YouVersion Logo
Search Icon

អេសាយ 38

38
1នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ព្រះ​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ 2នោះ​ហេសេគា​ទ្រង់​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​ឯ​ជញ្ជាំង ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា 3ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ​ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ​នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង 4នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសាយ​ថា 5ចូរ​ទៅ​ប្រាប់​ហេសេគា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ ឰយុកោ​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត 6ហើយ​នឹង​ដោះ​ឯង នឹង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ​ផង 7នេះ​នឹង​បាន​ទុក​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង ថា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​ការ​នេះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ 8គឺ​អញ​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​១០​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។
9នេះ​ជា​ពាក្យ​ដែល​ហេសេគា ជា​ស្តេច​យូដា បាន​សរសេរ ក្នុង​កាល​ដែល​ទ្រង់​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។
10យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្តាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ 11យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ត​ទៅ 12ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​អ្នក​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ទ្រង់​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​នឹង​ផ្តាច់​ជីវិត​យើង​ទៅ 13ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ទ្រង់​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​ផ្តាច់​ជីវិត​យើង 14យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូលបង្គំ​ផង 15តើ​ទូលបង្គំ​នឹង​ថា​ដូច​ម្តេច ទ្រង់​បាន​ទាំង​មាន​បន្ទូល​មក​ទូលបង្គំ ហើយ​បាន​សំរេច​តាម​សំដី​ផង ទូលបង្គំ​បាន​ដើរ​សន្សឹមៗ​គ្រប់​១​ជីវិត ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត 16ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូលបង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ​ឯង ដូច្នេះ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ជា ហើយ​ឲ្យ​ទូលបង្គំ​បាន​រស់​វិញ 17មើល ទូលបង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​សុខ​ទេ ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក‌រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ ទៅ​ក្រោយ​ទ្រង់​ហើយ 18ពី​ព្រោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​ឈោង​ដៃ​រក​ទ្រង់​មិន​បាន ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​អួត​សរសើរ​ទ្រង់​មិន​បាន​ដែរ ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ នឹង​សង្ឃឹម​ដល់​សេចក្ដី​ពិត​របស់​ទ្រង់​មិន​បាន​ឡើយ 19ឯ​មនុស្ស​រស់ គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ទ្រង់ ដូច​ជា​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ទ្រង់​ឲ្យ​កូន​ស្គាល់​ត​ទៅ 20ព្រះ‌យេហូវ៉ា ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដូច្នេះ យើង​ខ្ញុំ​នឹង​ច្រៀង​បទ​របស់​ទូលបង្គំ តាម​ប្រដាប់​ភ្លេង​មាន​ខ្សែ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដរាប​ដល់​អស់​១​អាយុ​នៃ​យើង​ខ្ញុំ។
21រីឯ​អេសាយ លោក​បាន​ប្រាប់​ថា ត្រូវ​ឲ្យ​គេ​យក​ផែន​ល្វា​១​មក​បិទ​លើ​បូស នោះ​ទ្រង់​នឹង​បាន​ជា 22ហើយ​ហេសេគា​ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 38