YouVersion Logo
Search Icon

កិច្ចការ 3

3
ពេត្រុស និង​យ៉ូហាន​ប្រោស​ជន​ពិការ​ម្នាក់​ឲ្យ​ជា
1នៅ​ពេល​ទូរអា​ម៉ោង​បី​រសៀល ពេត្រុស និង​យ៉ូហាន​បាន​ឡើង​ទៅ​ម៉ាស្ជិទ​ជា​មួយ​គ្នា។ 2រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ម៉ាស្ជិទ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ។ 3កាល​គាត់​ឃើញ​ពេត្រុស និង​យ៉ូហាន​កំពុង​ដើរ​ចូល​ម៉ាស្ជិទ គាត់​ក៏​សុំ​ទាន។ 4ពេត្រុស និង​យ៉ូហាន​សម្លឹង​មើល​មុខ​គាត់ រួច​ពោល​ថា៖ «សូម​មើល​មក​យើង!»។ 5គាត់​ក៏​ក្រឡេក​មើល​ទៅ​អ្នក​ទាំង​ពីរ ដោយ​សង្ឃឹម​នឹង​ទទួល​ប្រាក់។ 6ប៉ុន្ដែ ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក​ដូច្នេះ ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អ្នក​ភូមិ​ណាសារ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។ 7លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ​ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំ‌មួន 8គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ម៉ាស្ជិទ​ជា​មួយ​សាវ័ក​ទាំង​ពីរ​នាក់ ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​អុលឡោះ​ផង។
9ប្រជា‌ជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​អុលឡោះ 10គេ​ស្គាល់​ជាក់​ថា​អ្នក​នោះ​ហើយ​ដែល​តែង​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ម៉ាស្ជិទ​ឈ្មោះ «ទ្វារ​លំអ» គេ​ក៏​ភ័យ​ស្ញប់‌ស្ញែង ហើយ​ងឿង‌ឆ្ងល់​ជា​ខ្លាំង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គាត់។
សុន្ទរ‌កថា​របស់​ពេត្រុស​នៅ​ក្នុង​ម៉ាស្ជិទ
11បុរស​នោះ​នៅ​ជាប់​ជា​មួយ​ពេត្រុស និង​យ៉ូហាន​ជា‌និច្ច។ ប្រជា‌ជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម​រោម​អ្នក​ទាំង​ពីរ​នៅ​បរិវេណ​ស៊ូឡៃម៉ាន។ 12ពេត្រុស​ឃើញ​ដូច្នោះ ក៏​និយាយ​ទៅ​កាន់​ប្រជា‌ជន​ថា៖ «បង​ប្អូន​អ៊ីស្រ‌អែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បង​ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យ​ដើរ​រួច មក​ពី​អំណាច​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​?។ 13អុលឡោះ​ជា​ម្ចាស់​របស់​អ៊ី‌ព្រហ៊ីម របស់​អ៊ី‌សាហាក់ និង​របស់​យ៉ាកកូប ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរី‌រុង‌រឿង​មក​អ៊ីសា ជា​អ្នក​បម្រើ​ទ្រង់។ បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​គាត់ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​អ៊ីសា​ទៀត​ផង។ 14បង​ប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​បរិសុទ្ធ អ្នក​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម​ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតក​ទៅ​វិញ។ 15បង​ប្អូន​បាន​ឲ្យ​គេ​សម្លាប់​ម្ចាស់​នៃ​ជីវិត ប៉ុន្ដែ អុលឡោះ​បាន​ប្រោស​ឲ្យ​គាត់​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។ 16ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​នាម​អ៊ីសា គឺ​នាម​អ៊ីសា​ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ​បុរស​ដែល​បង​ប្អូន​ឃើញ ហើយ​ស្គាល់​នេះ​មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​អ៊ីសា ដូច​បង​ប្អូន​ឃើញ​ស្រាប់។
17បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង​ប្អូន​បាន​ប្រព្រឹត្ដ​ដូច្នោះ ទាំង​មិន​ដឹង​ខ្លួន។ 18ប៉ុន្ដែ អុលឡោះ​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ទ្រង់​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ណាពី​ទាំង​អស់ គឺ​ថា អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់​ត្រូវ​តែ​រង​ទុក្ខ​លំបាក។ 19ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​វិល​មក​រក​អុលឡោះ​វិញ ដើម្បី​ឲ្យ​ទ្រង់​លុប​បំបាត់​បាប​របស់​បង​ប្អូន។ 20អុលឡោះ‌ជាអម្ចាស់​នឹង​ប្រទាន​ឲ្យ​បង​ប្អូន​បាន​ស្គាល់​ពេល​សម្រាក ព្រម​ទាំង​ប្រទាន​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​មក​បង​ប្អូន ដូច​ទ្រង់​គ្រោង​ទុក​ជា​មុន។ 21ឥឡូវ​នេះ អ៊ីសា‌អាល់ម៉ា‌ហ្សៀស​នៅ​ឯ​សូរ៉កា រហូត​ដល់​អុលឡោះ​រៀប‌ចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ទ្រង់​មាន​បន្ទូល​ទុក តាម​រយៈ​ពួក​ណាពី​ដ៍​បរិសុទ្ធ​របស់​ទ្រង់ នៅ​ជំនាន់​ដើម​ស្រាប់។ 22ម៉ូសា​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​ខ្ញុំ​ងើប​ឡើង​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​គាត់​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គាត់​មាន​ប្រសាសន៍​ប្រាប់។ 23រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ណាពី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌រាស្ដ្រ”
24ណាពី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​បន្ទូល​នៃ​អុលឡោះ គឺ​ចាប់​តាំង​ពី​ណាពី​សាំយូ‌អែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។ 25បង​ប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ណាពី ហើយ​បង​ប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​ដែល​អុលឡោះ​បាន​ចង​ជា​មួយ​បុព្វ‌បុរស​ដែរ ដូច​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​អ៊ី‌ព្រហ៊ីម​ថា “ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក”26អុលឡោះ​បាន​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ងើប​ឡើង ហើយ​ចាត់​គាត់​ឲ្យ​មក​រក​បង​ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង​ប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for កិច្ចការ 3