អេសាយ 32
32
1មើល នឹងមានស្តេច១អង្គសោយរាជ្យដោយសុចរិត ពួកចៅហ្វាយនឹងគ្រប់គ្រងដោយយុត្តិធម៌ 2ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ 3ឯភ្នែកនៃពួកអ្នកដែលមើលឃើញ នោះនឹងមិននៅជាព្រិលៗទៀត ហើយត្រចៀកនៃពួកអ្នកដែលស្តាប់ឮនឹងប្រុងស្តាប់ 4ចិត្តរបស់ពួករួសរាន់នឹងមានដំរិះ ហើយអណ្តាតនៃពួកដែលនិយាយជាប់ នោះនឹងប្រុងប្រៀបនិយាយឡើងយ៉ាងច្បាស់វិញ 5គេនឹងមិនហៅមនុស្សល្ងីល្ងើថាជាអ្នកសទ្ធាទៀត ក៏មិនហៅមនុស្សទ្រឹស្តិស្មូរថាជាមានគុណឡើយ 6ដ្បិតមនុស្សល្ងីល្ងើនឹងបញ្ចេញតែសេចក្ដីចំកួត ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែនឹងសំរេចអំពើសៅហ្មង ហើយនឹងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លាន បានទៅទទេ ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេកចេញ 7គ្រឿងប្រដាប់របស់មនុស្សទ្រឹស្តិស្មូរសុទ្ធតែអាក្រក់ វាគិតគូរការអាក្រក់ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះទាំងវេលា ដែលមនុស្សកំសត់និយាយ ដោយត្រឹមត្រូវផង 8តែឯអ្នកមានចិត្តសទ្ធាវិញ គេគិតគូរការជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះឯង។
9ឱពួកស្រីៗ ដែលនៅដោយឥតកង្វល់អើយ ចូរក្រោកឡើង ហើយស្តាប់សំឡេងខ្ញុំចុះ ឯអ្នករាល់គ្នា ជាកូនស្រីដែលនៅព្រងើយអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យខ្ញុំ 10ឱអ្នករាល់គ្នាដែលនៅព្រងើយដូច្នេះអើយ នៅ១ឆ្នាំប៉ុន្មានថ្ងៃទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ 11ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសំលៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញទៅ 12គេនឹងគក់ទ្រូងយំទួញនឹងចំការដែលគាប់ចិត្ត ហើយនឹងដើមទំពាំងបាយជូរដែលដុះដាល 13នៅក្នុងស្រុករបស់រាស្ត្រអញ នោះនឹងមានដុះសុទ្ធតែបន្លានឹងអញ្ចាញ អើ នៅលើគ្រប់ទាំងផ្ទះសំរាប់ត្រេកអរនៅទីក្រុងដ៏សប្បាយផង 14ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់នឹងត្រូវចោលទទេ ឯបន្ទាយ នឹងប៉មចាំយាម នោះនឹងបានសំរាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសំរាប់ហ្វូងសត្វ។
15ដរាបដល់ព្រះវិញ្ញាណបានចាក់មក លើយើងរាល់គ្នា ពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចំការដុះដាល ហើយចំការដុះដាលបានរាប់ទុកជាព្រៃវិញ។
16នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅ ក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅ ក្នុងចំការដុះដាល 17ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត នឹងជាសេចក្ដីទុកចិត្តជាដរាបទៅ 18ឯរាស្ត្រអញគេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត 19តែនឹងត្រូវធ្លាក់ព្រិលមកបំបាក់ព្រៃ ហើយទីក្រុងនឹងត្រូវរលំអស់រលីង 20មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ នឹងលា ឲ្យដើររកស៊ីតាមចិត្ត។
Currently Selected:
អេសាយ 32: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.