YouVersion Logo
Search Icon

យ៉ះយ៉ា 11

11
លោក​ឡាសារ​ស្លាប់
1នៅ​ភូមិ​បេត‌ថានី មាន​បុរស​ម្នាក់​ឈ្មោះ ឡាសារ គាត់​មាន​ជំងឺ។ នាង​ម៉ាថា និង​នាង​ម៉ារី​ជា​បង​ស្រី​របស់​គាត់ ក៏​រស់​នៅ​ក្នុង​ភូមិ​នោះ​ដែរ។ 2នាង​ម៉ារី​នេះ ជា​ស្ដ្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ជើង​របស់​អ៊ីសា‌ជាអម្ចាស់ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។ 3នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់ អ្នក​ដែល​លោក​ម្ចាស់​ស្រឡាញ់ កំពុង​តែ​មាន​ជំងឺ»។ 4កាល​អ៊ីសា​ជ្រាប​ដំណឹង​នេះ គាត់​មាន​ប្រសាសន៍​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រម​ទាំង​ឲ្យ​បុត្រា​របស់​ទ្រង់​សំដែង​សិរី‌រុង‌រឿង​វិញ»។
5អ៊ីសា​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។ 6កាល​អ៊ីសា​ជ្រាប​ដំណឹង​ថា លោក​ឡាសារ​មាន​ជំងឺ អ៊ីសា​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត 7បន្ទាប់​មក​អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «យើង​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។ 8ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន ជន‌ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​តួន​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​តួន​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។ 9អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ដប់‌ពីរ​ម៉ោង អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ដួល​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។ 10ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដើរ​នៅ​ពេល​យប់ អ្នក​នោះ​មុខ​តែ​ជំពប់​ជើង​ដួល​ជា​មិន​ខាន ព្រោះ​គេ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​ទេ»។ 11ក្រោយ​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ដ​សម្លាញ់​របស់​យើង​សម្រាន្ត​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ 12ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ប្រសិន​បើ​គាត់​សម្រាន្ត​លក់​ដូច្នេះ គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ 13តាម​ពិត​អ៊ីសា​ចង់​មាន​ប្រសាសន៍​ថា លោក​ឡាសារ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្ដែ ពួក​សិស្ស​ស្មាន​ថា​អ៊ីសា​មាន​ប្រសាសន៍​ថា គាត់​សម្រាន្ត​លក់​ធម្មតា។ 14ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ 15បើ​គិត​ពី​ប្រយោជន៍​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ចិត្ដ ដោយ​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ។ ឥឡូវ​នេះ​យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។ 16ពេល​នោះ សិស្ស​ថូ‌ម៉ាស់ ហៅ​ឌីឌីម ពោល​ទៅ​សិស្ស​ឯ​ទៀត​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​រួម​ស្លាប់​ជា​មួយ​គាត់​ដែរ!»។
ណាពី​អ៊ីសា​ជា​អ្នក​ផ្ដល់​ជីវិត​រស់​ឡើង​វិញ
17កាល​អ៊ីសា​ទៅ​ដល់ អ៊ីសា​ក៏​ជ្រាប​ថា​គេ​បាន​ដាក់​សព​លោក​ឡាសារ​ក្នុង​ផ្នូរ បួន​ថ្ងៃ​ហើយ។ 18ភូមិ​បេថានី​មាន​ចម្ងាយ​ប្រមាណ​បី​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ 19មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។
