អេសាយ 48
48
1ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹករបស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយស្មោះចំពោះ ឬដោយសុចរិតទេ 2(ពីព្រោះគេហៅខ្លួនជាអ្នកក្រុងបរិសុទ្ធ ហើយផ្អែកទៅលើព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះនាមទ្រង់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ) 3ឯការដែលបានកើតឡើងតាំងតែពីដើមមក នោះអញបានថ្លែងប្រាប់ចាប់តាំងពីបុរាណហើយ អើ សេចក្ដីនោះបានចេញពីមាត់អញទៅ ហើយអញបានសំដែងច្បាស់ ឯការទាំងនោះ អញបានធ្វើភ្លាម១រំពេច ដូច្នេះ ការទាំងនោះបានកើតឡើងហើយ 4ដ្បិតអញបានដឹងថា ឯងជាមនុស្សរឹងចចេស ហើយមានកដូចជាចំរ៉ឹងដែក ឯថ្ងាសឯងក៏ជាលង្ហិន 5ហេតុនោះបានជាអញថ្លែងប្រាប់សេចក្ដីនោះដល់ឯងតាំងពីបុរាណ ហើយបានបង្ហាញឲ្យឯងដឹងមុនដែលការនោះកើតមកផង ក្រែងឯងនិយាយថា គឺជារូបព្រះរបស់ឯងដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ នឹងរូបសិតរបស់ឯង ដែលបង្គាប់ការនោះឡើង 6ឯងបានឮហើយ ចូរពិចារណាការទាំងនេះចុះ ឯឯង តើមិនព្រមថ្លែងប្រាប់ដែរឬ ឥឡូវនេះ អញបានបង្ហាញឲ្យឯងឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលឯងមិនបានស្គាល់ផង 7ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ ឯងមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងឯងនិយាយថា មើល ខ្ញុំបានដឹងការនោះហើយ 8អើ ឯងមិនបានឮសោះ អើ មិនបានដឹងផង អើ តាំងពីបុរាណមក ត្រចៀកឯងមិនទាន់បានបើកឡើងនៅឡើយ ដ្បិតអញបានដឹងថា ឯងនឹងប្រព្រឹត្តដោយចិត្តក្បត់ ហើយឯងមានឈ្មោះថា ជាអ្នកបះបោរតាំងពីតែផ្ទៃម្តាយមក 9ប៉ុន្តែ អញនឹងផ្អាកសេចក្ដីកំហឹងដោយយល់ដល់ឈ្មោះអញ នឹងដោយយល់ដល់សេចក្ដីសរសើររបស់អញ នោះអញនឹងឈប់លែងដំណើរឯង ក្រែងអញកាត់ឯងចេញទៅ 10មើល អញបានសំរងឯង តែមិនមែនដូចជាសំរងប្រាក់ទេ គឺអញបានរើសឯងនៅក្នុងឡនៃសេចក្ដីវេទនាវិញ 11អញនឹងធ្វើការនោះ ដោយយល់ដល់ខ្លួនអញ គឺដោយយល់ដល់ខ្លួនអញហើយ ដ្បិតធ្វើដូចម្តេចឲ្យឈ្មោះអញត្រូវបង្អាប់បាន ឯសិរីល្អរបស់អញៗមិនព្រមលើកឲ្យទៅអ្នកដទៃឡើយ។
12ឱពួកយ៉ាកុប នឹងអ៊ីស្រាអែល ជាអ្នកដែលអញបានហៅអើយ ចូរស្តាប់អញចុះ គឺអញនេះហើយ អញជាដើម ហើយជាចុងដែរ 13អើ ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ កាលណាអញហៅ នោះទាំង២ក៏ឈរឡើងជាមួយគ្នា 14ចូរឲ្យឯងរាល់គ្នាប្រជុំទាំងអស់ ហើយស្តាប់ចុះ ក្នុងពួកគេតើមានអ្នកណាដែលថ្លែងប្រាប់ពីការទាំងនេះឬ អ្នក១នោះដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ គេនឹងសំរេចដល់ក្រុងបាប៊ីឡូន តាមបំណងព្រះហឫទ័យទ្រង់ ដៃរបស់គេនឹងសង្កត់លើពួកខាល់ដេ 15អញ គឺអញនេះហើយ អញបានពោល អើ អញបានហៅគេ អញបាននាំគេមក ហើយគេនឹងបញ្ជឿនការខ្លួនឲ្យកើតឡើងផង 16ចូរឲ្យឯងរាល់គ្នាចូលមកជិតអញ ហើយស្តាប់សេចក្ដីនេះចុះ តាំងតែពីដើមដំបូងមក អញមិនបាននិយាយដោយសំងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះអញក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានចាត់ខ្ញុំជាមួយនឹងព្រះវិញ្ញាណទ្រង់ ឲ្យមក។
17ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ 18ឱបើឯងបានស្តាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ 19ឯពូជពង្សឯងក៏នឹងបានច្រើនដូចជាខ្សាច់ ហើយផលដែលកើតពីឯងមក នោះនឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន ឯឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខអញឡើយ។
20ចូរចេញពីក្រុងបាប៊ីឡូនទៅ ហើយរត់ពីកណ្តាលពួកខាល់ដេចេញ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុប ជាអ្នកបំរើទ្រង់ហើយ 21គេមិនបានស្រេកឡើយ កំពុងដែលទ្រង់នាំគេដើរកាត់សមុទ្រខ្សាច់ គឺទ្រង់បានធ្វើឲ្យមានទឹកហូរចេញពីថ្មដាសំរាប់គេ ទ្រង់ក៏បំប្រេះថ្មដា ឲ្យទឹកផុសចេញមក 22ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គ្មានសេចក្ដីសុខសោះ ដល់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់។
Currently Selected:
អេសាយ 48: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.