YouVersion Logo
Search Icon

ទំនុកដំកើង 68

68
ទំនុក​ជា​បទ​ចំរៀង​របស់​ស្តេច​ដាវីឌ​ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
1សូម​ព្រះ‌អង្គ​ទ្រង់​ឈរ​ឡើង
ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ
ហើយ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទ្រង់ រត់​ពី​ចំពោះ​ទ្រង់​ចេញ
2សូម​ទ្រង់​បណ្តេញ​គេ​ចេញ
ដូច​ជា​ផ្សែង​ត្រូវ​ផាត់​បាត់​ទៅ​ដែរ
សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​វិនាស​បាត់​ពី​ចំពោះ​ព្រះ​ទៅ
ដូច​ជា​ក្រមួន​ដែល​រលាយ​ទៅ នៅ​ចំពោះ​ភ្លើង
3តែ​សូម​ឲ្យ​មនុស្ស​សុចរិត​បាន​រីក‌រាយ​សប្បាយ​វិញ
ឲ្យ​គេ​បាន​ត្រេក‌អរ​នៅ​ចំពោះ​ព្រះ​ចុះ
អើ សូម​ឲ្យ​គេ​បាន​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ផង
4ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់
ចូរ​លើក​ថ្នល់​ឡើង​ថ្វាយ​ព្រះ ដែល​ទ្រង់​ជិះ​យាង​កាត់
ទី​រហោ‌ស្ថាន​មក
ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា
ចូរ​លោត‌កញ្ឆេង​នៅ​ចំពោះ​ទ្រង់​ចុះ
5ឯ​ព្រះ​ដែល​គង់​នៅ​ក្នុង​ទី​លំនៅ​បរិសុទ្ធ
ទ្រង់​ជា​ឪពុក​ដល់​ពួក​កំព្រា
នឹង​ជា​ចៅ‌ក្រម​ដល់​ពួក​មេម៉ាយ
6ព្រះ‌ទ្រង់​ប្រោស​មនុស្ស​ត្រមោច​ឲ្យ​បែក​ជា​គ្រួសារឡើង
ទ្រង់​នាំ​ពួក​ឈ្លើយ​ឲ្យ​ចេញ​មក​ឯ​សេចក្ដី​ចំរើន
តែ​ពួក​រឹង‌ចចេស​ត្រូវ​អាស្រ័យ​នៅ​ស្រុក​ហួត‌ហែង​វិញ។
7៙ ឱ​ព្រះ‌អង្គ​អើយ កាល​ទ្រង់​បាន​យាង​ចេញ​នាំ​មុខ
រាស្ត្រ​ទ្រង់​ទៅ
នៅ​វេលា​ដែល​ទ្រង់​បាន​យាង​កាត់​ទី​ហោ‌ស្ថាន – បង្អង់
8នោះ​ផែនដី​ក៏​ញ័រ ហើយ​មេឃ​ក៏​ធ្លាក់​មក​ជា​ភ្លៀង
នៅ​ចំពោះ​ទ្រង់
ភ្នំ​ស៊ី‌ណាយ​ក៏​កក្រើក​ញ័រ នៅ​ចំពោះ​ព្រះ គឺ​ជា​ព្រះ
នៃ​សាសន៍​អ៊ីស្រាអែល
9ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ
ក៏​បាន​តាំង​មរដក​ទ្រង់​ដែល​ហេវ​នោះ ឲ្យ​ជាប់​មាំ‌មួន​ឡើង
10ពួក​កង​របស់​ទ្រង់​បាន​អាស្រ័យ​នៅ​ស្រុក​នោះ
ឱ​ព្រះ‌អង្គ​អើយ
ទ្រង់​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​មនុស្ស​ក្រីក្រ
ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់
11ព្រះ‌អម្ចាស់​ទ្រង់​ប្រទាន​ព្រះ‌បន្ទូល
ហើយ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង
នោះ​មាន​គ្នា​ច្រើន​ណាស់
12ពួក​ស្តេច​នៃ​កង‌ទ័ព​ក៏​រត់ គេ​រត់​ទៅ
ហើយ​ពួក​ស្រីៗ​ដែល​នៅ​ផ្ទះ​ក៏​ចែក​របឹប​គ្នា
13ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក​នៅ​កណ្តាល​ក្រោល​សត្វ
គង់​តែ​នឹង​មាន​ស្លាប​ដូច​ជា​ព្រាប​ដែល​ស្រោប​ដោយ​ប្រាក់
ហើយ​រោម​ក៏​ស្រោប​ដោយ​មាស​លឿង
14នៅ​វេលា​ដែល​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​កំចាត់
ពួក​ស្តេច​នៅ​ក្នុង​ស្រុក
នោះ​បាន​ដូច​ជា​វេលា​ដែល​ហិមៈ​ធ្លាក់​នៅ​លើ​ភ្នំ​សាល‌ម៉ូន។
15ភ្នំ​បាសាន​ជា​ភ្នំ​នៃ​ព្រះ ភ្នំ​បាសាន​ក៏​មាន​កំពូល​ខ្ពស់
16ឱ​ភ្នំ​ដ៏​មាន​កំពូល​ខ្ពស់​អើយ ហេតុ​អ្វី​បាន​ជា​មើល
ដោយ​ច្រណែន
ដល់​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫទ័យ​យក​ជា​ទី​លំនៅ​ដូច្នេះ
អើ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​នៅ​ភ្នំ​នោះ​អស់‌កល្ប‌ជានិច្ច
17អស់​ទាំង​រាជ‌រថ​របស់​ព្រះ នោះ​មាន​ចំនួន​២​ម៉ឺន
គឺ​ទាំង​ពាន់ៗ
ព្រះ‌អម្ចាស់​ទ្រង់​ក៏​គង់​នៅ​កណ្តាល ដូច​ក្នុង​ទី​បរិសុទ្ធ
នៅ​ភ្នំ​ស៊ី‌ណាយ
18ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថាន​ខ្ពស់ ទ្រង់​បាន​ចាប់
ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ
ព្រម​ទាំង​ទទួល​អំណោយ​ទាន​សំរាប់​ចែក​ឲ្យ​ដល់​មនុស្ស
គឺ​ដល់​ទាំង​មនុស្ស​បះ‌បោរ​ផង ដើម្បី​ឲ្យ​ព្រះ
ដ៏​ជា​ព្រះ‌យេហូវ៉ា​បាន​គង់​នៅ​ជា​មួយ​នឹង​គេ
19សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរ
ដែល​ទ្រង់​ទទួល​យក​បន្ទុក​យើង​ខ្ញុំ​រាល់ៗ​ថ្ងៃ
គឺ​ជា​ព្រះ​ដ៏​ជា​ទី​សង្គ្រោះ​ដល់​យើង​ខ្ញុំ។ –បង្អង់
20៙ ព្រះ‌ ទ្រង់​ជា​ព្រះ​ដែល​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច
ហើយ​សេចក្ដី​រួច​ពី​ស្លាប់​ក៏​ស្រេច​នៅ​ព្រះ‌យេហូវ៉ា
ជា​ព្រះ‌អម្ចាស់​ដែរ
21តែ​ព្រះ‌ទ្រង់​នឹង​វាយ​បំបែក​ក្បាល​ពួក​ខ្មាំង​សត្រូវ​ទ្រង់
នឹង​ស្បែក​ក្បាល​របស់​អស់​អ្នក​ដែល​ចេះ​តែ​ដើរ​ក្នុង​សេចក្ដី​កំហុស​របស់​ខ្លួន​ដែរ
22ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា
អញ​នឹង​នាំ​គេ​ត្រឡប់​មក​ពី​ស្រុក​បាសាន
អញ​នឹង​នាំ​គេ​ឲ្យ​វិល​ពី​បាត​សមុទ្រ​មក​វិញ
23ដើម្បី​ឲ្យ​ឯង​បាន​ជាន់​ឈ្លី​គេ
ព្រម​ទាំង​ជ្រលក់​ជើង​ឯង​ក្នុង​ឈាម​ផង
ប្រយោជន៍​ឲ្យ​អណ្តាត​ឆ្កែ​បាន​ចំណែក​នៃ​ខ្មាំង​សត្រូវ
របស់​ទ្រង់​ដែរ
24ឱ​ព្រះ‌អង្គ​អើយ គេ​បាន​ឃើញ​ការ​យាង​យាស​នៃ​ទ្រង់
ជា​ដំណើរ​របស់​ព្រះ​នៃ​ទូលបង្គំ គឺ​ជា​ស្តេច​នៃ​ទូលបង្គំ
ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ
25ពួក​ចំរៀង​បាន​ដើរ​នាំ​មុខ ពួក​ភ្លេង​បាន​ដើរ​តាម​ក្រោយ
នៅ​កណ្តាល​ពួក​ស្រី​ក្រមុំ​ដែល​វាយ​ក្រាប់
26ឱ​អស់​អ្នក​ដែល​កើត​ពី​ទី​កំណើត​នៃ​អ៊ីស្រាអែល​អើយ
ចូរ​លើក​ដំកើង​ព្រះ គឺ​ជា​ព្រះ‌អម្ចាស់ នៅ​ក្នុង​ពួក​ជំនុំ
27នៅ​ទី​នោះ​មាន​បេន‌យ៉ាមីន ជា​ពៅ​បង្អស់
ដែល​គ្រប់‌គ្រង​លើ​គេ
ពួក​ចៅហ្វាយ​នៃ​យូដា នឹង​ក្រុម​ជំនុំ​របស់​គេ
ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​សាប់‌យូល៉ូន
ហើយ​ពួក​ចៅហ្វាយ​នៃ​ណែប‌ថាលី​ផង
28ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​ឲ្យ​ផ្តល់​កំឡាំង​ដល់​ឯង
ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង ចំពោះ​អស់​ទាំង​ការ
ដែល​ទ្រង់​បាន​ប្រោស​ដល់​យើង​ខ្ញុំ​ផង
29ឯ​ពួក​ស្តេច គេ​នឹង​នាំ​យក​ដង្វាយ​មក​ថ្វាយ​ទ្រង់
ដោយ​យល់​ដល់​ព្រះ‌វិហារ​នៃ​ទ្រង់
ដែល​នៅ​ក្រុង​យេរូ‌សាឡិម
30សូម​ស្តី​បន្ទោស​ដល់​សត្វ ដែល​នៅ​កណ្តាល​ដើម​ត្រែង
នឹង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ​នៃ​សាសន៍
ទាំង‌ឡាយ​ផង
ឲ្យ​គ្រប់​គ្នា​មក​ក្រាប​ចុះ ថ្វាយ​ប្រាក់​ទាំង​ដុំៗ
ទ្រង់​បាន​កំចាត់‌កំចាយ​អស់​ទាំង​សាសន៍
ដែល​ពេញ​ចិត្ត​នឹង​ការ​សឹក​សង្គ្រាម
31ពួក​អ្នក​ធំ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
ឯ​ស្រុក​អេធីយ៉ូពី នឹង​ប្រញាប់​ប្រវា​ដៃ​ទៅ​ឯ​ព្រះ​ដែរ។
32៙ អស់​ទាំង​នគរ​នៅ​ផែនដី​អើយ
ចូរ​ច្រៀង​ថ្វាយ​ព្រះ
ឱ​ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អម្ចាស់​ចុះ –បង្អង់
33គឺ​ដល់​ព្រះ​ដែល​ទ្រង់​យាង​លើ​ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់
ផ្ទៃ​មេឃ ដ៏​នៅ​តាំង​ពី​បូរាណ​មក
ន៏ ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង
គឺ​ជា​សំនៀង​ដ៏​ខ្លាំង​ក្រៃ‌លែង
34ចូរ​សរសើរ​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌ចេស្តា
ឫទ្ធា‌នុភាព​នៃ​ទ្រង់​គ្រប​លើ​សាសន៍​អ៊ីស្រាអែល
ហើយ​ព្រះ‌ចេស្តា​ទ្រង់​ក៏​នៅ​លើ​លើ​ផ្ទៃ​មេឃ
35ឱ​ព្រះ‌អង្គ ទ្រង់​គួរ​ស្ញែង​ខ្លាច​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់
ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រទាន​កំឡាំង
នឹង​អំណាច​ដល់​រាស្ត្រ​ទ្រង់
សូម​ឲ្យ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in