យេរេមា 5
5
1ចូររត់ទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល ឲ្យដឹងឥឡូវ ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មានមើល បើមានអ្នកណាមួយ គឺបើមានមនុស្សណាដែលប្រព្រឹត្តដោយសុចរិត ឬដែលស្វែងរកសេចក្ដីពិត នោះអញនឹងអត់ទោសដល់ទីក្រុង 2ទោះបើគេថា គេស្បថដោយព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅក៏ដោយ គង់តែគេស្បថដោយភូតភរទេ 3ឱព្រះយេហូវ៉ា ព្រះនេត្រទ្រង់ តើទតមិនឃើញសេចក្ដីពិតទេឬអី ទ្រង់បានវាយគេ តែគេមិនបង្រះសោះ ទ្រង់បានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
4នោះខ្ញុំបានថា មនុស្សទាំងនេះ ប្រាកដជាទាល់ក្រ ហើយល្ងីល្ងើទេ គេមិនស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា ឬក្រឹត្យវិន័យរបស់ព្រះនៃគេឡើយ 5ខ្ញុំនឹងទៅឯពួកអ្នកធំ ហើយនិយាយនឹងគេវិញ ដ្បិតមុខជាគេស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា នឹងក្រឹត្យវិន័យរបស់ព្រះនៃគេពិត ប៉ុន្តែអ្នកទាំងនោះបានព្រមគ្នាបំបាក់នឹម ហើយផ្តាច់ចំណងចេញផង 6ដូច្នេះសិង្ហមួយដែលចេញពីព្រៃ នឹងសំឡាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ ហើយខ្លារខិនម៉បចាំនៅមុខទីក្រុងរបស់គេ អស់អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី ពីព្រោះអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏បានចំរើនជាច្រើនឡើងដែរ។
7ធ្វើដូចម្តេចឲ្យអញបានអត់ទោសឲ្យឯងបាន ពួកកូនចៅរបស់ឯងបានបោះបង់ចោលអញអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលអញបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតអញវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីសំផឹង 8គេប្រៀបដូចជាសេះដែលចិញ្ចឹមដោយល្អ ហើយរត់ទៅមកតាមតែចិត្ត គឺគេស្រែកកញ្ជ្រៀវរកប្រពន្ធរបស់អ្នកជិតខាងគ្រប់គ្នា 9ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹកនឹងសាសន៍ណាយ៉ាងដូច្នេះទេឬអី។
10ចូរឡើងទៅលើអស់ទាំងកំផែងទីក្រុងរបស់គេ ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ ចូរកាច់ខ្នែងគេចេញ ពីព្រោះខ្នែងទាំងនោះមិនមែនជារបស់ផងព្រះយេហូវ៉ាទេ 11ដ្បិតពួកវង្សអ៊ីស្រាអែល នឹងពួកវង្សយូដាបានក្បត់នឹងអញជាខ្លាំងហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12គឺគេបានកុហកពីព្រះយេហូវ៉ា ដោយពាក្យថា មិនមែនព្រះនោះទេ ឯសេចក្ដីអាក្រក់នឹងមិនមកលើយើងរាល់គ្នា ហើយយើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់អត់ឡើយ 13ពួកហោរានឹងត្រឡប់ទៅដូចជាខ្យល់ ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។
14ដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល អញនឹងធ្វើឲ្យពាក្យដែលអញដាក់នៅមាត់ឯង បានដូចជាភ្លើងវិញ ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ 15ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នែ ពួកវង្សអ៊ីស្រាអែលអើយ មើល អញនឹងនាំសាសន៍១ពីឆ្ងាយមកលើឯងរាល់គ្នា គឺជាសាសន៍១យ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណដែលឯងមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ 16បំពង់ព្រួញគេ ដូចជាផ្នូរខ្មោចចំហ គេសុទ្ធតែជាមនុស្សខ្លាំងពូកែ 