YouVersion Logo
Search Icon

ហេ‌ព្រើរ 2

2
1ដោយ​ហេតុ​នោះ បាន​ជា​គួរ​ឲ្យ​យើង​រាល់​គ្នា​ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​រាល់​គ្នា​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពី​សេចក្ដី​ទាំង​នោះ 2ដ្បិត​បើ​សិន​ជា​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ពួក​ទេវតា​បាន​ពោល នោះ​បាន​ឃើញ​ថា​ពិត​មែន ហើយ​គ្រប់​ទាំង​អំពើ​រំលង នឹង​សេចក្ដី​រឹង‌ចចេស​ក៏​ត្រូវ​ទោស​ចំពោះ 3នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន បើ​យើង​ធ្វេស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​ម៉្លេះ ដែល​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្តើម​ផ្សាយ​មក រួច​ពួក​អ្នក​ដែល​ឮ ក៏​បាន​បញ្ជាក់​មក​យើង​រាល់​គ្នា​ដែរ 4ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សំគាល់ ការ​អស្ចារ្យ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង។
5រីឯ​នៅ​ខាង​បរ‌លោក​ដែល​យើង​ខ្ញុំ​និយាយ​នេះ ទ្រង់​មិន​បាន​បញ្ចុះ‌បញ្ចូល មក​ក្រោម​អំណាច​នៃ​ពួក​ទេវតា​ទេ 6តែ​មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​បន្ទាល់ នៅ​កន្លែង​ណា​មួយ​ថា «តើ​មនុស្ស​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ឬ​កូន​មនុស្ស​បាន​ជា​ទ្រង់​ប្រោស​ដូច្នេះ 7ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ទ្រង់​បាន​តាំង​ឡើង​ឲ្យ​ត្រួត‌ត្រា​លើ​អស់​ទាំង​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់ 8ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ហើយ​ដែល​ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នោះ​គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ តែ​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ 9តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ​វិញ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្តិច ទ្រង់​ពាក់​សិរី‌ល្អ នឹង​ល្បី​ព្រះ‌នាម ទុក​ជា​មកុដ ដោយ​ព្រោះ​ទ្រង់​បាន​រង​ទុក្ខ​សុគត ដើម្បី​នឹង​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់ ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ 10ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយ‌សារ​ទ្រង់ កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ​គេ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក 11ពី​ព្រោះ​ព្រះ‌អង្គ ដែល​ញែក​ជា​បរិសុទ្ធ នឹង​ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១ បាន​ជា​ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ 12ទ្រង់​មាន​បន្ទូល​ថា «ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ» 13ហើយ​១​ទៀត​ថា «ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់» ហើយ​១​ទៀត​ថា «មើល ទូលបង្គំ​នេះ នឹង​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូលបង្គំ» 14ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត 15ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់​១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ 16ដ្បិត​ច្បាស់​ជា​ទ្រង់​មិន​បាន​យក​ពួក​ទេវតា​ទេ គឺ​បាន​យក​ពូជ​លោក​អ័ប្រា‌ហាំ​វិញ 17ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ 18ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្ដី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្ដី​ល្បួង​បាន​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in