ហេព្រើរ 3
3
1ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវក នឹងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ 2គឺដែលទ្រង់ស្មោះត្រង់ដល់ព្រះដែលតាំងទ្រង់ ដូចជាលោកម៉ូសេក៏ស្មោះត្រង់ ក្នុងដំណាក់នៃព្រះទាំងមូលដែរ 3ដ្បិតដែលមនុស្សសង់ផ្ទះតែងមានកេរ្តិ៍ឈ្មោះ លើសជាងផ្ទះនោះយ៉ាងណា នោះទ្រង់ក៏បានរាប់ជាគួរនឹងសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ 4ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ 5ហើយលោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ 6តែព្រះគ្រីស្ទ ទ្រង់ស្មោះត្រង់ ទុកដូចជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ទ្រង់វិញ គឺយើងរាល់គ្នានេះជាដំណាក់នោះ បើយើងកាន់ចិត្តមោះមុត នឹងសេចក្ដីអំនួត ចំពោះសេចក្ដីសង្ឃឹមនេះ យ៉ាងខ្ជាប់ខ្ជួនដរាបដល់ចុងបំផុតមែន។
7ដូច្នេះ ចូរប្រយ័តបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ 8ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ 9នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្ដីល្បួង នៅក្នុងទីរហោស្ថាន 10ជាកន្លែងដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ទាំងសាកអញមើល ហើយក៏ឃើញការអញធ្វើ នៅរវាង៤០ឆ្នាំផងនោះ 11ដូច្នេះ អញក៏គ្នាន់ក្នាញ់នឹងមនុស្សដំណនោះ ហើយនិយាយថា វារាល់គ្នាចេះតែមានចិត្តវង្វេងជាដរាប ហើយមិនបានស្គាល់ផ្លូវរបស់អញសោះ 12បានជាអញស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» 13តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្ដីបញ្ឆោតរបស់អំពើបាប 14ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ 15កំពុងដែលនៅមានសេចក្ដីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ» 16ចុះតើអ្នកណាដែលឮ រួចកើតបះបោរនោះ តើមិនមែនជាអស់អ្នក ដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬអី 17តើទ្រង់គ្នាន់ក្នាញ់នឹងអ្នកណា នៅរវាង៤០ឆ្នាំនោះ តើមិនមែននឹងអស់អ្នកដែលបានធ្វើបាប ដែលសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬអី 18ហើយតើទ្រង់បានស្បថនឹងអ្នកណាថា «វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» បើមិនមែននឹងអស់អ្នក ដែលមិនស្តាប់បង្គាប់ទេ 19ដូច្នេះ យើងឃើញថា អ្នកទាំងនោះពុំអាចនឹងចូលបានទេ ដោយព្រោះគេមិនជឿ។
Currently Selected:
ហេព្រើរ 3: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.