យ៉ាកុប 2
2
1បងប្អូនអើយ កុំឲ្យមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ 2ដ្បិតបើសិនជាមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ជៀនមាសនឹងសំលៀកបំពាក់ដ៏មានដំឡៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កក្វក់ចូលមកដែរ 3រួចអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់មានដំឡៃនោះ ក៏អញ្ជើញគេថា សូមអង្គុយនៅទីល្អនេះ រួចប្រាប់ទៅអ្នកក្រថា ចូរឈរនៅទីនុ៎ះចុះ ឬអង្គុយនៅទៀបកំណល់ជើងខ្ញុំនេះដូច្នេះ 4នោះតើមិនមែនឈ្មោះថា បានយោគយល់នៅក្នុងពួកអ្នករាល់គ្នា ហើយបានត្រឡប់ជាអ្នករើសមុខ ដែលមានគំនិតអាក្រក់ទេឬអី 5ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយនេះ ដែលជាអ្នកមានខាងសេចក្ដីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី 6តែអ្នករាល់គ្នាបន្តុះបង្អាប់អ្នកក្រនោះវិញ តើពួកអ្នកមានមិនសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅនៅមុខទីជំនុំជំរះទេឬអី 7តើគេមិនប្រមាថដល់ព្រះនាមល្អ ដែលបានឲ្យដល់អ្នករាល់គ្នាទេឬអី 8បើអ្នករាល់គ្នាកាន់តាមក្រិត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ 9តែបើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ ហើយក្រិត្យវិន័យក៏កាត់ទោសអ្នក ទុកដូចជាបានប្រព្រឹត្តរំលងដែរ 10ដ្បិតអ្នកណាដែលកាន់ក្រិត្យវិន័យទាំងមូលតែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រិត្យវិន័យទាំងមូលនោះហើយ 11ពីព្រោះព្រះដែលមានបន្ទូលថា «កុំឲ្យផិតគ្នាឲ្យសោះ» ទ្រង់ក៏មានបន្ទូលថា «កុំឲ្យសំឡាប់មនុស្ស»ដែរ ដូច្នេះ បើអ្នកមិនបានប្រព្រឹត្តសេចក្ដីកំផិតទេ តែបានសំឡាប់វិញ នោះឈ្មោះថាអ្នកបានប្រព្រឹត្តអំពើរំលងក្រិត្យវិន័យហើយ 12ចូរឲ្យអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្តបែបដូចជាក្រិត្យវិន័យនៃសេចក្ដីសេរីភាព រៀបនឹងជំនុំជំរះអ្នកហើយចុះ 13ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតគេមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ។
14បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ 15ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ 16ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី 17ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង 18តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ 19អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ 20ឱមនុស្សកំឡៅអើយ អ្នកចង់ដឹងពិតឬទេថា សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ 21ចុះលោកអ័ប្រាហាំ ជាឰយុកោយើង តើមិនបានរាប់ជាសុចរិត ដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនាទេឬអី 22ដូច្នេះ អ្នកឃើញថា សេចក្ដីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង 23នោះទើបបានសំរេចបទគម្ពីរ ដែលថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ 24ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ 25ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត 26ពីព្រោះសេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។
Currently Selected:
យ៉ាកុប 2: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.