YouVersion Logo
Search Icon

កំណើត​ពិភព​លោក 14

14
អ៊ីប្រាំ​ច្បាំង​ឈ្នះ​ស្តេច​ជា​ច្រើន
1នៅ​គ្រា​នោះ អាំរ៉ា‌ផែល ជា​ស្តេច​ស្រុក​ស៊ីណើរ អើយ៉ុក ជា​ស្តេច​ស្រុក​អេឡា‌សារ កេដូ‌ឡោមើរ ជា​ស្តេច​ស្រុក​អេឡាំ និង​ធីដាល ជា​ស្តេច​ស្រុក​កូយីម 2បាន​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង​នឹង​បេរ៉ា ជា​ស្តេច​ក្រុង​សូដុម ប៊ីសារ ជា​ស្តេច​ក្រុង​កូម៉ូរ៉ា ស៊ីណាប ជា​ស្តេច​ក្រុង​អាដម៉ា សេមេ‌ប៊ើរ ជា​ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ។ 3ស្តេច​ទាំង​នេះ​បាន​មក​បោះ​ទ័ព​ជា​មួយ​គ្នា នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​នៅ​សមុទ្រ​ប្រៃ។ 4ស្តេច​ទាំង​នេះ​នៅ​ជា​អ្នក​បម្រើ​របស់​ស្តេច​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទី​ដប់​បី​ក៏​នាំ​គ្នា​បះ​បោរ​ឡើង។ 5ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់​បួន ស្តេច​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​គាត់ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-កើណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម 6និង​ជន‌ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ជួរ​ភ្នំ​អែល‌បារ៉ាន ដែល​នៅ​ជិត​វាល​រហោ‌ស្ថាន។ 7រួច​ហើយ ស្តេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត គឺ​ក្រុង​កាដែស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូ‌រី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។
8ពេល​នោះ ស្តេច​ក្រុង​សូដុម ស្តេច​ក្រុង​កូម៉ូ‌រ៉ា ស្តេច​ក្រុង​អាដម៉ា ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្តេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម 9គឺ​តទល់​នឹង​ស្តេច​កេដូ‌ឡោមើរ ជា​ស្តេច​ស្រុក​អេឡាំ ស្តេច​ធីដាល ជា​ស្តេច​ស្រុក​កូយីម ស្តេច​អាំរ៉ា‌ផែល ជា​ស្តេច​ស្រុក​ស៊ីណើរ និង​ស្តេច​អើរយ៉ុក ជា​ស្តេច​ស្រុក​អេឡា‌សារ គឺ​ស្តេច​បួន​នាក់​តទល់​នឹង​ស្តេច​ប្រាំ​នាក់។ 10នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្តូង​ប្រេង​ជា​ច្រើន។ ស្តេច​ក្រុង​សូដុម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្តូង​នោះ ហើយ​ស្តេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។ 11រីឯ​ស្តេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។ 12គេ​ក៏​នាំ​ឡូត ជា​ក្មួយ​អ៊ីប្រាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ ឡូត​រស់​នៅ​ក្នុង​ក្រុង​សូដុម។ 13មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​អ៊ីប្រាំ ជា​ជន‌ជាតិ​ហេប្រឺ។ អ៊ីប្រាំ​តាំង​ទី​លំនៅ នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ។ តា​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​អែសកុល និង​អាន់នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​អ៊ីប្រាំ។ 14កាល​អ៊ីប្រាំ​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​គាត់​យក​ទៅ​ជា​ឈ្លើយ​សឹក គាត់​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ​សន្តាន នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ដេញ​តាម​ស្តេច​ទាំង​នោះ រហូត​ទៅ​ដល់​ក្រុង​ដាន់។ 15គាត់​បាន​ចែក​កង‌ទ័ព​របស់​គាត់​ជា​ក្រុមៗ រួច​វាយ​ស្តេច​ទាំង​នោះ នៅ​ពេល​យប់។ គាត់​វាយ​ឈ្នះ​ស្តេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ 16គាត់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​ឡូត​ជា​បង‌ប្អូន​របស់​គាត់ ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។
អ៊ីប្រាំ និង​ស្តេច​ម៉ិលគី‌ស្សាដែក
17ក្រោយ​ពេល​ដែល​អ៊ីប្រាំ​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្តេច​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ស្តេច។ 18ស្តេច​ម៉ិលគី‌ស្សាដែក ជា​ស្តេច​នៅ​ក្រុង​សាឡឹម បាន​ឲ្យ​គេ​យក​នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​មក​ជូន​អ៊ីប្រាំ។ ស្តេច​ជា​អ៊ីមុាំ​បម្រើ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ 19ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖
«សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី
ប្រទាន​ពរ​ដល់​អ៊ីប្រាំ
20សូម​លើក​តម្កើង​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​ឡាយ
មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់!»។
អ៊ីប្រាំ​បាន​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​រឹប​អូស​បាន មក​ជូន​ស្តេច​ម៉ិលគី‌ស្សាដែក​មួយ​ភាគ​ដប់។
21ស្តេច​ក្រុង​សូដុម​មាន​ប្រសាសន៍​ទៅ​កាន់​អ៊ីប្រាំ​ថា៖ «សូម​អ្នក​ប្រគល់​ប្រជា‌ជន​មក​យើង ហើយ​ទុក​ទ្រព្យ​សម្បត្តិ​សម្រាប់​អ្នក​ទៅ»។ 22អ៊ីប្រាំ​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​សូដុម​វិញ​ថា៖ «ខ្ញុំ​សូម​យកអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ធ្វើ​ជា​សាក្សី​ថា 23ខ្ញុំ​មិន​យក​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ស្តេច​សោះ​ឡើយ សូម្បី​តែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ក៏​ខ្ញុំ​មិន​យក​ដែរ កុំ​ឲ្យ​ស្តេច​មាន​ប្រសាសន៍​ថា “យើង​បាន​ធ្វើ​ឲ្យ​អ៊ីប្រាំ​ទៅ​ជា​អ្នក​មាន”។ 24ខ្ញុំ​មិន​ចង់​បាន​អ្វី​ឡើយ គឺ​សុំ​តែ​ម្ហូប​អាហារ​សម្រាប់​ពួក​យុវ‌ជន ដែល​មក​ច្បាំង​ជា​មួយ​ខ្ញុំ និង​សុំ​យក​អ្វីៗ​ជា​ចំណែក​របស់​អស់​អ្នក ដែល​មក​ជា​មួយ​ខ្ញុំ​ប៉ុណ្ណោះ គឺ​របស់​អាន់នើរ អេសកុល និង​ម៉ាមរ៉េ។ អ្នក​ទាំង​នោះ​នឹង​យក​អ្វីៗ​ដែល​ជា​ចំណែក​របស់​ខ្លួន ដោយ​ខ្លួន​ឯង​ផ្ទាល់»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for កំណើត​ពិភព​លោក 14