ទំនុកដំកើង 50
50
ទំនុករបស់អេសាភ។
1ព្រះ គឺជាព្រះដ៏មានឥទ្ធិឫទ្ធិ
ព្រះនាមជាព្រះយេហូវ៉ា
ទ្រង់បានមានបន្ទូលហើយ
ទ្រង់បានកោះហៅទាំងអស់ដែលនៅលើផែនដី
ចាប់តាំងពីទិសខាងថ្ងៃរះទៅដល់ទិសថ្ងៃលិច
2ព្រះទ្រង់បានភ្លឺមកពីក្រុងស៊ីយ៉ូន
ដែលជាទីក្រុងមានលំអដ៏គ្រប់លក្ខណ៍
3ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ
មានភ្លើងឆេះនៅចំពោះទ្រង់
ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
4ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ នឹងដល់ផែនដី
ដើម្បីជំនុំជំរះរាស្ត្ររបស់ទ្រង់ថា
5ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯណេះ
គឺជាពួកដែលបានតាំងសញ្ញានឹងអញ
ដោយថ្វាយយញ្ញបូជា
6នោះផ្ទៃមេឃនឹងសំដែងពីសេចក្ដីសុចរិតរបស់ទ្រង់
ដ្បិតគឺព្រះហើយ ដែលជាចៅក្រម។ –បង្អង់
7៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោល
ឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯង
អញជាព្រះ គឺជាព្រះនៃឯងហើយ
8អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជា
ដែលឯងថ្វាយនោះទេ
ឯដង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច
9តែអញមិនយកគោឈ្មោលពីផ្ទះឯង
ឬពពែឈ្មោលពីក្រោលឯងឡើយ
10ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញ
ព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង
11អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ
ហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ។
12៙ បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯង
ពីព្រោះលោកីយ នឹងរបស់សព្វសារពើក្នុងលោក
ជារបស់ផងអញ
13តើអញនឹងស៊ីសាច់គោឈ្មោល
ឬផឹកឈាមពពែឈ្មោលឬអី
14ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញ
ហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង
15ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក
នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។
16៙ តែព្រះទ្រង់មានបន្ទូលចំពោះមនុស្សអាក្រក់ថា
ឯងត្រូវការអ្វីនឹងថ្លែងប្រាប់ពីបញ្ញត្តអញ
ហើយយកសញ្ញាអញមកនៅក្នុងមាត់ឯង
17ដែលឯងជាអ្នកស្អប់សេចក្ដីប្រដៅ
ហើយក៏បោះបង់ចោលពាក្យអញទៅក្រោយខ្នងដូច្នេះ
18កាលឯងបានឃើញចោរ នោះក៏ចូលគំនិតនឹងគេ
ហើយមានចំណែកជាមួយនឹងពួកសំផឹងផង
19ឯងបានប្រគល់មាត់ឯងទៅសេចក្ដីអាក្រក់
ហើយអណ្តាតឯងបង្កើតកលមាយា
20ឯងអង្គុយនិយាយដើមពីបងប្អូន
ឯងនិយាយបង្កាច់ឈ្មោះទាំងកូនពោះ១នឹងឯងផង
21អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញ
ឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះ
អញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ
22ដូច្នេះ ឯងរាល់គ្នាដែលភ្លេចព្រះអើយ
ចូរពិចារណាសេចក្ដីនេះចុះ
ក្រែងអញហែកឯងខ្ទេចខ្ទីទ័លបើជួយផង
23អ្នកណាដែលថ្វាយដង្វាយជាសេចក្ដីអរព្រះគុណ
នោះក៏លើកដំកើងអញដែរ
ហើយអញនឹងសំដែងសេចក្ដីសង្គ្រោះរបស់ព្រះ
ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់។
Currently Selected:
ទំនុកដំកើង 50: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.