YouVersion Logo
Search Icon

ទំនុកដំកើង 2

2
1ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើមឡើង
ហើយ​ជន‌ជាតិ​ទាំង​ពួង​មាន​គំនិត​ជា​ឥត​សារ​ដូច្នេះ
2ពួក​មហា‌ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង
ពួក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា
ហើយ​ទាស់​នឹង​ព្រះ‌អង្គ ដែល​ទ្រង់​បាន​លាប​ប្រេងឲ្យ​ដោយ​ពាក្យ​ថា
3ចូរ​យើង​ផ្តាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែ​ចង​របស់​ទ្រង់​ពី​យើង​ចេញ
4ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​សើច
ព្រះ‌អម្ចាស់​ទ្រង់​នឹង​ចំអក​ឲ្យ​គេ
5រួច​ទ្រង់​នឹង​មាន​បន្ទូល​ដល់​គេ​ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់
ព្រម​ទាំង​បំភ័យ​គេ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ផង ថា
6អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយ
គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ។
7៙ អញ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន
បន្ទូល​នឹង​អញ​ថា
ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ
8ចូរ​សូម​ពី​អញ
នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង‌ឡាយ​ដល់​ឯង ទុក​ជា​មរដក
ហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ្តិ៍អាករ​របស់​ឯង
9ឯង​នឹង​បំបាក់​បំបែក​គេ ដោយ​ដំបង​ដែក
ព្រម​ទាំង​បោក​កំទេច​គេ​ទៅ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន
10៙ ដូច្នេះ ឱ​ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​អើយ
ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ចុះ
ឱ​ពួក​អស់​ទាំង​ចៅ‌ក្រម​នៅ​ផែនដី​អើយ
ចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ
11ចូរ​គោរព​ដល់​ព្រះ‌យេហូវ៉ា ដោយ​កោត‌ខ្លាច
ហើយ​មាន​សេចក្ដី​អំណរ ដោយ​ញ័រ​រន្ធត់
12ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង
ហើយ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ
ដ្បិត​បន្តិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើង
មាន​ពរ​ហើយ
អស់​អ្នក​ណា​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ជ្រក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in