YouVersion Logo
Search Icon

យ៉ូហាន 5

5
1ក្រោយ​នោះ​មក មាន​បុណ្យ​១​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម 2រីឯ​នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម នោះ​មាន​ស្រះ​១ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែសដា មាន​សាលា​សំណាក់​៥ 3មាន​មនុស្ស​សន្ធឹក​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត គេ​រង់‌ចាំ​ទឹក​កំរើក​ឡើង 4ដ្បិត​ចួន​ណា​មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ លុះ​ក្រោយ​ដែល​បាន​កូរ​ស្រេច​ហើយ នោះ​អ្នក​ណា​ដែល​ចុះ​ទៅ​មុន​គេ ក៏​បាន​ជា​ស្អាត ទោះ​បើ​ឈឺ​រោគ​អ្វី​ក៏​ដោយ 5នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ដែល​ឈឺ​៣៨​ឆ្នាំ​មក​ហើយ 6កាល​ព្រះ‌យេស៊ូវ​ឃើញ​គាត់​ដេក​នៅ ហើយ​បាន​ជ្រាប​ថា គាត់​នៅ​យ៉ាង​នោះ​ជា​យូរ​មក​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ 7អ្នក​ជំងឺ​នោះ​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ ខ្ញុំ​គ្មាន​អ្នក​ណា​នឹង​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ ក្នុង​កាល​ដែល​ទឹក​បាន​កំរើក​ឡើង​នោះ​ទេ ហើយ​កំពុង​ដែល​ខ្ញុំ​ចុះ​ទៅ នោះ​ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ 8ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ 9ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ក៏​យក​គ្រែ​ដើរ​ទៅ ឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​ឈប់​សំរាក 10ដូច្នេះ ពួក​សាសន៍​យូដា គេ​ស្តី​ឲ្យ​អ្នក​ដែល​បាន​ជា​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សំរាក អ្នក​គ្មាន​ច្បាប់​នឹង​លី​គ្រែ​ទៅ​ទេ 11គាត់​ឆ្លើយ​ទៅ​គេ​ថា លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា លោក​បង្គាប់​ថា ចូរ​យក​គ្រែ​ឯង​ដើរ​ទៅ 12នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ 13តែ​អ្នក​ដែល​បាន​ជា​មិន​ស្គាល់​ជា​អ្នក​ណា​ទេ ពី​ព្រោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​បាត់​ហើយ ក៏​មាន​មនុស្ស​សន្ធឹក​នៅ​ទី​នោះ​ដែរ 14ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​បន្ទូល​ទៅ​ថា មើល ឥឡូវ​អ្នក​បាន​ជា​ហើយ កុំ​ឲ្យ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​កើត​មាន​សេចក្ដី​អាក្រក់​ជាង​នេះ​ទៅ​ទៀត 15មនុស្ស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ដល់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ ដែល​ប្រោស​ឲ្យ​ខ្លួន​បាន​ជា 16ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា គេ​បៀត‌បៀន​ដល់​ព្រះ‌យេស៊ូវ ហើយ​រក​សំឡាប់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​ធ្វើ​ការ​នោះ នៅ​ថ្ងៃ​ឈប់​សំរាក 17ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ព្រះវរ‌បិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ 18ដោយ​ហេតុ​ពាក្យ​នោះ បាន​ជា​ពួក​សាសន៍​យូដា គេ​រក​សំឡាប់​ទ្រង់​រឹត‌តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក​តែ​ប៉ុណ្ណោះ គឺ​បាន​ទាំង​ហៅ​ព្រះ​ថា​ជា​ព្រះវរ‌បិតា​នៃ​ទ្រង់​ថែម​ទៀត ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ផង។
19ដូច្នេះ ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ‌រាជ‌បុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះ‌អង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរ‌បិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរ‌បិតា​ធ្វើ នោះ​ព្រះ‌រាជ‌បុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ 20ពី​ព្រោះ​ព្រះវរ‌បិតា​ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​បង្ហាញ ឲ្យ​ព្រះ‌រាជ‌បុត្រា​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ​ដែរ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ការ​ធំ លើស​ជាង​ការ​ទាំង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អស្ចារ្យ 21ដ្បិត​ដែល​ព្រះវរ‌បិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះ‌រាជ‌បុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ 22ព្រះវរ‌បិតា​ទ្រង់​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ ទ្រង់​បាន​ប្រគល់​គ្រប់​ការ​ជំនុំ‌ជំរះ ដល់​ព្រះ‌រាជ‌បុត្រា​វិញ 23ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌រាជ‌បុត្រា ដូច​ជា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះវរ‌បិតា​ដែរ អ្នក​ណា​ដែល​មិន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មិន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ទ្រង់​មក​ដែរ។
24ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំ‌ជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ 25ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់​វិញ 26ពី​ព្រោះ​ដែល​ព្រះវរ‌បិតា​មាន​ជីវិត​ក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​ជីវិត ក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ 27ហើយ​បាន​ប្រទាន​អំណាច​មក​ទ្រង់ ឲ្យ​ជំនុំ‌ជំរះ​ផង ពី​ព្រោះ​ទ្រង់​ជា​កូន​មនុស្ស 28កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្ដី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក 29គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស 30ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជំរះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្ដី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ក៏​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។
31បើ​សិន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ នោះ​សេចក្ដី​បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ 32មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា សេចក្ដី​បន្ទាល់ ដែល​អ្នក​នោះ​ធ្វើ​ពី​ខ្ញុំ​ក៏​ពិត​ប្រាកដ​មែន 33អ្នក​រាល់​គ្នា​បាន​ចាត់​គេ ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្ដី​ពិត 34ប៉ុន្តែ សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​ទទួល នោះ​មិន​មែន​មក​ពី​មនុស្ស​ទេ ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ទាំង​នេះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ប៉ុណ្ណោះ 35ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត ឲ្យ​បាន​អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក ក្នុង​១​គ្រា​នោះ​ដែរ 36ប៉ុន្តែ ខ្ញុំ​មាន​ទី​បន្ទាល់​វិសេស​ជាង​ទី​បន្ទាល់​របស់​លោក​យ៉ូហាន​ទៅ​ទៀត ពី​ព្រោះ​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះវរ‌បិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ គឺ​ការ​ដែល​ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ឯង នោះ​បាន​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ថា​ព្រះវរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក 37ឯ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ អ្នក​រាល់​គ្នា​មិន​ដែល​ឮ​សំឡេង​ទ្រង់​ឡើយ ក៏​មិន​ដែល​ឃើញ​រូប​អង្គ​ទ្រង់​ផង 38អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​ទ្រង់​នៅ​ក្នុង​ខ្លួន​សោះ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ចាត់​ឲ្យ​មក​នេះ 39អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ 40តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ។
41ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​អំពី​មនុស្ស​ទេ 42ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​ហើយ ថា​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​សោះ 43ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ បើ​សិន​ជា​មាន​អ្នក​ណា​ទៀត​មក ដោយ​នូវ​ឈ្មោះ​របស់​ខ្លួន​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ 44ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន ដែល​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ឯង ឥត​ស្វែង​រក​កិត្តិសព្ទ ដែល​មក​ពី​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​១​អង្គ​ទ្រង់​ដូច្នេះ 45កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ដល់​ព្រះវរ‌បិតា ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​ជា​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម 46បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពី​ព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ 47ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី ដែល​លោក​បាន​ចែង​ទុក​មក​ទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ជឿ​ពាក្យ​ខ្ញុំ​ទៅ​បាន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in