YouVersion Logo
Search Icon

ហេ‌ព្រើរ 6

6
1ដូច្នេះ ចូរ​ឲ្យ​យើង​ឈប់ ខាង​ឯ​សេចក្ដី​បថម​សិក្សា​នៃ​ព្រះ‌បន្ទូល​ព្រះ‌គ្រីស្ទ ហើយ​ខំ​ឲ្យ​បាន​ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ មិន​ត្រូវ​តាំង​សេចក្ដី​ដើម​នោះ​ជា​ថ្មី​ឡើង​វិញ ដូច​ជា​សេចក្ដី​ប្រែ​ចិត្ត​ចេញ​ពី​ការ​ស្លាប់ នឹង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ 2ហើយ​នឹង​សេចក្ដី​បង្រៀន​ពី​បុណ្យ​ជ្រមុជ ការ​ដាក់​ដៃ សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ នឹង​សេចក្ដី​ជំនុំ‌ជំរះ​កាត់​ទោស ដល់​អស់​‌កល្ប​ជានិច្ច​នោះ​ឡើយ 3បើ​សិន​ជា​ព្រះ‌ទ្រង់​អនុញ្ញាត​ឲ្យ នោះ​យើង​រាល់​គ្នា​នឹង​ធ្វើ​ការ​នោះ​ឯង 4ដ្បិត​ឯ​ពួក​អ្នក​ដែល​បាន​ភ្លឺ​ម្តង ទាំង​ភ្លក់​អំណោយ​ទាន​នៃ​ស្ថាន‌សួគ៌ ក៏​បាន​ចំណែក​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ 5ហើយ​ភ្លក់​ព្រះ‌បន្ទូល​ដ៏​ល្អ​នៃ​ព្រះ នឹង​ការ​ឫទ្ធិ‌បារមី​របស់​បរលោក​នាយ 6រួច​ធ្លាក់​ទៅ​វិញ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​ទេ ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាល​មុខ​នៅ​កណ្តាល​ជំនុំ​ផង 7ដ្បិត​ដី​ណា​បាន​បៀម​ទឹក​ភ្លៀង ដែល​ធ្លាក់​មក​ជា​ញយៗ រួច​បង្កើត​ជា​បន្លែ​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ភ្ជួរ‌រាស់ នោះ​បាន​ទទួល​ព្រះ‌ពរ​ហើយ 8តែ​ដី​ណា​ដែល​បង្កើត​សុទ្ធ​តែ​បន្លា នឹង​អញ្ចាញ​វិញ ដី​នោះ​ត្រូវ​បោះ​បង់​ចោល​ចេញ ក៏​ជិត​នឹង​ត្រូវ​បណ្តាសា​ហើយ លុះ​ដល់​ចុង​បំផុត​នឹង​ត្រូវ​ដុត​ចោល​ផង។
9ពួក​ស្ងួន‌ភ្ងា​អើយ ទោះ​បើ​យើង​ខ្ញុំ​និយាយ​ដូច្នេះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទុក​ចិត្ត​ខាង​ឯ​អ្នក​រាល់​គ្នា​ថា បាន​សេចក្ដី​ប្រសើរ​ជាង គឺ​ជា​សេចក្ដី​ដែល​ត្រូវ​ខាង​សេចក្ដី​សង្គ្រោះ​វិញ 10ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​អ្នក​រមិល‌គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ 11តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ បាន​សំដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​ជំនឿ​ដ៏​ពេញ‌លេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត 12ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់‌ធន់​វិញ។
13ដ្បិត​កាល​ព្រះ​បាន​សន្យា​នឹង​លោក​អ័ប្រា‌ហាំ នោះ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង សំរាប់​ឲ្យ​ទ្រង់​បាន​ស្បថ​ដោយ​អ្នក​នោះ​ទេ បាន​ជា​ទ្រង់​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ​ថា 14«ដែល​ឲ្យ​ពរ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​មែន ហើយ​ដែល​ចំរើន នោះ​អញ​នឹង​ចំរើន​ពូជ​ឯង​មែន» 15ហើយ​លោក​បាន​ទទួល​សេចក្ដី​សន្យា​នោះ ដោយ​ព្រោះ​លោក​មាន​សេចក្ដី​អត់‌ធន់​ជា​យូរ 16ដ្បិត​ឯ​មនុស្ស គេ​តែងតែ​ស្បថ​ដោយ​អ្នក​ណា​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ ក៏​រាំង‌រា​គ្រប់​ទាំង​ផ្លូវ​ទាស់‌ទែង​គ្នា ដើម្បី​ឲ្យ​ការ​នោះ​បាន​សំរេច 17ដូច្នេះ ចំណែក​ខាង​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​សង្វាត​លើស​ទៅ​ទៀត ចង់​សំដែង​ឲ្យ​ពួក​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះ‌ទ័យ​សំរេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែ‌ប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ 18ដើម្បី​ឲ្យ​យើង​រាល់​គ្នា ដែល​បាន​រត់​មក​ចាប់​កាន់​សេចក្ដី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង ទុក​ជា​ទី​ជ្រក​កោន បាន​សេចក្ដី​កំឡា​ចិត្ត​ឡើង​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ទាំង​២​មុខ​នេះ​ដ៏​មិន​ចេះ​ប្រែ‌ប្រួល ដែល​ខាង​ឯ​សេចក្ដី​ទាំង​២​នោះ ព្រះ‌ទ្រង់​កុហក​ពុំ​បាន​ទេ 19យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ ទុក​ដូច​ជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់‌លាប់​មាំ‌មួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំង​នន 20ជា​កន្លែង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បាន​យាង​ចូល​ទៅ ជំនួស​យើង​រាល់​គ្នា ទុក​ដូច​ជា​អ្នក​នាំ​មុខ ដោយ​ទ្រង់​បាន​ត្រឡប់​ជា​សំដេច​សង្ឃ នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ហេ‌ព្រើរ 6