17គេនឹងស៊ីផលចំរូត ហើយអាហាររបស់ឯងអស់ទៅ ជាអាហារដែលទុកសំរាប់កូនប្រុសកូនស្រីឯង ក៏នឹងស៊ីហ្វូងចៀម ហ្វូងគោរបស់ឯង ហើយនឹងស៊ីបំផ្លាញដើមទំពាំងបាយជូរ នឹងដើមល្វារបស់ឯងដែរ គេនឹងវាយរំលំទីក្រុងមានកំផែង ដែលជាទីទុកចិត្តរបស់ឯងនោះ ដោយសារដាវ 18តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើមានគ្រាយ៉ាងនោះក៏ដោយ គង់តែអញមិនបំផ្លាញឯងរាល់គ្នាឲ្យអស់រលីងដែរ 19ដូច្នេះ បើកាលណាឯងរាល់គ្នាសួរថា ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់ប្រព្រឹត្តការយ៉ាងនេះដល់យើង នោះទ្រង់នឹងឆ្លើយដល់គេថា ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពដល់ព្រះដទៃនៅក្នុងស្រុកឯងជាយ៉ាងណា ឯងរាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុក១ដែលមិនមែនជារបស់ផងខ្លួនយ៉ាងនោះដែរ។
20ចូរថ្លែងសេចក្ដីនេះនៅក្នុងពួកវង្សយ៉ាកុប ហើយប្រកាសប្រាប់នៅក្នុងពួកយូដាថា 21ឱជនជាតិល្ងីល្ងើ ហើយឥតយោបល់ ជាពួកអ្នកដែលមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮអើយ ចូរស្តាប់សេចក្ដីនេះឥឡូវចុះ 22ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើឯងរាល់គ្នាមិនកោតខ្លាចដល់អញទេឬ តើឯងរាល់គ្នាមិនញាប់ញ័រនៅចំពោះអញទេឬអី ដែលអញបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តដ៏នៅជានិច្ច ដើម្បីមិនឲ្យហូររំលងឡើយ ហើយទោះបើរលកបោកមាត់ច្រាំងគង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ 23តែជនជាតិនេះគេមានចិត្តរឹងចចេស ហើយបះបោរវិញ គេបានបះបោរចេញបាត់ទៅហើយ 24គេក៏មិនដែលនឹកក្នុងចិត្តថា ឥឡូវនេះ ចូរយើងកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃយើងវិញ ដែលទ្រង់ប្រទានភ្លៀងមក គឺទាំងភ្លៀងដើម ហើយចុងរដូវផងតាមរដូវភ្លៀង ហើយក៏កំណត់រក្សាទុកប៉ុន្មានអាទិត្យ ដែលសំរាប់ច្រូតកាត់ដល់យើងដែរ នោះឡើយ 25អំពើទុច្ចរិតរបស់ឯងរាល់គ្នាបានបង្វែរការទាំងនោះចេញ ហើយអំពើបាបរបស់ឯង បានបង្ខាំងសេចក្ដីល្អ ចេញពីឯងរាល់គ្នាដែរ 26ដ្បិតនៅក្នុងរាស្ត្រអញ ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់ គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរ ឯគេគឺដាក់អន្ទាក់ ហើយចាប់មនុស្សវិញ 27ទ្រុងមានពេញដោយសត្វហើរយ៉ាងណា ផ្ទះគេក៏ពេញដោយសេចក្ដីឆបោកយ៉ាងនោះដែរ ដូច្នេះ គេបានត្រឡប់ជាធំ ហើយមានឡើង 28គេបានឡើងសាច់ធាត់ ហើយប៉ផូរ អើ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្តីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចំរើនឡើងឡើយ ក៏មិនសំរេចត្រឹមត្រូវដល់ពួកកំសត់ផង 29ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញមិនត្រូវធ្វើទោសចំពោះការដូច្នេះទេឬ តើព្រលឹងអញមិនត្រូវសងសឹកនឹងសាសន៍យ៉ាងនោះទេឬអី។
30មានការដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាច បានកើតឡើងនៅក្នុងស្រុក 31គឺពួកហោរាបានទាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកំឡាំងដៃខ្លួនវិញ ឯរាស្ត្រអញគេក៏ឃើញគួរយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើឯងរាល់គ្នានឹងធ្វើដូចម្តេចទៅ។
Currently Selected:
យេរេមា 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.