YouVersion Logo
Search Icon

យ៉ះយ៉ា 12

12
នាង​ម៉ារី​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ណាពី​អ៊ីសា
1ប្រាំ​មួយ​ថ្ងៃ មុន​បុណ្យ​រំលង អ៊ីសា​មក​ភូមិ​បេត‌ថានី ជា​ភូមិ​របស់​លោក​ឡាសារ ដែល​គាត់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ 2នៅ​ទី​នោះ គេ​រៀប‌ចំ​ជប់‌លៀង​ជូន​អ៊ីសា។ នាង​ម៉ាថា​បម្រើ​ភ្ញៀវ រីឯ​លោក​ឡាសារ​អង្គុយ​រួម​តុ​ជា​មួយ​អ៊ីសា និង​អ្នក​ឯ​ទៀត។ 3នាង​ម៉ារី​យក​ប្រេង​ក្រអូប​កន្លះ‌លីត្រ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លប់ មក​ចាក់​លាប​ជើង​អ៊ីសា រួច​យក​សក់​នាង​ជូត​ក្លិន​ប្រេង​ក្រអូប​សាយ​ពេញ​ផ្ទះ។ 4ពេល​នោះ​សិស្ស​ម្នាក់​ឈ្មោះ​យូដាស​អ៊ីស្កា‌រីយ៉ុត ដែល​នឹង​នាំ​គេ​មក​ចាប់​អ៊ីសា​ពោល​ឡើង​ថា៖ 5«ម្ដេច​ក៏​មិន​យក​ប្រេង​ក្រអូប ដែល​មាន​តម្លៃ​បី​រយ​ដួង​ទៅ​លក់​យក​ប្រាក់​ចែក​ឲ្យ​ជន​ក្រី‌ក្រ​វិញ?»។ 6គាត់​និយាយ​ដូច្នេះ មិន​មែន​មក​ពី​គាត់​យក​ចិត្ដ​ទុក​ដាក់​នឹង​អ្នក​ក្រ​ទេ គឺ​មក​ពី​គាត់​ជា​ចោរ គាត់​កាន់​ថង់​ប្រាក់ ហើយ​តែង​លួច​យក​ប្រាក់​ដែល​គេ​ដាក់​ក្នុង​ថង់​នោះ។ 7ប៉ុន្ដែ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​បំណង​ចិត្ដ​នាង​ទៅ! នាង​ចាក់​ប្រេង​ក្រអូប​នេះ​សម្រាប់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។ 8អ្នក​ក្រី‌ក្រ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ»។
ការ​ឃុប​ឃិត​ចង់​សម្លាប់​លោក​ឡាសារ
9ជន‌ជាតិ​យូដា​ច្រើន​កុះ‌ករ​បាន​ឮ​ដំណឹង​ថា អ៊ីសា​នៅ​ភូមិ​បេត‌ថានី គេ​នាំ​គ្នា​មក​មិន​មែន​គ្រាន់​តែ​ចង់​ឃើញ​អ៊ីសា​ប៉ុណ្ណោះ​ទេ គឺ​ចង់​ឃើញ​លោក​ឡាសារ​ដែល​អ៊ីសា​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ថែម​ទៀត​ផង។ 10ពួក​អ៊ីមុាំ​បាន​សម្រេច​ចិត្ដ​សម្លាប់​លោក​ឡាសារ​ដែរ 11ព្រោះ​តែ​គាត់​នេះ​ហើយ បាន​ជា​មាន​ជន‌ជាតិ​យូដា​ជា​ច្រើន បែក​ចេញ​ពី​ពួក​គេ​មក​ជឿ​លើ​អ៊ីសា។
ណាពី​អ៊ីសា​ចូល​ក្រុង​យេរូ‌សាឡឹម
12នៅ​ថ្ងៃ​បន្ទាប់ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចូល​រួម​ធ្វើ​បុណ្យ​រំលង។ កាល​គេ​ឮ​ដំណឹង​ថា អ៊ីសា​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម 13គេ​នាំ​គ្នា​កាច់​ធាង​ទន្សែ កាន់​មក​ទទួល​អ៊ីសា​ទាំង​ស្រែក​ថា៖
«ជយោ! សូម​អុលឡោះ​ប្រទាន​ពរ​ដល់​គាត់
ដែល​មក ក្នុង​នាម​អុលឡោះ‌ជាអម្ចាស់
គឺ​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល!»
