ទំនុកដំកើង 44
44
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង ជាសេចក្ដីបង្រៀន។
1ឱព្រះអង្គអើយ យើងខ្ញុំបានឮដោយត្រចៀក
ពួកឰយុកោយើងខ្ញុំ បានថ្លែងប្រាប់មកយើងខ្ញុំ
ពីការទាំងប៉ុន្មានដែលទ្រង់បានធ្វើ
នៅសម័យចាស់បុរាណក្នុងជំនាន់គេ
2គឺពីទ្រង់បណ្តេញអស់ទាំងសាសន៍ដទៃចេញ
ដោយព្រះហស្តទ្រង់
ហើយបានបណ្តុះពួកអ៊ីស្រាអែលវិញ
ទ្រង់បានប្រហារអស់ទាំងសាសន៍ដទៃ
តែបានឲ្យអ៊ីស្រាអែលវាតទីចេញទៅ
3ដ្បិតគេមិនបានចាប់យកស្រុកនោះដោយដាវខ្លួនទេ
ក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរ
គឺជាព្រះហស្តស្តាំ នឹងព្រះពាហុទ្រង់
ព្រមទាំងពន្លឺនៃព្រះភក្ត្រទ្រង់វិញ
ដ្បិតទ្រង់បានប្រោសដល់គេ។
4៙ ឱព្រះអង្គអើយ ទ្រង់ជាមហាក្សត្រនៃទូលបង្គំ
សូមបង្គាប់ឲ្យមានសេចក្ដីសង្គ្រោះដល់ពួកយ៉ាកុប
5យើងខ្ញុំនឹងច្រានផ្តួលពួកខ្មាំងសត្រូវ ដោយសារទ្រង់
ហើយនឹងជាន់ឈ្លីពួកអ្នក ដែលលើកគ្នាទាស់នឹងយើងខ្ញុំ
ដោយនូវព្រះនាមទ្រង់
6ដ្បិតទូលបង្គំនឹងមិនពឹងធ្នូរបស់ទូលបង្គំទេ
ហើយដាវទូលបង្គំក៏មិនជួយសង្រ្គោះទូលបង្គំដែរ
7គឺទ្រង់ដែលជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីពួកសត្រូវវិញ
ព្រមទាំងធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាសផង
8យើងខ្ញុំបានអួតពីព្រះ ជាដរាបរាល់ថ្ងៃ
ហើយនឹងសរសើរដល់ព្រះនាមទ្រង់ជាដរាបតទៅ។ –បង្អង់
9៙ ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោលយើងខ្ញុំ
ហើយបានធ្វើឲ្យយើងខ្ញុំអាប់យសផង
ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពយើងខ្ញុំទៀតដែរ
10ទ្រង់បណ្តាលឲ្យពួកយើងខ្ញុំបែរខ្នងចំពោះពួកខ្មាំងសត្រូវ
ហើយពួកអ្នកដែលស្អប់យើងខ្ញុំ
គេរឹបជាន់យករបឹបទៅសំរាប់ខ្លួនគេ
11ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសំរាប់ធ្វើសាច់
ក៏បានកំចាត់កំចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ
12ទ្រង់លក់រាស្ត្រទ្រង់ឥតយកថ្លៃ
ហើយមិនបានចំរើនទ្រព្យដោយសារដំឡៃរបស់គេទេ។
13៙ ទ្រង់ធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីដំនៀល
ចំពោះពួកអ្នកជិតខាង
ជាទីឡកឡឺយ
ហើយជាទីសំណើចដល់អស់អ្នកដែលនៅជុំវិញ
14ក៏ឲ្យយើងខ្ញុំទៅជាសេចក្ដីប្រៀបធៀបនៅគ្រប់ទាំងនគរ
ហើយជាទីគួរគ្រវីក្បាលនៅគ្រប់សាសន៍ដទៃផង
15សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច
ហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ
16ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ
ហើយពួកខ្មាំងសត្រូវ នឹងពួកអ្នកដែលសងសឹងផង។
17៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយ
ប៉ុន្តែយើងខ្ញុំមិនបានភ្លេចទ្រង់ឡើយ
ក៏មិនបានក្បត់សេចក្ដីសញ្ញាទ្រង់ដែរ
18ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេ
ជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ
19ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃ
ហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។
20៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ
ឬប្រទូលដៃទៅឯព្រះដទៃណាមួយ
21នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអី
ដ្បិតទ្រង់ជ្រាបទាំងសេចក្ដីលាក់កំបាំងនៅក្នុងចិត្តផង
22យើងខ្ញុំត្រូវគេសំឡាប់ ជាដរាបរាល់ថ្ងៃ
ដោយព្រោះទ្រង់
ហើយក៏រាប់ទុកដូចជាចៀមដែលសំរាប់សំឡាប់។
23៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង
ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់
សូមទ្រង់តើនឡើង
កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
24ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ
ហើយភ្លេចសេចក្ដីវេទនា នឹងសេចក្ដី
ទុក្ខលំបាករបស់យើងខ្ញុំ
25ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយ
ខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ
26សូមទ្រង់តើនឡើងជួយយើងខ្ញុំ
ហើយលោះយើងខ្ញុំ ដោយយល់ដល់
សេចក្ដីសប្បុរសរបស់ទ្រង់ផង។
Currently Selected:
ទំនុកដំកើង 44: ពគប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.