ទំនុកដំកើង 72
72
ទំនុករបស់ស្តេចសាឡូម៉ូន។
1ឱព្រះអង្គអើយ សូមទ្រង់ប្រទានបញ្ញត្តច្បាប់
នៃទ្រង់មកទូលបង្គំជាស្តេច
ហើយសេចក្ដីសុចរិតនៃទ្រង់ដល់ព្រះរាជបុត្រាផង
2ឲ្យព្រះរាជបុត្រាបានគ្រប់គ្រងលើរាស្ត្ររបស់ព្រះ
ដោយសុចរិត
ហើយលើពួកក្រីក្រដោយទៀងត្រង់
3នោះអស់ទាំងភ្នំធំតូច នឹងចំរើនសេចក្ដីសុខ
ដល់បណ្តាជន
ដោយសេចក្ដីសុចរិត
4សូមឲ្យទ្រង់បានសំរេចក្តី ដល់ពួកកំសត់ក្នុងបណ្តាជន
ហើយជួយសង្គ្រោះដល់ពួកកូនរបស់មនុស្សក្រីក្រ
ព្រមទាំងវាយពួកអ្នកសង្កត់សង្កិនឲ្យខ្ទេចខ្ទីទៅ។
5៙ យ៉ាងនោះ គេនឹងកោតខ្លាចដល់ទ្រង់ដ៏ជាព្រះ
អស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ
ព្រមទាំងព្រះចន្ទផង ដរាបដល់អស់ទាំងដំណតរៀងទៅ
6សូមឲ្យទ្រង់បានដូចជាភ្លៀងធ្លាប់ចុះមកលើវាល
ដែលច្រូតស្មៅហើយ
គឺដូចជាភ្លៀង១មេៗដែលស្រោចដី
7នៅក្នុងគ្រាព្រះរាជបុត្រា
នោះមនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង
ហើយនឹងមានសេចក្ដីសុខជាបរិបូរ
ដរាបដល់ព្រះចន្ទរលត់សូន្យទៅ។
8៙ ទ្រង់នឹងមានអំណាច
ចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង
ហើយពីទន្លេ រហូតដល់ទីបំផុតផែនដី
9ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថាន
គេនឹងក្រាបចុះនៅចំពោះទ្រង់
ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ នឹងក្រាបលិទ្ធធូលីដី
10ពួកក្សត្រនៃស្រុកតើស៊ីស នឹងកោះទាំងប៉ុន្មាន
នឹងថ្វាយសួយអាករ
ពួកក្សត្រនៃស្រុកសេបា
នឹងស្រុកសាបា
នឹងថ្វាយគ្រឿងបណ្ណាការដែរ
11អើ ពួកក្សត្រទាំងអស់ នឹងផ្តួលខ្លួនក្រាបចុះ
នៅចំពោះទ្រង់
ហើយអស់ទាំងនគរនឹងចំណុះទ្រង់ដែរ
12ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួច
ក្នុងកាលដែលថ្លែងទុក្ខ
ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង
13ទ្រង់នឹងមានសេចក្ដីអាណិតមេត្តា
ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត
ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង
14ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិន
នឹងការច្រឡោត
ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ។
15៙ ដូច្នេះ គេនឹងរស់នៅ ហើយនឹងមានដង្វាយ
ជាមាសពីស្រុកសេបា ឲ្យបានថ្វាយដល់ទ្រង់
មនុស្សទាំងឡាយនឹងអធិស្ឋានឲ្យទ្រង់ជានិច្ច
ហើយនឹងថ្វាយពរដល់ទ្រង់ជាដរាបរាល់ថ្ងៃ
16ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក
រហូតដល់កំពូលភ្នំ
ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង
ដូចជាដើមឈើនៅភ្នំល្បាណូន
ហើយមនុស្សនឹងចំរើនឡើងនៅក្នុងទីក្រុង
ដូចជាស្មៅនៅដីដែរ
17នាមទ្រង់នឹងស្ថិតស្ថេរនៅជាដរាប
គឺនឹងមាននៅអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ
ហើយមនុស្សទាំងឡាយនឹងបានពរដោយសារទ្រង់ អស់ទាំងសាសន៍នឹងហៅទ្រង់ថា ជាអ្នកមានពរ។
18៙ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ
គឺជាព្រះនៃសាសន៍អ៊ីស្រាអែល
ជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ
19សូមឲ្យព្រះនាមដ៏រុងរឿងរបស់ទ្រង់បានប្រកប
ដោយព្រះពរ នៅអស់កល្បជានិច្ច
សូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់
អាម៉ែនៗ។
20៙ ពាក្យអធិស្ឋានរបស់ដាវីឌ ជាបុត្រអ៊ីសាយ
ចប់តែប៉ុណ្ណេះ។
Currently Selected:
ទំនុកដំកើង 72: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.