YouVersion Logo
Search Icon

សាការី 1

1
1នៅ​ខែ​កត្តិក ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា 2ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង​នឹង​ពួក​ឰយុកោ​ឯង​រាល់​គ្នា 3ហេតុ​នោះ ចូរ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​វិល​មក​ឯ​អញ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​អញ​នឹង​វិល​មក​ឯ​ឯង​រាល់​គ្នា​ដែរ នេះ​ក៏​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 4កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​ជា​ពួក​ឰយុកោ​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ នឹង​ពី​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​អញ​ទេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 5ឯ​ពួក​ឰយុកោ​របស់​ឯង​រាល់​គ្នា ឥឡូវ​តើ​គេ​នៅ​ឯ​ណា ហើយ​ពួក​ហោរា​តើ​គេ​នៅ​ជា​ដរាប​ឬ​អី 6តែ​ចំណែក​ពាក្យ នឹង​បញ្ញត្ត​ច្បាប់ ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បំរើ​អញ តើ​មិន​បាន​តាម​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ទាន់​ទេ​ឬ រួច​គេ​បែរ​ជា​ទទួល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត នឹង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង។
7នៅ​ថ្ងៃ​២៤ ខែ​ទី​១១ គឺ​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​២នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា 8នៅ​វេលា​យប់ អញ​បាន​មើល​ទៅ ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្តាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប ឯ​ខាង​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ ហើយ​ស 9នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី រួច​ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី 10រួច​មនុស្ស​ដែល​ឈរ​នៅ​កណ្តាល​ដើម​យីថោ ក៏​ឆ្លើយ​ឡើង​ថា ទាំង​អស់​នេះ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរ​ចុះ​ឡើង​នៅ​ផែនដី 11ពួក​នោះ​ក៏​តប​ដល់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ដែល​ឈរ​កណ្តាល​ដើម​យីថោ​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​ដើរ​ចុះ​ឡើង​នៅ​ផែនដី ហើយ​ក៏​ឃើញ​ថា ផែនដី​ទាំង​មូល​នៅ​ស្ងប់‌ស្ងាត់ ហើយ​ស្រាក‌ស្រាន្ត។
12បន្ទាប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ពោល​ឡើង​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ដល់​កាល​ណា​បាន​ទ្រង់​អាណិត​មេត្តា​ដល់​ក្រុង​យេរូ‌សាឡិម នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​គ្នាន់‌ក្នាញ់​នឹង​គេ​អស់​៧០​ឆ្នាំ​ហើយ​នេះ 13ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កំសាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ 14ដូច្នេះ ទេវតា​ដែល​ពោល​មក​នឹង​ខ្ញុំ​ក៏​ប្រាប់​ខ្ញុំ​ថា ចូរ​បន្លឺ​ឡើង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម នឹង​ភ្នំ​ស៊ីយ៉ូន 15ក៏​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង ចំពោះ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ដោយ​ស្ងប់​រំងាប់​ដែរ ដ្បិត​ពី​ដើមអញ​បាន​សេចក្ដី​អាក់‌អន់​តែ​បន្តិច​ទេ តែ​គេ​បាន​បង្កើន​ការ​អាក្រក់​នោះ​ជា​ច្រើន​ឡើង 16ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​វិល​មក​ឯ​ក្រុង​យេរូ‌សាឡិម​ទាំង​មាន​សេចក្ដី​អាណិត​មេត្តា វិហារ​របស់​អញ​នឹង​បាន​សង់​ឡើង​វិញ​នៅ​ទី​នេះ ហើយ​នឹង​មាន​ខ្សែ​វាស់​សន្ធឹង​នៅ​លើ​ក្រុង​យេរូ‌សាឡិម នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 17ចូរ​បន្លឺ​ឡើង​ម្តង​ទៀត​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អញ​នឹង​មាន​សេចក្ដី​ចំរើន​ហូរ‌ហៀរ​ឡើង​ទៀត ហើយ​ព្រះ‌យេហូវ៉ា​នឹង​កំសាន្ត​ទុក​ភ្នំ​ស៊ីយ៉ូន ព្រម​ទាំង​រើស​តាំង​ក្រុង​យេរូ‌សាឡិម​ជា​ថ្មី​ផង។
18នោះ​ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​ស្នែង​៤ 19នោះ​ខ្ញុំ​សួរ​ទេវតា ដែល​ពោល​នឹង​ខ្ញុំ​ថា នេះ​តើ​ជា​អ្វី នោះ​ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កំចាត់‌កំចាយ​ពួក​យូដា ពួក​អ៊ីស្រាអែល នឹង​ពួក​ក្រុង​យេរូ‌សាឡិម 20រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឲ្យ​ខ្ញុំ​ឃើញ​ជាង​ដែក​៤​នាក់ 21ខ្ញុំ​ក៏​សួរ​ថា អ្នក​ទាំង​នេះ​មក​ធ្វើ​អី ទេវតា​ប្រាប់​ថា គឺ​ស្នែង​ទាំង​នេះ​ដែល​កំចាត់‌កំចាយ​ពួក​យូដា ដល់‌ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ងើប​ក្បាល​ឡើង​ទៀត តែ​ពួក​នេះ​បាន​មក ដើម្បី​បំភ័យ​គេ ហើយ​វាយ​ទំលាក់​ស្នែង​របស់​សាសន៍​ដទៃ ដែល​បាន​លើក​ស្នែង​នេះ​ទាស់​នឹង​ស្រុក​យូដា ដើម្បី​នឹង​កំចាត់‌កំចាយ​គេ​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in