20កាល​នាង​ម៉ាថា​បាន​ដឹង​ថា អ៊ីសា​មក​ដល់ នាង​ក៏​ចេញ​ទៅ​ទទួល​អ៊ីសា រីឯ​នាង​ម៉ារី​វិញ នាង​អង្គុយ​នៅ​ក្នុង​ផ្ទះ។ 21នាង​ម៉ាថា​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ប្រសិន​បើ​លោក​ម្ចាស់​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។ 22ប៉ុន្ដែ ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា​បើ​តួន​សុំ​អ្វី​ពី​អុលឡោះ​ក៏​ដោយ អុលឡោះ​មុខ​ជា​នឹង​ប្រទាន​ឲ្យ​មិន​ខាន»។ 23អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។ 24នាង​ជម្រាប​ទៅ​អ៊ីសា​វិញ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត កាល​ណា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ប្អូន​នាង​ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ»។ 25អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។ 26រីឯ​អស់​អ្នក​ដែល​កំពុង​តែ​មាន​ជីវិត​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ មិន​ស្លាប់​សោះ​ឡើយ តើ​នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។ 27នាង​ម៉ាថា​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​ជឿ​ថា អ្នក​ពិត​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ ហើយ​ពិត​ជា​អ្នក​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។
ណាពី​អ៊ីសា​ខឹង
28នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ ក៏​ចេញ​ទៅ​ហៅ​នាង​ម៉ារី​ជា​ប្អូន​ដោយ​ស្ងាត់ៗ​ថា៖ «តួន​មក​ដល់​ហើយ តួន​ហៅ​ប្អូន​ឯង»។ 29នាង​ម៉ារី​ឮ​ហើយ​ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​ជួប​អ៊ីសា​ជា​ប្រញាប់។ 30ពេល​នោះ អ៊ីសា​ពុំ​ទាន់​ដើរ​ចូល​ក្នុង​ភូមិ​នៅ​ឡើយ​ទេ គឺ​គាត់​នៅ​កន្លែង​ដែល​នាង​ម៉ាថា​ទៅ​ជួប។ 31ជន‌ជាតិ​យូដា ដែល​មក​ជួយ​រំលែក​ទុក្ខ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ម៉ារី ឃើញ​នាង​ស្ទុះ​ក្រោក​ឡើង ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ខាង​ក្រៅ​ដូច្នេះ ក៏​នាំ​គ្នា​ចេញ​ទៅ​តាម ព្រោះ​គេ​ស្មាន​ថា​នាង​ទៅ​យំ​ឯ​ផ្នូរ។ 32លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​អ៊ីសា​នៅ​ហើយ នាង​ឃើញ​អ៊ីសា​ក៏​ក្រាប​ដល់​ជើង​និយាយ​ថា៖ «អ៊ីសា‌ជាអម្ចាស់! ប្រសិន​បើ​លោក​ម្ចាស់​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។ 33ពេល​អ៊ីសា​ឃើញ​នាង​ម៉ារី និង​ជន‌ជាតិ​យូដា​ដែល​មក​ជា​មួយ​នាង​យំ​ដូច្នេះ អ៊ីសា​រំជួល​ចិត្ត ហើយ​រន្ធត់​ជា​ខ្លាំង​ផង។ 34អ៊ីសា​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «សូម​អញ្ជើញ​មក​លោក​ម្ចាស់​នឹង​ឃើញ»។ 35ពេល​នោះ អ៊ីសា​បាន​យំ។ 36ជន‌ជាតិ​យូដា​នាំ​គ្នា​ពោល​ថា៖ «មើល៍! គាត់​ស្រឡាញ់​ឡាសារ​ខ្លាំង​ណាស់!»។ 37ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «គាត់​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ឃើញ ម្ដេច​ក៏​គាត់​មិន​ធ្វើ​ឲ្យ​ឡាសារ​គេច​ផុត​ពី​ស្លាប់​ផង​ទៅ!»។
ណាពី​អ៊ីសា​ប្រោស​ឡាសារ​ឲ្យ​បាន​រស់​ឡើង​វិញ
38អ៊ីសា​រំជួល​ចិត្ត​ម្ដង​ទៀត រួច​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ​មាន​ថ្ម​បាំង​នៅ​មាត់​រូង។ 39អ៊ីសា​ប្រាប់​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។ 40អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា​បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរី‌រុង‌រឿង​របស់​អុលឡោះ»។ 41គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ អ៊ីសា​ងើប​មុខ​មើល​ទៅ​លើ មាន​ប្រសាសន៍​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ខ្ញុំ​សូម​អរ​គុណ​ទ្រង់ ដែល​បាន​ស្តាប់​ខ្ញុំ។ 42ចំពោះ​ខ្ញុំ ខ្ញុំ​ដឹង​ថា ទ្រង់​ស្តាប់​ខ្ញុំ​ជានិច្ច ប៉ុន្ដែ ខ្ញុំ​សុំ​ទ្រង់​ដូច្នេះ ដើម្បី​ឲ្យ​បណ្ដា‌ជន​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ​ជឿ​ថា ទ្រង់​ពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន»។ 43លុះ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​ហើយ អ៊ីសា​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។ 44ពេល​នោះ លោក​ឡាសារ​ដែល​បាន​ស្លាប់ ក៏​ចេញ​ពី​ផ្នូរ​មក មាន​ទាំង​ក្រណាត់​រុំ​ដៃ​ជើង និង​កន្សែង​គ្រប​មុខ​ផង។ អ៊ីសា​ប្រាប់​ទៅ​ពួក​គេ​ថា៖ «សុំ​ស្រាយ​ក្រណាត់​ចេញ​ពី​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។
ការ​ឃុប​ឃិត​ចាប់​ណាពី​អ៊ីសា
45ជន‌ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី​បាន​ឃើញ​អ៊ីសា​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​អ៊ីសា។ 46ប៉ុន្ដែ មាន​គ្នា​គេ​ខ្លះ​ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី រៀប​រាប់​នូវ​កិច្ចការ​ដែល​អ៊ីសា​បាន​ធ្វើ។ 47ពេល​នោះ ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មក​ប្រជុំ​ហើយ​ពោល​ថា៖ «អ្នក​នោះ​បាន​ធ្វើ​ទី​សំគាល់​ជា​ច្រើន តើ​យើង​គិត​ធ្វើ​ដូច​ម្ដេច?។ 48ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជា‌ជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន‌ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ម៉ាស្ជិទ និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។ 49នៅ​ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ឈ្មោះ កៃផា ដែល​ជា​មូស្ទី​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​ពុំ​យល់​អ្វី​សោះ! 50តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នាក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ដ្រ​នោះ ប្រសើរ​ជាង​ទុក​ឲ្យ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។ 51លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​មែន​ផុស​ចេញ​ពី​គំនិត​ខ្លួន​ឯង​ផ្ទាល់​ឡើយ គឺ​ក្នុង​ឋានៈ​ជា​មូស្ទី​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា អ៊ីសា​ត្រូវ​ស្លាប់ ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​យូដា 52មិន​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សាសន៍​នេះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ឲ្យ​កូន​ចៅ​របស់​អុលឡោះ ដែល​បែក​ខ្ញែក​គ្នា មក​រួប‌រួម​ជា​ប្រជា‌ជន​តែ​មួយ។ 53តាំង​ពី​ថ្ងៃ​នោះ​មក ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​សម្រេច​សម្លាប់​អ៊ីសា។ 54ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​ទៅ​មក ដោយ​ចេញ​មុខ​ឲ្យ​ជន‌ជាតិ​យូដា​ឃើញ​ទៀត​ឡើយ គឺ​អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ជិត​វាល​រហោ‌ស្ថាន ត្រង់​ភូមិ​មួយ​ឈ្មោះ​អេ‌ប្រា‌អ៊ីម ហើយ​អ៊ីសា​ស្នាក់​នៅ ក្នុង​ភូមិ​នោះ​ជា​មួយ​ពួក​សិស្ស។ 55ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។ 56គេ​រក​អ៊ីសា ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ម៉ាស្ជិទ​ថា៖ «អ្នក​គិត​ដូច​ម្ដេច? គាត់​មិន​ហ៊ាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទេ​មើល​ទៅ!»។ 57ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​អ៊ីសា​នៅ​ឯ​ណា ត្រូវ​ប្រាប់​គេ ដើម្បី​ឲ្យ​គេ​ចាប់​អ៊ីសា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in