YouVersion Logo
Search Icon

យ៉ូប 2

2
1រួច​មក មាន​កាល​១​ថ្ងៃ​ទៀត ដែល​ពួក​កូន​ព្រះ​បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​សាតាំង​ក៏​នៅ​ក្នុង​ចំណោម​នោះ ដើម្បី​គាល់​ព្រះ‌យេហូវ៉ា​ដែរ 2ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី 3រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ​នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង មួយ​ទៀត ទោះ​បើ​ឯង​បណ្តាល​ឲ្យ​អញ​ទាស់​នឹង​គាត់ ដើម្បី​នឹង​បំផ្លាញ​ចេញ ដោយ​ឥត​ហេតុ​ក៏​ដោយ គង់​តែ​គាត់​នៅ​រក្សា​លក្ខណៈ​ខ្លួន​ដដែល 4សាតាំង​ទូល​តប​ថា ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ 5ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង នឹង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌ភក្ត្រ 6ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា មើល អញ​ប្រគល់​គាត់​ទៅ​ក្នុង​អំណាច​ឯង​ទៀត ចូរ​ប្រណី​ដល់​តែ​ជីវិត​គាត់​ប៉ុណ្ណោះ។
7ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​វាយ​យ៉ូប​ឲ្យ​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល 8នោះ​លោក​យក​អំបែង​ឆ្នាំង​សំរាប់​កោស​ខ្លួន ទៅ​អង្គុយ​នៅ​ក្នុង​ផេះ 9ឯ​ប្រពន្ធ​លោក នាង​និយាយ​ថា អ្នក​នៅ​តែ​រក្សា​លក្ខណៈ​ខ្លួន​ទៀត​ឬ ចូរ​ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់​ទៅ​ចុះ 10តែ​លោក​ឆ្លើយ​ថា ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់​ទេ ម៉េច យើង​ទទួល​សេចក្ដី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្ដី​អាក្រក់​ដែរ​ទេ​ឬ ក្នុង​គ្រប់​ទាំង​សេចក្ដី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​បបូរ​មាត់​ទេ។
11រីឯ​មិត្រ​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់ កាល​បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់​ទាំង​នោះ ដែល​កើត​ដល់​លោក នោះ​គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​១ ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា​១ នឹង​សូផារ ជា​សាសន៍​ន៉ាអាម៉ា​១ គេ​សន្មត​គ្នា​នឹង​មក​រួម​ទុក្ខ​ជា​មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ 12កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ 13រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្ដី​ទុក្ខ​ជា​ទំងន់​ណាស់។

Currently Selected:

យ៉ូប 2: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in