YouVersion Logo
Search Icon

សាការី 3

3
1រួច​មកទេវតា​នោះ ក៏​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​យេសួរ ជា​សំដេច​សង្ឃ ឈរ​នៅ​ចំពោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា មាន​អារក្ស​សាតាំង​ឈរ​នៅ​ខាង​ស្តាំ​លោក ដើម្បី​តវ៉ា​នឹង​លោក 2នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​សាតាំង​ថា ម្នាល​សាតាំង ព្រះ‌យេហូវ៉ា​ទ្រង់​បន្ទោស​ឯង អើ ព្រះ‌យេហូវ៉ា​ដែល​បាន​រើស​ក្រុង​យេរូ‌សាឡិម ទ្រង់​ស្តី​បន្ទោស​ដល់​ឯង​នេះ តើ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ 3រីឯ​យេសួរ លោក​កំពុង​ឈរ​នៅ​ចំពោះ​ទេវតា​ទាំង​ស្លៀក‌ពាក់​កខ្វក់ 4ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ដែល​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ដោះ​សំលៀក‌បំពាក់​កខ្វក់​ពី​លោក​ចេញ រួច​ទ្រង់​មាន​បន្ទូល​ដល់​លោក​ថា មើល អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក‌បំពាក់​ដ៏​រុងរឿង​វិញ 5នោះ​ខ្ញុំ​ក៏​ទូល​ថា សូម​ឲ្យ​គេ​បំពាក់​ក្បាំង​ស្អាត នៅ​លើ​ក្បាល​លោក​ផង ដូច្នេះ គេ​ក៏​បំពាក់​ក្បាំង​ស្អាត នៅ​លើ​ក្បាល​លោក ព្រម​ទាំង​ប្រដាប់​កាយ​ឲ្យ​ផង មាន​ទាំង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ទី​នោះ​ដែរ។
6ឯ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​បន្ទាល់​យ៉ាង​មុត‌មាំ​នឹង​យេសួរ​ថា 7ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​ឯង​នឹង​ដើរ​តាម​ផ្លូវ​របស់​អញ ហើយ​រក្សា​បញ្ញើរ​របស់​អញ នោះ​ឯង​នឹង​ជា​អ្នក​គ្រប់‌គ្រង​លើ​វិហារ​របស់​អញ ព្រម​ទាំង​រក្សា​ទីលាន​របស់​អញ​ផង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ​ដែរ 8ឱ​យេសួរ​ជា​សំដេច​សង្ឃ​អើយ ចូរ​ស្តាប់​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​អង្គុយ​ជា​មួយ​នឹង​ឯង​ផង ព្រោះ​គេ​ជា​ពួក​ដែល​ជា​ទី​អស្ចារ្យ ដ្បិត​មើល អញ​នឹង​ឲ្យ​អ្នក​បំរើ​របស់​អញ​ឈ្មោះ«លំពង់»ចេញ​មក 9ចូរមើល​ថ្ម ដែល​អញ​បាន​ដាក់​នៅ​មុខ​យេសួរ​ចុះ នៅ​ថ្ម​តែ​មួយ​នោះ​មាន​ភ្នែក​៧ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ចារឹក​ចំឡាក់​ដែល​ត្រូវ​ឆ្លាក់​នៅ​ថ្ម​នោះ ហើយ​នឹង​ដក​យក​សេចក្ដី​ទុច្ចរិត​ពី​ស្រុក​នេះ​ចេញ​ក្នុង​១​ថ្ងៃ 10ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ ឯង​រាល់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​របស់​ឯង​មក នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​រៀង​ខ្លួន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for សាការី 3