YouVersion Logo
Search Icon

រ៉ូម 14

14
1ចូរ​ទទួល​អ្នក​ណា ដែល​ខ្សោយ​ខាង​ឯ​សេចក្ដី​ជំនឿ​ដែរ មិន​មែន​ឲ្យ​បាន​ជជែក​គ្នា​ពី​សេចក្ដី​ប្រកាន់​ផ្សេងៗ​ឡើយ 2ដ្បិត​ម្នាក់​ជឿ​ថា បរិភោគ​បាន​គ្រប់​មុខ​ទាំង​អស់ ម្នាក់​ទៀត ដែល​ខ្សោយ បរិភោគ​តែ​បន្លែ​ទេ 3កុំ​ឲ្យ​អ្នក​ដែល​បរិភោគ មើល‌ងាយ​ដល់​អ្នក​ដែល​មិន​បរិភោគ​ឡើយ ក៏​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិភោគ និន្ទា​ចំពោះ​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះ‌ទ្រង់​ទទួល​អ្នក​នោះ​ដូច​គ្នា 4តើ​អ្នក​ជា​អ្វី​ដែល​និន្ទា​បាវ​បំរើ​របស់​គេ អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ ហើយ​គេ​នឹង​បាន​ឈរ​មែន ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​តាំង​ឲ្យ​ឈរ​បាន 5ម្នាក់​រាប់​ថា ថ្ងៃ​១​ល្អ​ជាង​ថ្ងៃ​១ ម្នាក់​ទៀត​រាប់​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា ត្រូវ​ឲ្យ​គ្រប់​គ្នា​ជឿ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន 6អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​ប្រកាន់​ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ណា​ដែល​មិន​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ អ្នក​ណា​ដែល​បរិភោគ នោះ​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិភោគ នោះ​គឺ​មិន​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។
7ដ្បិត​គ្មាន​អ្នក​ណា​ក្នុង​ពួក​មនុស្ស​យើង ដែល​រស់​សំរាប់​ខ្លួន​ឯង​ទេ ក៏​គ្មាន​អ្នក​ណា​ស្លាប់​សំរាប់​ខ្លួន​ឯង​ដែរ 8ទោះ​បើ​យើង​រស់​ឬ​ស្លាប់​ក្តី គង់​តែ​យើង​ត្រូវ​រស់​ឬ​ស្លាប់​ថ្វាយ​ព្រះ‌អម្ចាស់​វិញ ដូច្នេះ បើ​រស់​ឬ​ស្លាប់​ក្តី នោះ​យើង​ក៏​ជា​របស់​ផង​ព្រះ‌អម្ចាស់​ដែរ 9ដ្បិត​ដោយ​ហេតុ​នោះ​ឯង បាន​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ដើម្បី​នឹង​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ នឹង​មនុស្ស​រស់​ផង 10ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​និន្ទា​ចំពោះ​បង​ប្អូន​ខ្លួន ឬ​មើល‌ងាយ​ដល់​បង​ប្អូន​ខ្លួន ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជំរះ​របស់​ផង​ព្រះ‌គ្រីស្ទ 11ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌អម្ចាស់​ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ថា ត្រូវ​ឲ្យ​គ្រប់​ទាំង​ជង្គង់​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​ត្រូវ​សរសើរ​ដល់​ព្រះ​ផង» 12ដូច្នេះ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន។
13ហេតុ​នោះ កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ 14ខ្ញុំ​ដឹង ហើយ​ក៏​ជឿ​ពិត ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ទេ គឺ​ស្មោក‌គ្រោក​ដល់​តែ​អ្នក​ណា ដែល​ជឿ​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ 15ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ កុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស ត្រូវ​វិនាស​ដោយ‌សារ​ម្ហូប​របស់​អ្នក​ឡើយ 16ក៏​កុំ​ឲ្យ​គេ​មាន​ឱកាស​នឹង​និយាយ​អាក្រក់ ពី​ការ​ល្អ​របស់​អ្នក​ដែរ 17ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ការ​ស៊ី ឬ​ផឹក​នោះ​ទេ គឺ​ស្រេច​នឹង​សេចក្ដី​សុចរិត សេចក្ដី​មេត្រី នឹង​សេចក្ដី​អំណរ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ 18ពី​ព្រោះ​អ្នក​ណា​ដែល​បំរើ​ព្រះ‌គ្រីស្ទ ដោយ‌សារ​សេចក្ដី​ទាំង​នោះ អ្នក​នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​ហើយ ព្រម​ទាំង​មាន​មនុស្ស​រាប់​អាន​ដល់​ខ្លួន​ដែរ 19ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្ដី ដែល​នាំ​ឲ្យ​មេត្រី​គ្នា នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ 20កុំ​ឲ្យ​បំផ្លាញ​ការ​ព្រះ ដោយ​ព្រោះ​តែ​ម្ហូប​ណា​នោះ​ឡើយ គ្រប់​របស់​ទាំង​អស់​ឈ្មោះ​ថា​ស្អាត​មែន តែ​រមែង​ជា​អាក្រក់​ដល់​អ្នក​ណា​ដែល​បរិភោគ​ដោយ​ប្រទាំង​វិញ 21គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ 22អ្នក​ឯង​មាន​សេចក្ដី​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​កាត់​ទោស​ខ្លួន​ឯង ក្នុង​ការ​ដែល​ខ្លួន​រាប់​ថា​ធ្វើ​បាន 23តែ​បើ​អ្នក​ណា​បរិភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​បរិភោគ​ដោយ​សេចក្ដី​ជំនឿ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ដោយ​ឥត​មាន​សេចក្ដី​ជំនឿ នោះ​សុទ្ធ​តែ​ជា​បាប​ទាំង​អស់​ហើយ។

Currently Selected:

រ៉ូម 14: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in