ម៉ាថាយ 7
7
1កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ 2ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង 3ហេតុអ្វីបានជាអ្នកមើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ 4ឬធ្វើដូចម្តេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ 5អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ។
6កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្តារបស់ខ្លួន នៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ 7ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក 8ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ 9ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា 10ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី 11ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត 12ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រិត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា។
13ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ 14តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។
15ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ 16អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត តើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបងយក្សឬទេ 17ដូច្នេះ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ 18ធម្មតាដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចេញផលល្អបានដែរ 19អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ 20ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត 21មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ 22នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី 23នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ។
24ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត ដែលសង់ផ្ទះខ្លួននៅលើថ្ម 25រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម 26ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ 27រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ។
28កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះបណ្តាមនុស្សក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀន 29ពីព្រោះទ្រង់បង្រៀន ដូចជាមានអំណាច មិនមែនដូចពួកអាចារ្យរបស់គេទេ។
Currently Selected:
ម៉ាថាយ 7: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.