែលនៅជិតគាត់ពុំបាន ក៏បន្លឺវាចាថា ចូរឲ្យមនុស្សទាំងអស់ថយចេញពីអញទៅ ដូច្នេះ កំពុងដែលយ៉ូសែបថ្លែងឲ្យពួកបងប្អូនស្គាល់ខ្លួន នោះគ្មានមនុស្សណាមួយឈរនៅជិតខាងឡើយ 2គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង 3គាត់ប្រាប់ទៅបងប្អូនថា ខ្ញុំនេះជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ទេឬ ឯបងប្អូនគាត់ឆ្លើយមិនបាន ពីព្រោះគេស្រឡាំងកាំងទាំងអស់គ្នានៅមុខគាត់ 4តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ 5ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក 6ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ 7ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ 8ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង 9ចូរអ្នករាល់គ្នាប្រញាប់ឡើងទៅឪពុកខ្ញុំ នឹងជំរាបគាត់ថា យ៉ូសែបជាកូនលោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញចុះមកឯខ្ញុំ កុំបង្អង់ឡើយ 10លោកឪពុកនឹងបាននៅក្នុងស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក នឹងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនឹងហ្វូងចៀម ហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង 11នៅស្រុកនោះ ខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកត្រូវអន្តរាយទៅ គឺទាំងលោកឪពុក នឹងពួកគ្រួលោកឪពុក ហើយនឹងរបស់លោកឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត 12មើលភ្នែកបងរាល់គ្នា នឹងភ្នែកបេនយ៉ាមីន ជាប្អូនខ្ញុំក៏ឃើញជាក់ថា គឺជាមាត់របស់ខ្លួនខ្ញុំនេះហើយដែលនិយាយនឹងអ្នករាល់គ្នា 13ត្រូវឲ្យជំរាបឪពុកខ្ញុំពីគ្រប់ទាំងសេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ ហើយពីគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាបានឃើញផង ត្រូវឲ្យប្រញាប់ទៅនាំយកឪពុកខ្ញុំចុះមកឯណេះកុំខាន 14នោះគាត់ឱបកបេនយ៉ាមីនជាប្អូន ហើយយំ បេនយ៉ាមីនក៏យំនៅកគាត់ដែរ 15គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។
16ដំណឹងនោះបានឮទៅដល់ក្នុងដំណាក់ផារ៉ោនថា បងប្អូនយ៉ូសែបបានមកដល់ហើយ សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន នឹងពួកមហាតលិកទ្រង់ 17រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែប ឲ្យប្រាប់ដល់ពួកបងប្អូនថា ត្រូវធ្វើដូច្នេះ គឺឲ្យផ្ទុកសត្វរបស់ឯងរាល់គ្នាទៅឯស្រុកកាណានទៅ 18រួចនាំយកឪពុក នឹងពួកគ្រួសាររបស់ឯងរាល់គ្នាមកឯណេះ អញនឹងឲ្យទីកន្លែងដ៏ល្អក្នុងស្រុកអេស៊ីព្ទដល់ឯងរាល់គ្នា នោះឯងរាល់គ្នានឹងបានបរិភោគរបស់ល្អបំផុតនៅស្រុកនេះតទៅ 19ឯងបានទទួលបង្គាប់ហើយ ដូច្នេះចូរធ្វើយ៉ាងនេះចុះ គឺឲ្យយករទេះពីស្រុកអេស៊ីព្ទនេះទៅ សំរាប់ប្រពន្ធឯងរាល់គ្នា ព្រមទាំងកូនតូចៗផង ហើយបញ្ជិះឪពុកឯងរាល់គ្នានាំចុះមកឯណេះ 20កុំឲ្យស្តាយរបស់ទ្រព្យឯងរាល់គ្នាឡើយ ពីព្រោះគ្រប់ទាំងរបស់ល្អនៅស្រុកអេស៊ីព្ទទាំងមូល ជារបស់ផងឯងរាល់គ្នាហើយ។
21ពួកកូនអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយយ៉ូសែបគាត់ឲ្យរទេះទៅគេតាមបង្គាប់ផារ៉ោន ក៏ឲ្យស្បៀងអាហារបរិភោគតាមផ្លូវផង 22គាត់ឲ្យសំលៀកបំពាក់ពីរបីបន្លាស់ដល់គ្រប់គ្នា តែគាត់បានឲ្យប្រាក់៣០០ដួង នឹងសំលៀកបំពាក់៥បន្លាស់ដល់បេនយ៉ាមីន 23រួចក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលា១០ ផ្ទុកសុទ្ធតែរបស់ល្អពីស្រុកអេស៊ីព្ទ ហើយលាញី១០ ផ្ទុកសុទ្ធតែស្រូវ ព្រមទាំងនំបុ័ងនឹងស្បៀងសំរាប់ឪពុកមកតាមផ្លូវ 24គាត់ក៏បញ្ជូនឲ្យបងប្អូនទៅ ដោយពាក្យបណ្តាំថា កុំឲ្យឈ្លោះប្រកែកគ្នាតាមផ្លូវណ៎ះ នោះគេក៏នាំគ្នាចេញទៅ។
25គេចេញពីស្រុកអេស៊ីព្ទ ឡើងទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណាន 26ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ 27តែគេជំរាបគាត់តាមគ្រប់ទាំងពាក្យរបស់យ៉ូសែប ដែលបានផ្តាំមក ហើយកាលគាត់ឃើញរទេះទាំងនោះ ដែលយ៉ូសែបឲ្យមកសំរាប់បញ្ជិះគាត់ទៅ នោះទើបយ៉ាកុបជាឪពុកបានភ្ញាក់ខ្លួនឡើង 28ហើយអ៊ីស្រាអែលនិយាយថា ប៉ុណ្ណេះជឿហើយ យ៉ូសែបកូនអញនៅរស់មែន អញនឹងទៅឲ្យឃើញវាមុនដែលអញស្លាប់។
Currently Selected:
លោកុប្បត្តិ 45: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.