YouVersion Logo
Search Icon

សាការី 7

7
1លុះ​ដល់​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​ស្តេច​ដារី‌យុស នៅ​ថ្ងៃ​៤​ខែ​ទី​៩ គឺ​ជា​ខែ​មិគសិរ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សាការី 2គ្រា​នោះ ពួក​អ្នក​នៅ​បេត-អែល​បាន​ចាត់​សារេស៊ើរ នឹង​រេគេម-មែលេក ព្រម​ទាំង​ពួក​របស់​គេ​មក​ទូល​អង្វរ​ចំពោះ​ព្រះ‌យេហូវ៉ា 3ហើយ​នឹង​សួរ​ដល់​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​ដល់​ពួក​ហោរា​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​យំ​នៅ​ខែ​ស្រាពណ៍ ទាំង​ញែក​ខ្លួន​ចេញ ដូច​ជា​បាន​ធ្វើ​មក​ជា​យូរ​ឆ្នាំ​ហើយ​ឬ 4នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក៏​មក​ដល់​ខ្ញុំ​ថា 5ចូរ​ប្រាប់​ដល់​បណ្តាជន​នៅ​ក្នុង​ស្រុក នឹង​ពួក​សង្ឃ​ថា កាល​ឯង​រាល់​គ្នា​បាន​តម​អត់ ហើយ​យំ​សោក នៅ​ខែ​ស្រាពណ៍ នឹង​ខែ​អស្សុជ ទាំង​៧០​ឆ្នាំ​មក​ហើយ​នេះ នោះ​តើ​បាន​តម​អត់​ដោយ​គោរព​ដល់​អញ​ឬ គឺ​ដល់​អញ​មែន​ឬ​អី 6ហើយ​កាល​ណា​ឯង​រាល់​គ្នា​ស៊ី ឬ​កាល​ណា​ផឹក នោះ​តើ​មិន​មែន​ស៊ី នឹង​ផឹក ជា​ប្រយោជន៍​ដល់​ខ្លួន​ទេ​ឬ 7តើ​មិន​មែន​ជា​សេចក្ដី​នោះ​ឯង​ទេ​ឬ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ជាន់​មុន ក្នុង​កាល​ដែល​ក្រុង​យេរូ‌សាឡិម​មាន​មនុស្ស​អាស្រ័យ​នៅៗ​ឡើយ ហើយ​មាន​សេចក្ដី​ចំរើន ព្រម​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ផង ហើយ​ស្រុក​ត្បូង នឹង​ស្រុក​ទំនាប​ក៏​មាន​មនុស្ស​អាស្រ័យ​នៅ​ដែរ។
8ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សាការី​ថា 9ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ចូរ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្ដី​សប្បុរស នឹង​សេចក្ដី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ 10កុំ​ឲ្យ​សង្កត់‌សង្កិន​ស្រី​មេម៉ាយ ពួក​កំព្រា ពួក​អ្នក​ស្នាក់​នៅ ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ​បង្កើត​ការ​អាក្រក់ នៅ​ក្នុង​ចិត្ត ទាស់​នឹង​បង​ប្អូន​ខ្លួន​ដែរ 11ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​តាម​សោះ ក៏​គេច​ស្មា​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ​វិញ 12អើ គេ​បាន​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម​ដែក​ភ្លើង ក្រែង​គេ​ឮ​ក្រឹត្យ‌វិន័យ នឹង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​ទ្រង់​មក​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ពី​ដើម ដោយ​ហេតុ​នោះ​បាន​ជា​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង ចេញ​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក 13ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា ដូច្នេះ ទ្រង់​បាន​ស្រែក​ទៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា គេ​ក៏​នឹង​ស្រែក​ដែរ តែ​អញ​មិន​ព្រម​ស្តាប់​ដូច​គ្នា 14គឺ​អញ​នឹង​កំចាត់‌កំចាយ​គេ ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​មិន​បាន​ស្គាល់​ឡើយ ដូច្នេះ ស្រុក​ក៏​បាន​ស្ងាត់​ច្រៀប នៅ​ខាង​ក្រោយ​គេ ដល់‌ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទៀត​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​លំអ​ទៅ​ជា​ទី​ខូច​បង់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in