ហាកាយ 1
1
1នៅថ្ងៃទី១ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយដល់យេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ដោយសារហោរាហាកាយថា 2ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ជនជាតិនេះគេពោលថា វេលាដែលនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើងវិញ មិនទាន់មកដល់នៅឡើយ 3ដូច្នេះ ព្រះបន្ទូលនៃយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា 4កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ 5ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ 6ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ។
7ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ 8ព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នោះអញនឹងរីករាយចំពោះវិហារនោះ ហើយនឹងបានថ្កើងឡើងផង 9ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាឯងបាននាំយកទៅដល់ផ្ទះ នោះអញបានផ្លុំផាត់ទៅ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សួរថា ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់អញ ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះឯងរៀងខ្លួននោះ 10ហេតុដូច្នេះបានជាមេឃមិនស្រក់ទំលាក់សន្សើមមកលើឯងទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ 11អញក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង។
12នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោក ឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាច នៅចំពោះព្រះយេហូវ៉ា 13នោះហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្តាជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ទ្រង់បង្គាប់មក គឺព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនៅជាមួយនឹងឯងរាល់គ្នា 14ខណៈនោះ ព្រះយេហូវ៉ា ទ្រង់ដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់យេសួរ ជាកូនយ៉ូសាដាក ដ៏ជាសង្ឃធំ ព្រមទាំងចិត្តរបស់សំណល់នៃបណ្តាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង 15គឺនៅថ្ងៃ២៤ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស។
Currently Selected:
ហាកាយ 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.