14អ៊ីសា​រក​បាន​កូន​លា​មួយ ហើយ​គាត់​ជិះ​លើ​ខ្នង​វា ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា៖
15«ប្រជា‌ជនក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី!
មើល​ហ្ន៎ ស្តេច​របស់​អ្នក
មក​ដល់​ហើយ
គាត់​នៅ​លើ​ខ្នង​កូន​លា»
16នៅ​ពេល​នោះ ពួក​សិស្ស​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​អ៊ីសា​បាន​សំដែង​សិរី‌រុង‌រឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​អ៊ីសា ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន ឲ្យ​អ៊ីសា​ស្រប​តាម​គីតាប​ដែរ។ 17អស់​អ្នក​ដែល​នៅ​ជា​មួយ​អ៊ីសា​កាល​គាត់​ហៅ​លោក​ឡាសារ​ចេញ​ពី​ផ្នូរ ហើយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នោះ នាំ​គ្នា​ផ្ដល់​សក្ខី‌ភាព អំពី​កិច្ចការ​ដែល​អ៊ីសា​បាន​ធ្វើ។ 18បណ្ដា‌ជន​មក​ទទួល​អ៊ីសា​ដ្បិត​គេ​បាន​ឮ​ថា គាត់​បាន​ធ្វើ​ទី​សំគាល់​នេះ។ 19ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ យើង​មិន​អាច​ឈ្នះ​បាន​ឡើយ! មនុស្ស‌ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់!»។
ជន‌ជាតិ​ក្រិក​ចង់​ជួប​ណាពី​អ៊ីសា
20ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​អុលឡោះ​ក្នុង​ឱកាស​បុណ្យ​រំលង មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។ 21គេ​ចូល​ទៅ​ជិត​លោក​ភីលីព​ជា​អ្នក​ភូមិ​បេត‌សៃ‌ដា​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក! យើង​ខ្ញុំ​ចង់​ជួប​អ៊ីសា»។ 22លោក​ភីលីព​ទៅ​ប្រាប់​លោក​អន‌ទ្រេ ហើយ​លោក​អន‌ទ្រេ និង​លោក​ភីលីព ចូល​ទៅ​ជម្រាប​អ៊ីសា។ 23អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រា​មនុស្ស​ត្រូវ​សំដែង​សិរី‌រុង‌រឿង​ហើយ។ 24ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់​វា​នឹង​បង្កើត​ផល​បាន​ច្រើន។ 25អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ដ​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ​នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ 26បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ អុលឡោះ​ជា​បិតា​នឹង​លើក​កិត្ដិយស​អ្នក​នោះ»។
ណាពី​អ៊ីសា​ប្រាប់​ថា​គាត់ និង​ស្លាប់
27«ឥឡូវ​នេះ ខ្ញុំ​រន្ធត់​ចិត្ដ​ណាស់ មិន​ដឹង​ជា​នឹង​សុំ​ថា​ដូច​ម្ដេច​ឡើយ។ ឱ​អុលឡោះ​ជា​បិតា​អើយ សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្ដែ ខ្ញុំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។ 28អុលឡោះ​ជា​បិតា​អើយ សំដែង​សិរី‌រុង‌រឿង នាម​របស់​ទ្រង់​ឡើង»។ ពេល​នោះ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សំដែង​សិរី‌រុង‌រឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សំដែង​សិរី‌រុង‌រឿង​ជា​ថ្មី​ទៀត»។
29បណ្ដា‌ជន​នៅ​ទី​នោះ បាន​ឮ​សំឡេង ក៏​ពោល​ថា «សន្ធឹក​ផ្គរ‌លាន់» អ្នក​ខ្លះ​ទៀត ពោល​ថា «មាន​ម៉ាឡា‌អ៊ីកាត់​និយាយ​មក​អ៊ីសា»។ 30អ៊ីសា​មាន​ប្រសាសន៍​ថា៖ «សំឡេង​នេះ បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា​មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ 31ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។ 32រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ 33អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​ប្រាប់​គេ​អំពី​របៀប​ដែល​គាត់​ត្រូវ​ស្លាប់។ 34បណ្ដា‌ជន​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ហ៊ូកុំ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ? 35តើ​នរណា​ជា​បុត្រា​មនុស្ស​នោះ?»