យ៉ូហាន 7
7
1ក្រោយនោះមក ព្រះយេស៊ូវ ទ្រង់យាងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ទ្រង់មិនសព្វព្រះហឫទ័យនឹងយាងក្នុងស្រុកយូដាទេ ពីព្រោះសាសន៍យូដារកសំឡាប់ទ្រង់ 2រីឯបុណ្យរបស់សាសន៍យូដា ដែលហៅថាបុណ្យបារាំ នោះជិតដល់ហើយ 3ដូច្នេះ ពួកប្អូនទ្រង់ទូលថា ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញការដែលបងធ្វើផង 4ដ្បិតអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន នោះមិនដែលធ្វើការដោយសំងាត់ទេ បើបងធ្វើការទាំងនេះ ចូរសំដែងខ្លួនឲ្យមនុស្សលោកស្គាល់ដែរ 5ដ្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ 6ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបថា ឯពេលវេលារបស់ឯងរាល់គ្នា នោះចេះតែមានជានិច្ច តែពេលវេលារបស់អញមិនទាន់ដល់នៅឡើយ 7លោកីយពុំអាចនឹងស្អប់ឯងរាល់គ្នាបានទេ តែគេស្អប់អញវិញ ពីព្រោះអញធ្វើបន្ទាល់ពីគេថា ការគេប្រព្រឹត្តសុទ្ធតែអាក្រក់ 8ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ 9កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏គង់នៅស្រុកកាលីឡេដដែល 10ប៉ុន្តែ កាលពួកប្អូនទ្រង់ឡើងទៅឯបុណ្យនោះផុតហើយ នោះទ្រង់ក៏យាងទៅដែរ តែមិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសំងាត់វិញ 11រីឯពួកសាសន៍យូដា គេសួររកទ្រង់នៅឯទីបុណ្យថា តើលោកនៅឯណា 12ហើយក្នុងហ្វូងមនុស្ស ក៏ឮខ្សឹបខ្សៀវពីដំណើរទ្រង់ជាច្រើន ខ្លះថា លោកជាមនុស្សល្អ ខ្លះទៀតថា ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ 13ប៉ុន្តែ គ្មានអ្នកឯណាហ៊ាននិយាយពីដំណើរទ្រង់ ឲ្យបណ្តាជនដឹងឡើយ ព្រោះខ្លាចសាសន៍យូដា។
14នៅពាក់កណ្តាលពេលបុណ្យ នោះព្រះយេស៊ូវទ្រង់ឡើងទៅ បង្រៀនក្នុងព្រះវិហារ 15ហើយពួកសាសន៍យូដានឹកឆ្ងល់ថា ធ្វើដូចម្តេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រសោះ 16ព្រះយេស៊ូវមានបន្ទូលឆ្លើយថា សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ 17បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ 18អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនឡើយ 19ឯលោកម៉ូសេ តើមិនបានឲ្យក្រិត្យវិន័យមកអ្នករាល់គ្នាទេឬអី ប៉ុន្តែក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាមួយប្រព្រឹត្តតាមក្រិត្យវិន័យនោះទេ ហេតុអ្វីបានជាអ្នករាល់គ្នារកសំឡាប់ខ្ញុំដូច្នេះ 20ហ្វូងមនុស្សក៏ឆ្លើយឡើងថា អ្នកឯងមានអារក្សចូលទេ តើមានអ្នកណារកសំឡាប់ឯង 21ព្រះយេស៊ូវមានបន្ទូលទៅគេថា ខ្ញុំបានធ្វើការ១ ហើយអ្នករាល់គ្នាមានសេចក្ដីអស្ចារ្យទាំងអស់គ្នា 22លោកម៉ូសេក៏ឲ្យពិធីកាត់ស្បែកមកអ្នករាល់គ្នា (មិនមែនថាកើតពីលោកម៉ូសេទេ គឺពីពួកឰយុកោវិញ) ហើយអ្នករាល់គ្នាកាត់ស្បែកឲ្យមនុស្ស នៅថ្ងៃឈប់សំរាកផង 23ដូច្នេះ បើមនុស្សទទួលកាត់ស្បែក នៅថ្ងៃឈប់សំរាក ដើម្បីមិនឲ្យរំលងក្រិត្យវិន័យរបស់លោកម៉ូសេ នោះតើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយព្រោះខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជាស្រឡះ នៅថ្ងៃឈប់សំរាកឬអី 24កុំឲ្យជំនុំជំរះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជំរះតាមសេចក្ដីសុចរិតវិញ។
25នោះមានពួកក្រុងយេរូសាឡិមខ្លះនិយាយថា គឺអ្នកនេះទេតើ ដែលគេរកសំឡាប់នោះ 26ហើយមើល គាត់និយាយនៅកណ្តាលចំណោម តែគ្មានអ្នកណាថាអ្វីឲ្យសោះ តើពួកនាម៉ឺនបានយល់ឃើញហើយថា អ្នកនេះជាព្រះគ្រីស្ទមែនឬអី 27ឯអ្នកនេះ យើងដឹងជាមកពីណា តែព្រះគ្រីស្ទវិញ កាលណាទ្រង់យាងមក នោះគ្មានអ្នកណាដឹងជាមកពីណាទេ 28ដូច្នេះ កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះក៏បន្លឺឧទានឡើងថា អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងជាខ្ញុំមកពីណាផង តែខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ អ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ 29តែខ្ញុំស្គាល់ទ្រង់ ពីព្រោះខ្ញុំមកពីទ្រង់ គឺទ្រង់ពិត ដែលចាត់ឲ្យខ្ញុំមក 30ដូច្នេះ គេរកចាប់ទ្រង់ ប៉ុន្តែ គ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ 31នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសំគាល់ច្រើនជាងលោកនេះឬអី 32ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ នឹងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់ 33ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ 34អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ 35នោះពួកសាសន៍យូដានិយាយគ្នាគេថា តើអ្នកនេះគិតទៅឯណា ដែលយើងនឹងរកមិនឃើញ តើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រេក ដើម្បីនឹងបង្រៀនដល់សាសន៍នោះឬអី 36ពាក្យដែលគាត់ថា «អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ» ហើយថា «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ» នេះតើមានន័យដូចម្តេច។
37នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ 38អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ 39តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ 40ដូច្នេះ កាលបណ្តាមនុស្សបានឮ នោះមានគ្នាច្រើននិយាយថា លោកនេះ ពិតប្រាកដជាហោរានោះហើយ 41អ្នកខ្លះទៀតថា នេះជាព្រះគ្រីស្ទហើយ ខ្លះទៀតថា ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ 42តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី 43ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះទ្រង់ 44មានខ្លះចង់ចាប់ទ្រង់ តែគ្មានអ្នកណាលូកដៃទៅចាប់ទេ។
45នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ នឹងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក 46ពួកអាជ្ញាឆ្លើយថា មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ 47ដូច្នេះ ពួកផារិស៊ីស្តីឲ្យថា អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ 48តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ដែលជឿដល់អ្នកនោះឬទេ 49ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រិត្យវិន័យ គេជាមនុស្សត្រូវបណ្តាសាវិញ 50ឯលោកនីកូដេម ជាអ្នកដែលមកឯទ្រង់ទាំងយប់ ដែលជាពួកផារិស៊ីដែរ លោកនិយាយទៅគេថា 51តើក្រិត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចំឡើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬអី 52នោះគេឆ្លើយទៅលោកថា តើលោកមកពីស្រុកកាលីឡេដែរឬ ចូរពិចារណាមើលចុះ ឥតដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ 53គេក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន 1តែព្រះយេស៊ូវទ្រង់យាងទៅឯភ្នំដើមអូលីវវិញ។
Currently Selected:
យ៉ូហាន 7: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.