ទំនុកដំកើង 34
34
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកក្នុងកាលដែលទ្រង់ក្លែង ធ្វើជាឆ្កួត នៅចំពោះអ័ប៊ីម៉្មាឡិច ហើយត្រូវបណ្តេញចេញទៅ។
1ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់
ពេលវេលា
សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច
2ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា
មនុស្សរាបទាបនឹងឮ ហើយនឹងមានសេចក្ដីអំណរដែរ
3ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ
ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង
4ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ
ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ
5អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្ដីអំណរ
ដ៏ព្រោងព្រាយ
ហើយមុខគេមិនដែលត្រូវខ្មាសឡើយ
6ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅ
នោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាម
ហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន
7ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែល
កោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច
8ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ
មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់
9ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់
ព្រះយេហូវ៉ា
ដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ
10ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លាន
តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វី
ដែលល្អឡើយ
11កូនទាំងឡាយអើយ ចូរមកស្តាប់អញចុះ
អញនឹងបង្រៀនឯងរាល់គ្នា ពីសេចក្ដីកោតខ្លាចដល់
ព្រះយេហូវ៉ា
12តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់
អាយុយឺនយូរ
ដើម្បីឲ្យបានឃើញសេចក្ដីល្អ
13ត្រូវឲ្យរក្សាអណ្តាតខ្លួន ឲ្យរួចពីសេចក្ដីអាក្រក់
ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត
14ចូរថយចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ
ចូរស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាមចុះ
15ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត
ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្តាប់សំរែករបស់គេ
16ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក
ដែលប្រព្រឹត្តអាក្រក់
ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ
17ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ា
ទ្រង់ទទួលស្តាប់
ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្ដីលំបាករបស់គេ
18ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក
ដែលមានចិត្តសង្រេង
ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក
ដែលមានវិញ្ញាណទន់ទាប
19មនុស្សសុចរិតតែងតែកើតមានសេចក្ដីលំបាកជាច្រើន
តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ
20ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ
មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ
21សេចក្ដីអាក្រក់នឹងសំឡាប់មនុស្សដែលប្រព្រឹត្តអាក្រក់
ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិត
នឹងត្រូវមានទោស
22ព្រះយេហូវ៉ាទ្រង់លោះព្រលឹងនៃអស់អ្នកដែលគោរព
ប្រតិបត្តិដល់ទ្រង់
ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់
នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ។
Currently Selected:
ទំនុកដំកើង 34: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.