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ប៉ុណ្ណោះ។ ចូរ​នាំ​គ្នា​ដើរ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​ពន្លឺ​នៅ​ឡើយ ក្រែង‌លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ ដ្បិត​អ្នក​ដើរ​ក្នុង​សេចក្ដី​ងងឹត​ពុំ​ដឹង​ថា​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ទេ។ 36ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​ឲ្យ​បាន​ទៅ​ជា​បុត្រ​ធីតា​នៃ​ពន្លឺ»។ កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​ហើយ គាត់​ចេញ​ទៅ​លាក់​ខ្លួន មិន​ឲ្យ​បណ្ដា‌ជន​ឃើញ។
បណ្ដា‌ជន​មិន​ព្រម​ជឿ​ណាពី​អ៊ីសា
37ទោះ​បី​អ៊ីសា​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ឲ្យ​គេ​ឃើញ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ពុំ​ជឿ​លើ​គាត់​ដដែល 38គឺ​ស្រប​តាម​សេចក្ដី​ដែល​ណាពី​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖
«ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​នរណា​ជឿ​សេចក្ដី
ដែល​យើង​និយាយ​ប្រាប់?
តើ​អុលឡោះ‌ជាអម្ចាស់​បាន​សំដែង​ឫទ្ធិ‌បារមី
ឲ្យ​នរណា​ឃើញ?»
39គេ​ពុំ​អាច​ជឿ​បាន​ឡើយ ស្រប​តាម​សេចក្ដី​ដែល​ណាពី​អេសាយ​បាន​ថ្លែង​ទៀត​ថា៖
40 «អុលឡោះ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់
ឲ្យ​ចិត្ដ​គេ​រឹង
មិន​ឲ្យ​ភ្នែក​គេ​ឃើញ
មិន​ឲ្យ​ប្រាជ្ញា​គេ​យល់
ហើយ​មិន​ឲ្យ​គេ​ងាក​មក​រក​យើង
ក្រែង‌លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា»
41ណាពី​អេសាយ​ពោល​ពាក្យ​ទាំង​នេះ មក​ពី​គាត់​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​អ៊ីសា ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​អ៊ីសា។
42ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​អ៊ីសា​ដែរ ប៉ុន្ដែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ 43ដ្បិត​ពួក​គេ​ចូល​ចិត្ដ​ទទួល​ការ​សរសើរ​ពី​មនុស្ស ជា​ជាង​ទទួល​ការ​សរសើរ​ពី​អុលឡោះ។
44អ៊ីសា​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «អ្នក​ណា​ជឿ​លើ​ខ្ញុំ មិន​ត្រឹម​តែ​ជឿ​លើ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជឿ​លើ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។ 45អ្នក​ណា​ឃើញ​ខ្ញុំ​អ្នក​នោះ​ក៏​ឃើញ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។ 46ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត។ 47បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ​ហើយ តែ​មិន​ប្រតិបត្ដិ​តាម មិន​មែន​ខ្ញុំ​ទេ​ដែល​កាត់​ទោស​អ្នក​នោះ ដ្បិត​ខ្ញុំ​មក មិន​មែន​ដើម្បី​កាត់​ទោស​មនុស្ស​លោក​ទេ គឺ​ខ្ញុំ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ។ 48អ្នក​ណា​ផាត់​ខ្ញុំ​ចោល ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ‌ក្រម​កាត់​ទោស​រួច​ស្រេច​ទៅ​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ 49ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នេះ មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ទេ គឺ​អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​បង្គាប់​ខ្ញុំ​នូវ​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ និង​ថ្លែង។ 50ខ្ញុំ​ដឹង​ថា​បទ​បញ្ជា​របស់​អុលឡោះ​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច។ សេចក្ដី​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​ដូច​អុលឡោះ​ជា​បិតា​មាន​បន្ទូល​មក​ខ្ញុំ​ដែរ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in